ទីក្រុងយេរូសាឡឹម៖ មានគម្រោងតែងតាំងគាត់ជាមេដឹកនាំថ្មីរបស់ក្រុមហេសបូឡាមិនទាន់បានស្បថចូលកាន់តំណែងជាផ្លូវការផង បើគាត់ស្លាប់មែនពិតជាឆាប់រហ័សពេកហើយ។ ថ្មីៗនេះ មានសេចក្ដីរាយការណ៍ថាលោកសាហ្វ៊ីឌីន (Safieddine) ដែលគេគិតថាគាត់អាចនឹងក្លាយជាមេដឹកនាំកំពូលថ្មីរបស់ក្រុមហេសបូឡាបានបាត់ដំណឹងសូន្យឈឹងចាប់តាំងពីថ្ងៃសុក្រ។

គេមិនដឹងថាតើគាត់មានសុខទុក្ខយ៉ាងណានៅឡើយទេ។ ប៉ុន្តែគេដឹងថាមុនពេលដាច់ការទាក់ទងនោះ អ៊ីស្រាអែលតាមប្រមាញ់គាត់ជាច្រើនថ្ងៃមកហើយ ហើយអ៊ីស្រាអែលបានវាយប្រហារទៅលើទីតាំងមួយកន្លែងដែលគេជឿជាក់ថាគាត់ស្ថិតនៅទីនោះ។ ខាងលើនេះជាការដកស្រង់ប្រភពពីភ្នាក់ងារសន្តិសុខជាតិរបស់ប្រទេសលីបង់ចំនួនបីប្រភពដែលនិយាយដូចៗគ្នាអំពីការបាត់ខ្លួន។

ប្រភពមួយអះអាងថាលោកសាហ្វ៊ីឌីនបានចូលទៅសម្ងំលាក់ខ្លួននៅក្នុងជម្រកក្រោមដីមួយកន្លែង។ ទទួលពេលនោះមិនដឹងអ៊ីស្រាអែលបានដំណឹងសម្ងាត់នេះមកពីណា ពួកគេក៏ទម្លាក់គ្រាប់បែកទៅលើទីតាំងនោះ។ តាំងពីព្រឹកព្រលឹមថ្ងៃសុក្រ អ៊ីស្រាអែលប្រកាសថាខ្លួនពិតជាបានវាយប្រហារទៅលើស្នាក់ការធំនៃការិយាល័យស៊ើបការសម្ងាត់របស់ក្រុមហេសបូឡា។ ប៉ុន្តែកាលនោះ អ៊ីស្រាអែលមិនបាននិយាយលម្អិតថានរណាខ្លះលាក់ខ្លួននៅក្នុងទីជម្រកក្រោមដីនោះ។

ក្រុមហេសបូឡារក្សាភាពស្ងៀមស្ងាត់
រហូតមកដល់ពេលនេះ ក្រុមហេសបូឡានៅរក្សាភាពស្ងៀមស្ងាត់ជារៀងរហូត។ ពួកគេមិនទាន់ធ្វើអត្ថាធិប្បាយអំពីជោគវាសនារបស់លោកសាហ្វ៊ីឌីននៅឡើយទេ។ ទោះបីលោកនៅរស់ ឬលោកបាត់ដំណឹងយ៉ាងណាក៏ពួកគេមិនមានយោបល់អ្វីទាំងអស់។ ប៉ុន្តែឧត្ដមសេនីយ៍យោធារបស់អ៊ីស្រាអែលប្រាប់ថាខ្លួនកំពុងវាយតម្លៃថាតើការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃសុក្រនោះទទួលបានលទ្ធផលអ្វីខ្លះ? អាចសម្លាប់បាននរណាខ្លះ?

ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហេសបូឡា លោកសាហ្វ៊ីឌីនជាអ្នកទទួលបន្ទុកខាងកិច្ចការនយោបាយ។ លោកក៏មានមុខតំណែងនៅក្នុង «ក្រុមប្រឹក្សាជីហាត -Jihad Council » ផងដែរដែលជាអង្គភាពគ្រប់គ្រង និងបញ្ជាទៅលើកងកម្លាំងប្រដាប់អាវុធរបស់ក្រុមហេសបូឡាទាំងអស់។ លោកសាហ្វ៊ីឌីន និងលោកណាស្រាឡា (Nasrallah) ដែលទើបតែស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលកាលពីយប់ថ្ងៃអង្គារសប្ដាហ៍មុននោះត្រូវជាបងប្អូនជីដូនមួយនឹងគ្នា៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