ចរាចរណ៍ប្រាក់យ័នចិនកាន់តែមានជាបណ្តើរៗនៅកម្ពុជា ក្រោយពេលដែលក្រុមហ៊ុនចិនជាច្រើនមកបណ្តាក់ទុនក្នុងស្រុក ចំណែកឥទ្ធិពលរបស់ចិននៅកម្ពុជា ក៏កាន់តែមើលឃើញច្រើនឡើងៗ ។ និន្នាការនេះ នាំអោយមានការចោទសួរថា តើលុយដុល្លារនឹងថយឥទ្ធិពល ហើយលុយយ័នចិននឹងដណ្តើមឥទ្ធិពលនេះនៅកម្ពុជាឬយ៉ាងណា ?
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/9577a41fd5cbe2b64615149c65bf8f0f.jpg)
លោក ហុង វណ្ណៈ អ្នកវិភាគ និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានអោយកម្មវិធីលុយ នៃសារព័ត៌មានកោះសន្តិភាពដឹងថា «ជាគោលការណ៍នៅក្នុងកិច្ចព្រមព្រៀងរវាងកម្ពុជា និងចិន មានន័យថា រដ្ឋាភិបាលនៃប្រទេសទាំងពីរទទួលស្គាល់ការទូរទាត់ប្រាក់រូបិយវត្ថុនៃប្រទេសទាំងពីរនៅក្នុងចរន្តពាណិជ្ជកម្ម ក៏ប៉ុន្តែមិនមែនមានន័យថា កម្ពុជាអនុញ្ញាតអោយប្រាក់យ័នធ្វើចរាចរណ៍ទូទាំងប្រទេសនោះទេ មានន័យថា នៅក្នុងពាណិជ្ជកម្មអន្តរជាតិ គឺយើងអាចធ្វើការទូរទាត់ ។ ទី២ យើងអាចប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាក្នុងការផ្ទេរដូចដែលយើងបានដឹងហើយ ដែលធនាគារជាតិបានដាក់អោយប្រើ» ។
លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា បើប្រៀបធៀបរវាងដុល្លារ និងយ័ននៅកម្ពុជា ប្រជាពលរដ្ឋនៅតែមានទំនុកចិត្តខ្លាំងទៅលើប្រាក់ដុល្លារក្នុងការទូទាត់ពាណិជ្ជកម្ម និងអត្រាប្តូរប្រាក់ នៅក្នុងសេដ្ឋកិច្ចកម្ពុជា ។ កិច្ចការទាំងនេះបានអនុវត្តជាយូរមកហើយ ដែលប្រាក់យ័ន នៅតែមិនទាន់អាចជំនួសប្រាក់ដុល្លារក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/f3301f2aa6c52eb78ee4b79832496212.jpg)
ប្រជាពលរដ្ឋមួយចំនួនព្រួយបារម្ភថា នៅពេលនេះវាអាចប៉ះពាល់ដល់ចរន្តការទូទាត់ ពាណិជ្ជកម្ម និងជំរុញស្ថានភាពអភិវឌ្ឍកម្ពុជា ជាពិសេសខ្លាចប៉ះពាល់ដល់ប្រាក់រៀលដោយសារតែបច្ចុប្បន្នប្រាក់រៀលធៀបនឹងដុល្លារមួយហើយ បើធៀបនឹងប្រាក់យ័នទៀតវាអាចនឹងប្រឈមបន្ថែម ។
កញ្ញា ណាត់ តាយ៉ា ជាបុគ្គលិកក្នុងមន្ទីរពេទ្យមួយ ក្នុងរាជធានីភ្នំពេញ បានអោយដឹងថា ពលរដ្ឋចិនកំពុងតែមានវត្តមាននៅកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា ។ ពួកគេមួយចំនួនជាម្ចាស់ភាគហ៊ុនមួយចំណែកធំ ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មដូចជា ជាម្ចាស់រោងច្រក ម្ចាស់សហគ្រាស និងម្ចាស់អាជីវកម្មធំៗនៅកម្ពុជា ។
