ទីក្រុងបាងកក៖ ឆ្នាំនេះ ខេត្តឆៀងម៉ៃ ប្រទេសថៃ រងគ្រោះខ្លាំងដោយកជំនន់។ ចាប់តាំងពីខ្យល់ព្យុះយ៉ាជីបង្កជាជំនន់ទឹកភ្លៀងរហូតមកដល់ពេលនេះ ឆៀងម៉ៃមិនទាន់ធូរស្បើយពីបញ្ហានេះទាល់តែសោះ។ ថ្មីៗនេះអាជ្ញាធរ និងក្រុមអ្នកអភិរក្សសត្វព្រៃចុះធ្វើការយ៉ាងដុតដៃដុតជើងដើម្បីដឹកជញ្ជូនដំរី ជ្រូក និងក្របីជាច្រើនក្បាលដែលជាប់ផុងនៅកណ្ដាលវាលទឹក។
បេសកកម្មជួយសង្គ្រោះលើកនេះមិនងាយស្រួលទាល់តែសោះព្រោះសត្វដែលត្រូវដឹកជញ្ជូនសុទ្ធតែជាសត្វធំៗ។ ១ក្បាលៗមានទម្ងន់ចាប់ពីរាប់រយគីឡូក្រាមរហូតដល់រាប់តោន ឧទាហរណ៍ដូចជាសត្វដំរីជាដើម។ ឧបនាយករដ្ឋមន្ត្រីថៃថ្លែងថាដំរី១១៧ក្បាលត្រូវគេជួយសង្គ្រោះបានសម្រេចហើយ ហើយនៅសល់ដំរី៩ក្បាលទៀតដែលស្ថិតនៅភូមិដាច់ស្រយាល។
ចាត់ពីដើមខែសីហារហូតមកដល់ពេលនេះ តំបន់ភាគខាងជើងមានទឹកជំនន់យ៉ាងល្ហល្ហាចគ្រប់ទីកន្លែង។ មនុស្ស៤៩នាក់ត្រូវបង់សង្ខារដោយសារគ្រោះធម្មជាតិលើកនេះ ខណៈដែលប្រជាជនរាប់ពាន់នាក់ទៀតត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែងរបស់ខ្លួន។ នៅឆៀងម៉ៃ គេត្រូវដឹកដំរីជាងមួយរយក្បាលទៅកាន់ទីទួលសុវត្ថិភាពនៅពេលទឹកជំនន់បន្តហក់ឡើងឥតឈប់។
នៅសល់សត្វជាច្រើនប្រភេទទៀតត្រូវទុកចោលមួយឡែកសិនព្រោះទឹកឡើងលិចសួនសត្វ និងតំបន់អភិរក្សជីវចម្រុះលឿនពេកដល់ថ្នាក់អ្នកអភិរក្ស និងអាជ្ញាធរបញ្ជូនកម្លាំងទៅជួយសង្គ្រោះលែងទាន់។ នាយកសួនសត្វខេត្តឆៀងម៉ៃបានបង្ហោះរូបវីឌីអូឃ្លីបនៅលើបណ្ដាញសង្គមដែលបង្ហាញរូបសត្វដំរីជាច្រើនក្បាលត្រូវតែដើរលុយទឹកដែលល្អក់ដោយភក់ល្បាប់។
លោកស្រីបានស្នើសុំឱ្យរាជរដ្ឋាភិបាលចុះធ្វើអន្តរាគមន៍ជួយសង្គ្រោះជាបន្ទាន់។ លោកស្រីរៀបរាប់ថាគ្រោះទឹកជំនន់លើកនេះពិតជាមានសភាពធ្ងន់ធ្ងរជាងពេលណាៗទាំងអស់។ សួនសត្វទាំងមូលត្រូវលិចទឹកគ្រប់ទីកន្លែង។ ភូមិមួយទាំងមូលក៏ត្រូវលិចទឹកទាំងស្រុង។ ក្រឡេកទៅណាក៏សុទ្ធតែទឹកគ្រប់ទីកន្លែង។ ដូច្នេះ យើងមិនអាចរកដីគោកសម្រាប់ទៅបានឡើយ។
តាមរយៈរូបថត និងវីឌីអូដែលបង្ហោះនៅលើបណ្ដាញសង្គម គេឃើញថាក្រុមឧទ្យានុរក្ស និងក្រុមអ្នកស្ម័គ្រចិត្តត្រូវដឹកសត្វសុនខជាច្រើនក្បាលទៅកាន់ទីកន្លែងសុវត្ថិភាព។ ក្រៅពីនេះនៅមានសត្វជាច្រើនប្រភេទសរុប៥ពាន់ក្បាលក៏កំពុងរង់ចាំការដឹកចេញផងដែរ។ ក្នុងនោះមានសុនខ, ឆ្មា, គោ, ជ្រូក និងទន្សាយ។ មន្ត្រីអភិរក្សសត្វព្រៃប្រាប់ថាដំរីនៅទីនេះ១២៦ក្បាលដែលត្រូវតែដឹកចេញជាបន្ទាន់។ សព្វថ្ងៃនេះ ប្រទេសថៃមានសត្វដំរីស្រុក៣៨០០ក្បាល និងដំរីព្រៃជាង៤ពាន់ក្បាល៕
ចែករំលែកព័តមាននេះ