មន្រ្តីជាន់ខ្ពស់ក្រសួងការងារ នាំយកឱកាសការងារជាង ៤ពាន់កន្លែង ដល់អតីតពលករ និងអ្នករកការងារធ្វើ នៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឱកាស ការងារចំនួន ៨២ ៨១៣កន្លែង នៅទូទាំងប្រទេស…
ខេត្តពោធិ៍សាត់ ៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឱកាស ការងារចំនួន ៨២ ៨១៣កន្លែង នៅទូទាំងប្រទេស…
ខេត្តពោធិ៍សាត់ ៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឱកាស ការងារចំនួន ៨២ ៨១៣កន្លែង នៅទូទាំងប្រទេស និងព័ត៌មានដ៏មានសារៈសំខាន់ពី អត្ថប្រយោជន៍ ប.ស.ស. ត្រូវបានធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កណ្តៀង ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រោមវត្តមាន លោក ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

ជាមួយនឹងការផ្សព្វផ្សាយ និងចុះឈ្មោះចូលរៀនវគ្គអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (១,៥លាននាក់), វេទិកានេះជាឱកាសដ៏មាន តម្លៃ ដែលបានផ្សាភ្ជាប់ដោយផ្ទាល់ដល់មូលដ្ឋាន រវាងអ្នករកការងារប្រមាណជា ៧០០នាក់ និងតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួន ១២ ដែលកំពុងត្រូវការកម្លាំងពលកម្មសរុប ៣ ៨១៥នាក់ ។

នាឱកាសនោះ លោក ងុយ រិទ្ធ បានពន្យល់យ៉ាងក្បោះក្បាយដល់បងប្អូនអ្នកចូលរួម អំពីអត្ថប្រយោជន៍ដ៏ច្រើនលើសលប់នៃការងារនៅក្នុងស្រុក ដែលមិនត្រឹមតែទទួលបាន ប្រាក់ឈ្នួលសមរម្យជាមួយនឹងលក្ខខណ្ឌការងារល្អ បានរស់នៅជួបជុំគ្រួសារ មើលថែទាំកូន និងឪពុកម្ដាយ និងជៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេស ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដូចជា ៖ ផ្នែកថែទាំសុខភាព ផ្នែកសោធននិវត្ត និងផ្នែកហានិភ័យការងារ ។

ទន្ទឹមនេះ លោកក៏បានលើកទឹកចិត្តឱ្យយុវជន ជាពិសេសបងប្អូនដែលត្រឡប់មកពី ប្រទេសថៃ ចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ដើម្បីបង្កើនសមត្ថភាព និងទទួល បានប្រាក់ចំណូលកាន់តែខ្ពស់ផងដែរ ដែលក៏ជាគ្រឹះដ៏រឹងមាំមួយសម្រាប់កសាងសេដ្ឋកិច្ច គ្រួសារ និងសេដ្ឋកិច្ចជាតិ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការផ្ដល់ឱកាសការងារ និងការ បង្កើតមុខរបរក្នុងស្រុកជូនប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងមួយដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវជីវភាពសមរម្យ និងសន្តិសុខសង្គមជូនពលរដ្ឋគ្រប់ រូបយ៉ាងកក់ក្ដៅបំផុតក្នុងគ្រប់កាលៈទេសៈ ។

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានបន្ថែមអំពីឱកាសការងារ និងអត្ថប្រយោជន៍ផ្សេងៗ សូមទាក់ទងមកកាន់លេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ផ្នែកការងារ និងលេខ ១២៨៦ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍ ប.ស.ស.៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