ជារួម ភាគច្រើននៃពួកគេមានឥទ្ធិពលពិសេសនៅក្នុងវិស័យធនាគាររបស់កម្ពុជា ដែលជាសហគ្រាសផ្តល់ប្រាក់កម្ចី សហគ្រាសប្ដូរប្រាក់ ស្ថាប័នហិរញ្ញវត្ថុខ្នាតតូច និងសហគ្រាសពាក់ព័ន្ធដទៃទៀត ។ កញ្ញា ណាត់ តាយ៉ា បានអោយដឹងថា «ខ្ញុំគិតថា ជាបរិបទមួយនៅក្នុងសង្គមកម្ពុជាសព្វថ្ងៃ សេដ្ឋកិច្ចយើង ព្រោះពីមុនយើងធ្លាប់តែឃើញប្រាក់ដុល្លារ ។ វាក៏ជាការគាំទ្រសេដ្ឋកិច្ចមួយរបស់យើង ។ ពេលមុនយើងអាចនឹងឃើញថា របស់នេះប៉ុន្មានដុល្លារៗ ហើយប្រសិនបើមានប្រាក់យ័ននោះ វានឹងប្រែប្រួលក្នុងស្រុកយើង ទីផ្សាររបស់យើង សេដ្ឋកិច្ចរបស់យើង» ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/45e4b5ff70fe14c5a4c4a38761a930a8.jpg)
បើតាមកញ្ញា ណាត់តាយ៉ា ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន គោលនយោបាយទីផ្សារសេរីរបស់កម្ពុជា និងគោលការណ៍ប្រជាធិបតេយ្យ គេបានសង្កេតឃើញថា សហគមន៍ជនជាតិភាគតិចចិន ជនជាតិចិនកាត់ខ្មែរ និងអន្តោប្រវេសន៍ចិន មិនគ្រាន់តែបានរស់នៅយ៉ាងសុខសាន្តប៉ុណ្ណោះទេ ពួកគេថែមទាំងបានចងក្រងគ្នាជាសមាគម បង្កើតសាលារៀនភាសាចិន ព្រះវិហារចិន ភោជនីយដ្ឋានចិន វិទ្យុផ្សាយសំឡេងជាភាសាចិន និងក្រុមហ៊ុនចិនជាច្រើនទៀត កំពុងរកស៊ីនៅស្រុកខ្មែរ ដូចជា ក្រុមហ៊ុនវិនិយោគខាងរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រកាត់ស្បែកជើង សហគ្រាសសំណង់ស្ពានថ្នល់ វារីអគ្គិសនី និងការរុករករ៉ែ ជាដើម ។
ចំណែក កញ្ញា ហុង ណៃហួរ ជានិស្សិតជំនាញសេដ្ឋកិច្ចបានអោយដឹងដែរថា ឥទ្ធិពលរបស់ចិន នៅកម្ពុជា ពិតជាមានលក្ខណៈលេចធ្លោគួរឱ្យកត់សម្គាល់ទាំងវិស័យភាពយន្តសិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ភាសា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយទាំងផ្ទៃក្នុងប្រទេសក្នុងតំបន់ និងអន្តរជាតិ ដោយសារតែចិនជាមិត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជាផង ចិនអ្នកផ្ដល់ជំនួយឱ្យកម្ពុជាធំជាងគេបំផុតផង ហើយទុនវិនិយោគរបស់វិស័យឯកជនចិននៅកម្ពុជាក៏ច្រើនជាងគេដែរ ។
កញ្ញា ហុង ណៃហួរ បានបន្តថា «រវាងប្រាក់ដុល្លារ និងយ័ន សម័យឥឡូវគេអោយតម្លៃប្រាក់ដុល្លារខ្លាំងជាង ។ សេដ្ឋកិច្ចឥឡូវក៏ទាក់ទងប្រាក់ដុល្លារដែរ ។ តែខ្ញុំសុំអោយព្យាយាមចាយប្រាក់រៀលច្រើនជាង»៕
ចែករំលែកព័តមាននេះ