ខេត្តស្វាយរៀង ៖ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ បានចុះចោលផ្ទះ ហើយបានយកប្រាក់ ចំនួន៥,០០០ដុល្លារអាមេរិក និងមាស ១តម្លឹង, ចិញ្ជៀនផ្លាកទីនមួយវង់ ប្តីដាក់ការសង្ស័យថា រត់តាមប្រុសថ្មី ចោលប្តី ចោលកូននិងចៅ ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទ៌ ។
បើតាមបុរសជាប្តីឈ្មោះ ជឹម នី អាយុ៤៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា ប្រពន្ធរបស់គាត់ឈ្មោះ ភោគ សំអឿន អាយុ៤៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានទីលំនៅភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទ៌ បានចុះចោលផ្ទះ កាលពៅវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ មិនដឹងទៅណា សង្ស័យរត់តាមប្រុសថ្មី ដោយយកប្រាក់ទៅជាមួយចំនួន ៥,០០០ដុល្លារ មាស១តម្លឹង និងចិញ្ជៀនផ្លាកទី នចំនួន០១វង់ ។
បុរសជាប្តី បានបន្តទៀតថា គាត់មានកូន០៣នាក់ និងចៅម្នាក់ មិនដែលមានជម្លោះរវាងប្តីប្រពន្ធទេ ។ ក្រោយមក គាត់សង្កេតឃើញប្រពន្ធរបស់គាត់ មានកិរិយាប្លែកៗ ហើយទូរសព្ទទំនាក់ទំនងទៅក្រៅញឹកញាប់ ហើយមិនឲ្យប្តី ឬកូនកាន់ទូរសព្ទគាត់ទេ (ទូរសព្ទស្ត្រីជាប្រពន្ធ) ហើយមុនពេលកើតហេតុ គឺទៅធ្វើការរោងចក្រដូចសព្វដង ក៏ប៉ុន្តែនៅក្នុងរោងចក្រ ដែលប្រពន្ធគាត់ធ្វើការនោះអ្នកធ្វើការជាមួយប្រាប់ថា អត់ឃើញមកធ្វើការទេ រហូតដល់ល្ងាច ពេលត្រឡប់មកផ្ទះវិញ ក៏មិនឃើញត្រឡប់មកផ្ទះវិញដែរ។ ហើយពេលគាត់មើលប្រាក់ ដែលខ្ចីពីធនាគារ ចំនួន៥,០០០ដុល្លារ ក៏មិនឃើញទៀត ហើយមាសចំនួន១តម្លឹង ក៏បាត់ ទើបដឹងថា ប្រពន្ធគាត់រត់ចេញពីផ្ទះ លុះព្រឹកឡើង ក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយាន តែម្តង ។
បុរសជាប្តីបានបញ្ជាក់ថា ដោយជីវភាពខ្វះខាត ប្រពន្ធបានឲ្យគាត់ជាប្តី និងកូនស្រី ទៅខ្ចីប្រាក់ពីធនាគារ ដើម្បីចាក់សាប នៅខាងមុខផ្ទះ មិននឹកស្មានថា ប្រពន្ធគាត់ប្រើល្បិច ឲ្យខ្ចីប្រាក់ពីធនាគារ ហើយបែរជាមានល្បិចយកមាសប្រាក់ ហើយចុះចោលផ្ទះ រត់ចោលប្តីចោលកូន ចោលចៅបែបនេះសោះ ទុកឲ្យគាត់ជំពាក់ធនាគារ រកប្រាក់សងធនាគារម្នាក់ឯង ។
បុរសជាប្តីបានសុំឲ្យអ្នកសារព័ត៌មានចុះផ្សាយ និងជួយឲ្យមហាជនជួយរក បើបានឃើញប្រពន្ធរបស់គាត់ គាត់នឹងទៅតាមហៅមកផ្ទះវិញ ដោះស្រាយជាមួយប្តី រឿងប្រាក់ជំពាក់ធនាគារ ។
បុរសជាប្តីបន្តទៀតថា ដែលគាត់សង្ស័យរត់ទៅតាមប្រុសថ្មីនោះ ដោយសារកូនស្រីរបស់គាត់ បានឆាតចូល ហើយស្ត្រីជាម្តាយ បានតបថា មិនបាច់តាមរកម៉ែទេ ម៉ែទៅឆ្ងាយហើយ បន្ទាប់មក ក៏បានបិទទូរសព្ទ ខលលែងចូល ទើបគាត់ជាប្តី ប្តឹងសមត្ថកិច្ច ដោយសង្ស័យថា មានទំនាក់ទំនងជាមួយប្រុសថ្មីហើយ ដោយសាររូបគាត់ និងប្រពន្ធ មិនបានឈ្លោះប្រកែកគ្នាទេ គ្រាន់តែគាត់មានជីវភាពមិនសូវធូរធារដូចគេ មុខរបរជាកម្មកររោងចក្រ ប្រពន្ធ និងកូន ក៏ធ្វើការរោងចក្រ បានប្រាក់ខែមក សម្រាប់ជីវភាព ល្មមចាយដែរ មិនគួរប្រពន្ធគាត់ដាច់ចិត្ត ចុះចោលផ្ទះបែបនេះសោះ ។
បុរសជាប្តីក៏បានប្រកាស់ឲ្យប្រពន្ធត្រឡប់មកផ្ទះវិញ ដើម្បីដោះស្រាយបញ្ហាគ្រួសារសិន បើបងប្អូនណាបានឃើញប្រពន្ធគាត់ សូមទាក់ទងមកទូរសព្ទលេខ ០៧១ ៣២១៤០៩០ ៕
ចែករំលែកព័តមាននេះ