អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុធ្វើសមយុទ្ធទ្រង់ទ្រាយធំ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានធ្វើសមយុទ្ធទ្រង់ទ្រាយធំ ស្ដីពីការគ្រប់គ្រងគ្រោះអាសន្ន នៅពេលមានយន្តហោះធ្លាក់ ដែលកើតឡើងនៅក្នុង និងក្បែរអាកាសយានដ្ឋាន ដើម្បីសាកល្បងទៅលើប្រសិទ្ធភាពការចាត់តាំងអនុវត្ត ។

ហើយប្រតិបត្តិការសមយុទ្ធនាពេលនេះ ដោយអនុលោមតាមគតិយុត្តិរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បង្កើតបទដ្ឋានបច្ចេកទេសអាកាសចរណ៍ស៊ីវិលកម្ពុជា ដែលតម្រូវឲ្យប្រតិបត្តិករអាកាសយាន្តដ្ឋានទាំងអស់ ត្រូវរៀបចំផែនការគ្រប់គ្រងគ្រោះអាសន្ននៅតាមអាកាសយានដ្ឋានអន្តរជាតិនីមួយៗរបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំ ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ។
មុននេះ តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិសៀមរាប បានធ្វើបន្តបន្ទាប់គ្នារួចមកហើយ ។

លោករដ្ឋលេខាធិការនៃរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលបានលើកឡើងថា កម្រិតសមយុទ្ធមាន៣កម្រិត ៖
កម្រិតទី១ ការធ្វើសមយុទ្ធក្នុងទ្រង់ទ្រាយតូច រៀងរាល់៦ខែម្ដង ។
កម្រិតទី២ គឺការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយមធ្យម ដែលត្រូវអនុវត្តរៀងរាល់១ឆ្នាំម្ដង ។
កម្រិតទី៣ ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ដោយអនុវត្តធ្វើដូចនាពេលនេះ គឺមានរយៈពេល២ឆ្នាំម្ដង ។

គ្រោះថ្នាក់ទាក់ទងនឹងអាកាសយានដ្ឋាន មានដូចជា ការធ្លាក់យន្តហោះនៅក្នុងបរិវេណ អាកាសយានដ្ឋាន ការធ្លាក់យន្តហោះនៅក្រៅបរិវេណអាកាសយានដ្ឋាន ដែលមានគ្រោះអាសន្នក្នុងអំឡុងពេលហោះហើរ អាកាសយានមានគ្រោះអាសន្នដោយដឹកទំនិញ គ្រោះថ្នាក់អាកាសយានត្រូវបានគំរាមកំហែង បានចាប់ជំរិត និងអាកាសយានត្រូវបានរងគ្រោះដោយអំពើភេរវកម្មជាដើម ។

ឯកឧត្តម សយ សុខាន់ បញ្ជាក់បន្ថែមថា គោលបំណងនៃការធ្វើសមយុទ្ធនាពេលនេះ ទីមួយសាកល្បងទៅលើប្រសិទ្ធភាពការចាត់តាំងអនុវត្តផែនការជួយសង្គ្រោះ នៅពេលមានគ្រោះអាសន្នកើតឡើងភ្លាមៗ ។ តើប្រតិបត្តិករអាកាសយានដ្ឋានបញ្ចេញអ្វីខ្លះក្នុងការជួយអន្តរាគមន៍ ? មានដូចជាឡានទឹក អ្នកបញ្ជាហោះហើរប្រកាសអាសន្ន ដើម្បីឲ្យបណ្ដាញទំនាក់ទំនងនៅក្នុងអាកាសយានចេញប្រតិបត្តិការរួមតែមួយ និងត្រូវរាយការណ៍ជូនខេត្តជាប្រធានគណៈកម្មការ ដើម្បីបញ្ជាទៅគ្រប់អង្គភាពពាក់ព័ន្ធចេញប្រតិបត្តិការ ក្នុងការសង្គ្រោះឲ្យបានទាន់ពេលវេលា ។

លទ្ធផលក្រោយបញ្ចប់សមយុទ្ធបានវាយតម្លៃថា ចំណាត់ការអនុវត្តទៅលើផែនការគ្រប់គ្រងគ្រោះអាសន្ន ទាក់ទងទៅនឹងយន្តហោះចុះចតផុតពីសនេះ ឃើញថា ទទួលបានជោគជ័យទៅតាមផែនការ ។ នៅក្នុងលំហាត់សមយុទ្ធគ្រោះអាសន្ននេះដែរ គឺមានមនុស្សចូលរួមចំនួន ២៩៣នាក់ មានរថយន្តសង្គ្រោះបន្ទាន់៥គ្រឿង រថយន្តពន្លត់អគ្គិភ័យ ៥គ្រឿង និងមាន ២៥ ស្ថាប័នចូលរួមផងដែរ ៕
















ចែករំលែកព័តមាននេះ