ខេត្តស្វាយរៀង ៖ ផ្លូវកៅស៊ូ១ខ្សែតភ្ជាប់ពីស្រុកកំពង់រោទិ៍ ទៅស្រុកចន្ទ្រាបានក្លាយទៅជាផ្លូវដី មានជង្ហុក រណ្តៅ ក្រហេងក្រហូងជាច្រើនគីឡូម៉ែត្រ និងកន្លែងខ្លះគឺបាក់ស្រុតខូចទាំងស្រុង ដោយសារតែរថយន្តយីឌុបធុនយក្សប្រភេទវ៉េអងដឹកទំនិញលើសទម្ងន់សង្ស័យជាទំនិញគេចពន្ធ ហើយបើកបរធ្វើចរាចរណ៍នៅលើដងផ្លូវតាមជនបទ បង្កឲ្យបាក់ស្រុតផ្លូវបែកល្បាប់ ពិបាកធ្វើដំណើរយ៉ាងខ្លាំង ជាពិសេស សិស្សានុសិស្សធ្វើដំណើរតាមកង់ម៉ូតូទៅសាលារៀន។
ប្រជាពលរដ្ឋលើកឡើងនេះកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១១ កក្កដា ២០២៤នៅភូមិត្នោត ឃុំត្នោត ស្រុកកំពង់រោទ៌៍ ។ បើតាមសមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មានយើងថា ផ្លូវក្រាលកៅស៊ូ០១ខ្សែនេះ តភ្ជាប់ពីឃុំត្នោតស្រុកកំពង់រោទ៌ ទៅឃុំច្រេស ឃុំចន្ទ្រា និងឃុំទួលស្តីស្រុកចន្ទ្រា មានអ្នកធ្វើដំណើរទៅមកជាច្រើន កំពុងរងការបាក់ស្រុតខូច ក្រហេងក្រហូងជារណ្តៅធំៗ ផ្លូវកៅស៊ូក្លាយទៅជាផ្លូវដី ក្រឡុក ធំៗ ពិបាកក្នុងការធ្វើដំណើរជាខ្លាំង ដោយសារតែរថយន្តយីឌុប ប្រភេទវ៉េអង ដឹកទំនិញ ធ្ងន់ៗទាំងយប់ទាំងថ្ងៃ គឺមិនមែន២០តោនទេគឺចាប់ពី៤០តោន ទៅ៥០តោន ធ្វើចរាចរណ៍លើដងផ្លូវ បណ្តាលឲ្យបាក់ស្រុតផ្លូវក្លាយជារណ្តៅសំបុកមាន់ បែកល្បាប់បង្កឲ្យរអឹលពិបាកធ្វើដំណើរយ៉ាងខ្លាំងនៅរដូវវស្សានេះ។
ប្រជាពលរដ្ឋនៅភូមិទួលស្តីឃុំទួលស្តីស្រុកចន្ទ្រា បានលើកឡើងដែរថា ផ្លូវនេះគឺជាផ្លូវក្រាលកៅស៊ូ ដែលសាងសង់ដោយកងវិស្វកម្ម សម្តេចតេជោ ហើយប្រជាពលរដ្ឋបានធ្វើដំណើរស្រួលបាន២-៣ឆ្នាំ ក៏ត្រូវខូចអស់វិញ ដោយផ្លូវនេះមានរថយន្តធ្វើចរាចរណ៍ច្រើន គឺមានរថយន្តដឹកស្រូវ ដឹកស្កស ដឹកដីដឹកខ្សាច់ ដឹកថ្ម និងដឹកទំនិញជាច្រើនប្រភេទ ធ្វើចរាចរណ៍ទាំងយប់ទាំងថ្ងៃ ក្រុមឈ្មួញប្រើប្រាស់រថយន្តធុនធំ យីឌុបប្រភេទវ៉េអង ដឹកទំនិញធ្ងន់ៗបណ្តាលឲ្យស្រុតផ្លូវក្រាលកៅស៊ូទាំងស្រុងគឺរបើកកៅស៊ូអស់ ក្លាយទៅជាផ្លូវដី កាលពីខែប្រាំងដីហុយ ពេលរដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ក្លាយជាល្បាប់ដីឥដ្ឋ បង្កឲ្យរអឹលពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ផ្លូវខូចចាប់ពីភូមិទួលស្តីឃុំទួលស្តី ភូមិសែន.