ខេត្តកំពត៖ យ៉ាងហោចណាស់ មានមនុស្សប្រុស-ស្រី៣នាក់បានស្លាប់ និងមនុស្សប្រុសស្រី៤នាក់ទៀតបានរងរបួសធ្ងន់ក្នុងគ្រួសារមួយ ដែលបានធ្វើដំណើរដោយរថយន្តម៉ាកកាមរីរបស់ខ្លួន ហើយជួបគ្រោះកុសល ដោយរថយន្តរេចង្កូតបុកនិងបង្គោលស្ពានពេញទំហឹង កាលពីវេលាម៉ោង១៤ និង១៦រសៀលថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០២៤ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៤១ (អង្គឌួង)ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ(៦៩-៧០) ក្នុងភូមិតាភុល ឃុំស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត។
នគរបាលចរាចរណ៍ស្រុកជុំគិរីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក camryពណ៌សពាក់ស្លាកលេខភ្នំពេញ2A 4507 បើកបរដោយបុរសម្នាក់ឈ្មោះខាត់ សារឿន ភេទប្រុសអាយុ 45 ឆ្នាំ រស់នៅភូមិ គីឡូលេខ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះពេលមកដល់ចំណុចកើតហេតុ ដោយអ្នកបើកបរងងុយដេកហើយងោកមួយភាំងរួចក៏ជ្រុលចង្កូតរ៉េទៅបុកបង្គោលស្ពានពេញទំហឹង បណ្តាលឲ្យអ្នកជិះក្នុងរថយន្តមួយគ្រួសារចំនួន៧នាក់មានរងរបួសធ្ងន់និងស្លាប់យ៉ាងអាណោចអាធ័ម ។
លោកអធិការរងបានឲ្យដឹងទៀតថា អ្នកបើកបររថយន្តឈ្មោះ ខាត់ សារឿន ភេទប្រុស អាយុ៤៥ ឆ្នាំ រស់នៅភូមិគីឡូលេខ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានរងរបួសធ្ងន់បាក់ជើងទាំងពីរ។ .អ្នករួមដំណើរឈ្មោះ យិន ស្រីម៉ៅ ភេទស្រី អាយុ៤១ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបរ(ស្លាប់) អ្នករួមដំណើរឈ្មោះ ស៊ី អេង ភេទស្រី អាយុ៧៣ឆ្នាំ ត្រូវជាម្តាយក្មេកអ្នកបើកបរ(ស្លាប់)អ្នករួមដំណើរឈ្មោះ យ៉េន សុវណ្ណពណ្ណរាយ ភេទប្រុស អាយុ ៤ឆ្នាំត្រូវជាកូនអ្នកបើកបរ(ស្លាប់) អ្នករួមដំណើរឈ្មោះ យ៉េន សុវណ្ណរក្សា ភេទស្រី អាយុ១៦ ត្រូវជាកូនអ្នកបើកបរ (រងរបួសធ្ងន់) អ្នករួមដំណើរឈ្មោះ យ៉េន សុវណ្ណរុងរឿង ភេទប្រុស អាយុ១៣ឆ្នាំ(របួសធ្ងន់)ត្រូវជាកូនអ្នកបើកបរ។អ្នករួមដំណើរឈ្មោះ យ៉េន សុវណ្ណអម្រិត ភេទ ប្រុស អាយុ១៨ឆ្នាំ(របួសធ្ងន់)ត្រូវជាកូនអ្នកបើកបរ។ អ្នករួមដំណើរទាំង៦នាក់រស់នៅភូមិឃុំជាមួយអ្នកបើកបរ ត្រូវជាក្រុមគ្រួសារតែមួយជាមួយអ្នកបើកបរ។
អធិការរងបន្តទៀតថា: ក្រោយពេលកើតហេតុរួចអ្នករងរបួសត្រូវបានកម្លាំងជំនាញបញ្ជូនទៅ
មន្ទីរពេទ្យឯកជន ស្រុកជុំគិរី ។ រីឯសាកសពត្រូវបានកម្លាំងជំនាញប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីនេះ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់និង ស្លាប់ រួមមានមនុស្សចំនួន ០៧ នាក់ -ប្រុស(០៤នាក់)ស្រី(០៣នាក់) របួសធ្ងន់ចំនួន(០៤ នាក់)ប្រុស(០៣នាក់)ស្រី១នាក់ស្លាប់ចំនួន(០៣នាក់)ប្រុស(០១នាក់)ស្រី(០២នាក់)។ រថយន្តខូចខាតធ្ងន់(០១គ្រឿង) ចំណែកឯវត្ថុតាង ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការស្រុកជុំគីរី៕
ចែករំលែកព័តមាននេះ