បណ្តារដ្ឋធានីនៅបណ្តាប្រទេសអាស៊ាននៅពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្មានរដ្ឋធានីណាមួយអាចគេចផុតពីគ្រោះទឹកជំនន់ទឹកភ្លៀងបានឡើយឲ្យតែកម្រិតទឹកភ្លៀងបង្អុរធ្លាក់មកចាប់ពីកម្រិតជាង១០០ម.ម រយៈពេលចាប់ពីជាងកន្លះម៉ោងឡើងលើ ។
មកដល់ពេលនេះមិនថា រាជធានីភ្នំពេញ រាជធានីបាងកក ឫរដ្ឋធានីហាណូយ ទីក្រុងសិង្ហបុរី ឫក៏ហ្សាកាតា និងវៀងច័ន្ទនោះឡើង គឺ សុទ្ធតែធ្លាប់ទទួលរងនូវជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ ។
ជាក់ស្តែងដូចជា រាជធានីភ្នំពេញ ភ្លៀងដែលបានទម្លាក់ចុះមកកម្រាសប្រមាណជា ១៥៣ម.ម កាលពីថ្ងៃទី០៣ ខែកក្កដា កន្លងទៅថ្មីៗនេះ ប្រមាណជាជាងកន្លះម៉ោង គឺបង្កឲ្យមានជំនន់ទឹកភ្លៀងយ៉ាងខ្លាំងនៅកណ្តាលខណ្ឌសែនសុខ មានជ័យ ច្បារអំពៅ ពោធិ៍សែនជ័យ ហើយនៅកណ្តាលទីប្រជុំជនក៏មានផ្លូវខ្លះលេចទឹកសឹងអណ្តែតម៉ូតូ និងរថយន្តផងដែរ ។ សម្រាប់ប្រទេសថៃ នៅក្នុងរដូវវស្សាឆ្នាំនេះ អាជ្ញាធររាជធានីបាងកកក៏បានព្រមានទុកជាមុនផងដែរ អំពីហានិភ័យនានាពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀងរដូវវស្សានេះ ។
យោងតាមសារព័ត៌មាន the Nation បានឲ្យដឹងថា ករណីដូចជាភ្លៀង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានធ្លាក់ចុះមកត្រឹមប្រមាណជា១៤០,៥ ម.ម រយៈពេលប្រមាណជាជិតមួយម៉ោងវាបានពន្លិចសង្កាត់មួយចំនួន ជាពិសេស គឺផ្លូវនៅម្តុំសុខុមវីត ដែលជាជាកន្លែងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ថៃ និងវិថីនៅតាមសង្កាត់ជាច្រើន ។
ដោយឡែក តាមការរាយការណ៍របស់រ៉យទ័រ នៅខែកញ្ញា ឆ្នាំ២០២៣ រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម ជំនន់ទឹកភ្លៀងកម្រិត២៥០ម.មបានពន្លិចដងផ្លូវ នៅសង្កាត់មួយចំនួន ។ នៅប្រទេសសិង្ហបុរីឯណោះវិញ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ ដដែលក៏មានសេចក្តីរាយការណ៍ចេញពីសារព័ត៌មាននានាថា បានទទួលជំនន់ទឹកភ្លៀងលេចសង្កាត់មួយចំនួននៅទីក្រុងនេះផងដែរ ។
សេចក្តីរាយការណ៍នៅពេលនោះ គឺថា វាគឺជាទឹកជំនន់ទឹកភ្លៀងដំបូងក្នុងរយៈពេល១២ឆ្នាំ ដែលទីក្រុងដ៏ទំនើបនេះត្រូវបានរាយការណ៍អំពីជំនន់ទឹកភ្លៀង នៅពេលដែលភ្លៀងបានធ្លាក់ត្រឹមកម្រិត១០៤,១ ម.ម ចាប់ពីម៉ោង៣.០៥នាទី ដល់ម៉ោង៤.២០នាទី ។
ក្រៅពីនេះ រដ្ឋធានីផ្សេងៗទៀតដូចជា វៀងច័ន្ទ នៃប្រទេសឡាវ ក៏មានសេចក្តីរាយការណ៍ព័ត៌មានអំពីការជនលិចរយៈពេលខ្លីដោយសារតែជំនន់ទឹកភ្លៀងផងដែរ ។
ចំណែកទីក្រុងហ្សាកាតារបស់ប្រទេសឥណ្ឌូនេស៊ីវិញ គឺជារឿងធម្មតាហើយដែលត្រូវជនលិចនៅពេលភ្លៀងធ្លាក់រហូតដល់រដ្ឋាភិបាលប្រកាសរើរដ្ឋធានីហើយកសាងរដ្ឋធានីថ្មីថែមទៀតផង ៕
ចែករំលែកព័តមាននេះ