រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសបារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមបណ្តាប្រទេសមកពីអ៊ឺរ៉ុប ខណៈធំហំពាណិជ្ជកម្មទ្វេភាគី ត្រឹម៥ខែដើមឆ្នាំ២០២៤ មានទៅដល់២០៦,៤១លានដុល្លារអាមេរិក ។
ថ្លែងក្នុងឱកាសអញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវការជឿជាក់ថា «ជាមួយនឹងទស្សនវិស័យសេដ្ឋកិច្ចដ៏អស្ចារ្យរបស់កម្ពុជា ខ្ញុំជឿជាក់ថា ធុរជនបារាំងនឹងអាចមើលឃើញពីកាលានុវត្តន៍ភាពដ៏ធំទូលាយនៅទិដ្ឋភាពធុរកិច្ច និងការវិនិយោគរបស់កម្ពុជា» ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា «ពាក់ព័ន្ធនឹងកិច្ចសហការសេដ្ឋកិច្ច បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជាក្នុងចំណោមប្រទេសអ៊ឺរ៉ុប ។ ពាណិជ្ជកម្មទ្វេភាគីរបស់យើងបានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥,២១លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និង២០៦,៤១លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤» ។
ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានឱ្យដឹងដែរថា ការវិនិយោគពីបារាំង រួមចំណែកដល់ការបង្កើតការងារ ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព នៅកម្ពុជា ។ ក្នុងឱកាសនោះដែរ សម្តេចធិបតីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងគិតគូរពីសុខុមាលភាពរបស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្ដាប់ជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិនិយោគិនបរទេសអាចបង្កើតគម្រោងវិនិយោគជាមួយនឹងកម្មសិទ្ធិបរទេស១០០% នៅក្នុងវិស័យភាគច្រើន ដោយមិនមានលក្ខខណ្ឌតម្រូវឲ្យមានការចូលរួមពីវិនិយោគិនក្នុងស្រុក ។ ករណីលើកលែងតែមួយគត់នោះ គឺកម្មសិទ្ធិលើដីធ្លី ។
សម្ដេចធិបតីបានគូសបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជាតែងគិតគូរពីសុខុមាលភាពរបស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្ដាប់ជាប្រចាំនូវបញ្ហាប្រឈមដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងឥតឈប់ឈរជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «គិតរួមគា្ន, ធ្វើសកម្មភាពរួមគ្នា និងទទួលខុសត្រូវរួមគ្នា» ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ដថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបាន និងកំពុងបង្កើត និងអនុវត្តជាបន្តបន្ទាប់នូវយន្តការ ដែលផ្តល់មធ្យោបាយងាយស្រួលបំផុត សម្រាប់វិស័យឯកជនក្នុងការបញ្ចេញមតិ, កង្វល់, និងសំណូមពរ ។ យន្តការដែលលេចធ្លោជាងគេ គឺវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ។ សម្ដេច ក៏បានធ្វើអញ្ជើញជាអធិបតី ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានអនុវត្តកញ្ចប់វិធានការជាក់ស្ដែង៕
ចែករំលែកព័តមាននេះ