ខេត្តពោធិ៍សាត់ ដែលមានចម្ងាយប្រមាណជាជាង២០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ នឹងមានតំបន់សេដ្ឋកិច្ចពិសេសមួយនឹងគេ ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ។
ប្រភពដដែលបានឲ្យដឹងថា នៅថ្ងៃនេះគណៈកម្មការអន្តរក្រសួងដឹកនាំដោយលោក ហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានចុះពិនិត្យទីតាំងនៃគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តនេះ ។
ប្រភពដដេលបានឲ្យដឹងថា ទីតាំងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. នេះគឺ ស្ថិតនៅក្បាលដីលេខ៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤ លើផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំជាង ១៤០ ហិកតា ។
ការស្នើសុំគម្រោងវិនិយោគថ្មី នាពេលនេះបង្ហាញអំពីភាពជោគជ័យក្នុងការរីកចម្រើនរបស់សង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសការផ្តល់នូវជំនឿទុកចិត្តពីសំណាក់វិនិយោគិនមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។
បច្ចុប្បន្ននេះ កម្ពុជាមានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស រហូតដល់ទៅ៤៤តំបន់ ប៉ុន្តែតំបន់ដែលដំណើរការខ្លាំង គឺមាន២៦កន្លែង ដែលភាគច្រើន គឺនៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ រាជធានីភ្នំពេញជាដើម ៕
ចែករំលែកព័តមាននេះ