ទីក្រុងព្យុងយ៉ាង៖ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន២គ្រាប់តាំងពីព្រឹកព្រហាមថ្ងៃចន្ទនេះតែម្ដងដែលអាចនឹងធ្វើឱ្យទំនាក់ទំនងជាមួយកូរ៉េខាងត្បូងកាន់តែល្វីងជូរចត់បន្ថែមទៀត។ អគ្គសេនាធិការដ្ឋានកងទ័ពកូរ៉េខាងត្បូងថ្លែងថាបន្ទាប់ពីបាញ់មីស៊ីលលើកទី១បានប្រហែលដប់នាទី កូរ៉េខាងជើងក៏បាញ់មីស៊ីលគ្រាប់ទី២ជាបន្តទៀត។ រហូតមកដល់ពេលនេះ គេមិនទាន់វាយតម្លៃដឹងថាតើមីស៊ីលទាំង២គ្រាប់នេះមានភិនភាគ និងលក្ខណៈសម្បត្តិយ៉ាងណាខ្លះទេ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/fdc279cd45c9b180fb852223625cfcaf.jpg)
ក្រុមសម្ព័ន្ធមិត្តត្រីភាគីដែលមានកូរ៉េខាងត្បូង ជប៉ុន និងអាមេរិកបានពង្រឹងប្រព័ន្ធឃ្លាំមើលសកម្មភាពនៅកូរ៉េខាងជើងដើម្បីចង់ដឹងថាតើប្រទេសនេះនឹងបាញ់បន្ថែមទៀតដែរឬទេ។ កាលពីសប្ដាហ៍មុន កូរ៉េខាងជើងអះអាងថាខ្លួនបានធ្វើតេស្តដោយជោគជ័យនូវប្រភេទមីស៊ីលទំនើបដែលអាចបំពាក់ក្បាលគ្រាប់ច្រើនដើម្បីវាយប្រហារទីតាំងច្រើនកន្លែងនៅក្នុងពេលតែមួយ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/b072ae73ad03baa40828f87eb0596460.jpg)
កូរ៉េខាងត្បូងវាយតម្លៃឃើញថាការធ្វើតេស្តនោះមិនបានជោគជ័យទេ។ ជោគជ័យដូចម៉េចនឹងកើតបើមីស៊ីលផ្ទុះជាចម្រៀកៗកណ្ដាលអាកាសបាត់ទៅហើយ ហើយមិនបានហោះទៅដល់គោលដៅផងនោះ? ដោយឡែក ងាកមកទំនាក់ទំនងរវាងបងប្អូនគូសត្រូវកូរ៉េទាំងពីរនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុត។ ព្យុងយ៉ាងលែងខ្វាយខ្វល់ស្ដារទំនាក់ទំនងអ្វីទាំងអស់ ហើយគិតតែបាញ់មីស៊ីល, បង្ហោះធុងសំរាម និងកាកសំណល់តាមបាឡុងហោះឆ្លងព្រំដែនចូលទឹកដីកូរ៉េខាងត្បូង។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/fe8dba477e821a12d2e53bf9bb585656.jpg)
នេះជាការវាយបកទៅលើកូរ៉េខាងត្បូងដែលបង្ហោះបាឡុងមានខិត្តប័ណ្ណប្រឆាំងនឹងរដ្ឋអំណាចនៅព្យុងយ៉ាង។ កូរ៉េខាងត្បូងចាប់ផ្ដើមប្រើប្រាស់ក្បាលមេក្រូធំៗដែលអាចបំពងសំឡេងបានឆ្ងាយៗទៅរកកូរ៉េខាងជើង។ ម៉្យាងទៀត កូរ៉េខាងត្បូងក៏បន្តធ្វើសមយុទ្ធយោធាបាញ់គ្រាប់កាំភ្លើងពិតនៅក្បែរព្រំដែន។ ប៉ុន្តែទន្ទឹមនឹងនោះ កូរ៉េខាងត្បូងចាប់ផ្ដើមព្រួយបារម្ភកាន់តែខ្លាំងនៅពេលទីក្រុងព្យុងយ៉ាង និងម៉ូស្គូកាន់តែខិតជិតគ្នា ហើយទើបតែចុះហត្ថលេខាលើកតិកាសញ្ញាជួយគ្នាទៅវិញទៅមក។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/dbc247c24bb47d7f13d92eb2c1e2aa33.jpg)
ក្រុមបស្ចិមប្រទេសចោទប្រកាន់ថាកូរ៉េខាងជើងបានបញ្ជូនកាំភ្លើង និងគ្រាប់កាំភ្លើងទៅរុស្ស៊ីច្រើនណាស់ដើម្បីយកទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន។ រឿងនេះកាន់តែច្បាស់ទៅទៀតនៅពេលប្រទេសទាំង២ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/db056578ef8ddfa62d7085fa6a76fd69.jpg)
ក្នុងនោះ មានលក្ខខណ្ឌ១ចំនួនចែងថាបើភាគីហត្ថលេខី១ជាប់ដៃធ្វើសង្គ្រាម ឬរងការគំរាមកំហែងពីប្រទេសដទៃ, ភាគីហត្ថលេខី១ទៀតត្រូវជួយជាអាវុធ ឬបញ្ជូនកងទ័ពទៅជួយច្បាំងគ្នា។ ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានយកសម្បកគ្រាប់កាំភ្លើងដែលរុស្ស៊ីបាញ់ចូលអ៊ុយក្រែនទៅធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថាពិតជាផលិតផលរបស់កូរ៉េខាងជើងមែន។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/bb59ffb8a47c34df67e9521877a864f9.jpg)
កូរ៉េខាងជើងក៏បង្កើនវោហារសាស្ត្រវាយបកដើម្បីកុំឱ្យចាញ់ប្រៀបគ្នា។ កាលពីថ្ងៃអាទិត្យ ទីក្រុងព្យុងយ៉ាងប្រកាសថ្កោលទោសធ្ងន់ៗចំពោះសម្ព័ន្ធមិត្តទាំងបី កូរ៉េខាងត្បូង ជប៉ុន និងអាមេរិកដែលកំពុងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយគ្នា។ ព្យុងយ៉ាងចាត់ទុកថានេះជា «អង្គការណាតូនៅទ្វីបអាស៊ី» ហើយខ្លួនព្រមានថាក្រុមនេះនឹងទទួលផលវិបាករលាយប្រទេសខ្លួនឯងជាមិនខានឡើយ។ សមយុទ្ធយោធារយៈពេលបីថ្ងៃនោះមានវិញ្ញាសាជាច្រើនដូចជាការហ្វឹកហាត់ប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសទូទៅ និងទប់ទល់នឹងគ្រាប់មីស៊ីលផ្លោង, ការប្រឆាំងនឹងនាវាមុជទឹក និងការត្រៀមធ្វើសង្គ្រាមអ៊ីនធឺណិត៕
ចែករំលែកព័តមាននេះ