ត ភូមិគោកតែកឃុំចន្ទ្រា ឃុំច្រេស ស្រុកចន្ទ្រារហូតដល់ឃុំត្នោតស្រុកកំពង់រោទ៌។
ប្រភពបន្តថា រថយន្តធុនយក្ស ដឹកទំនិញទាំងយប់ទាំងថ្ងៃយកទៅសាងនៅច្រករបៀងជិតប៉ុស្ត៍ការពារព្រំដែន ទួលស្តី និងច្រករបៀងនៃប៉ុស្ត៍នគបាលវរះការពារព្រំដែនគោកតែក សង្ស័យជាទំនិញគេចពន្ធ ត្រៀមឆ្លងដែនទៅប្រទេវៀតណាម មិនដឹងថាជាទំនិញអ្វីទេ ។
មហាជនបានលើកឡើងថា រថយន្តធុនយក្សទាំងនេះដឹកទំនិញមករាល់ថ្ងៃសង្ស័យថា ជាទំនិញគេចពន្ធមិនដែលឃើញសមត្ថកិច្ចណា ពិនិត្យនិងបង្ក្រាបឡើយ។ ប្រជាពលរដ្ឋបានសំណូមពរសូមឲ្យអាជ្ញាធរមេត្តា ជួសជុលផ្លូវ១ខ្សែនេះឡើងវិញដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរស្រួលផង។
ទាក់ទិនករណីនេះដែរ លោកសំ លីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង បានមានប្រសាសន៍ថា បន្ទាប់ពីឃើញផ្លូវស្រុតខូចនេះ មន្ទីរ និងអាជ្ញាធរខេត្តបានលើកគម្រោងសំណើទៅក្រសួងហើយ ដើម្បីជួសជុលផ្លូវនេះឡើងវិញ ក៏ប៉ុន្តែមិនទាន់ធ្លាក់ថវិកាមក ដូច្នេះ សូមប្រជាពលរដ្ឋយោគយល់ ។
ផ្លូវសាងសង់ស្អាតល្អហើយ ក៏ប៉ុន្តែដោយសារ រថយន្តតូចធំដឹកទំនិញធ្ងន់ៗធ្វើចរាចរណ៍ ទើបផ្លូវឆាប់ស្រុតខូចបែបនេះ។ ទាក់ទិនករណីនេះដែរមិនអាចរកការបំភ្លឺពីលោកវរៈសេនីយ៍យ៉ន សុផល ប្រធានវរៈការពារព្រំដែនលេខ៦០៩បានទេ ទូរសព្ទ័ជាច្រើនលើក ក៏ប៉ុន្តែមិនអាចទំនាក់ទំនងបាន។ ចំណែកលោកប្រធានទីស្នាក់ការគយ និងរដ្ឋាករសាខាខេត្តស្វាយរៀងក៏មិនអាចទំនាក់ទំនងបានដែរ ។
មហាជនអំពាវនាវដល់លោកអភិបាលខេត្តស្វាយរៀង មេត្តាពិនិត្យដោះស្រាយបញ្ហា រថយន្តធុនយក្សដឹកទំនិញបំផ្លាញផ្លូវ ក្រាលកៅស៊ូ១ខ្សែជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋស្រុកចន្ទ្រានិងស្រុកកំពង់រោទ៍បានធ្វើដំណើរស្រួលផង៕
ចែករំលែកព័តមាននេះ