ខេត្តកំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋរស់នៅក្បែរទ្រង់ក្រពើ ក្នុងភូមិផ្សាឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងចំនួន៩ខ្នងផ្ទះ មានប្រជាពលរដ្ឋរស់នៅ១២គ្រួសារ បានបាក់ស្រុតធ្លាក់ទៅក្រោយ បណ្ដាលឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/a89b22d89fc3711d78fd64abe90985c6.jpg)
លោក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថា មុនឈានដល់ការបាក់ស្រុត ផ្ទះទាំង៩ខ្នង គឺកាលពីប៉ុន្មានថ្ងៃមុនមានការស្រុតជើងទេផ្លូវថ្មី បន្តិចបន្តួចដែលនៅជាប់នឹងមុខផ្ទះប្រជាពលរដ្ឋរងគ្រោះ ហើយក្រោយមកអាជ្ញាធរក៏បានចាក់បេតុង អមសងខាងផ្លូវក្នុងគោលបំណងទប់ផ្លូវបេតុងកុំឲ្យបាក់ស្រុតបន្ត ។ ស្រាប់តែនៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ បានបាក់ស្រុតតែម្ដង តែពុំមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នោះទេ ។
លោក ហ៊ីង ភ័ព្វ មិនា អភិបាលក្រុងកំពង់ឆ្នាំង នៅពេលអមដំណើរឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងចុះទៅពិនិត្យស្ថានភាពនោះ បានបញ្ជាក់ថា លោកបានចាត់ឱ្យកងកម្លាំងប្រដាប់ជួយរុះរើផ្ទះបងប្អូនប្រជាពលរដ្ឋ និងជួយលើកសម្ភារៈរបស់ពួកគាត់ទៅដាក់នៅប៉ែកខាងដីដែលមិនស្រុត ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/d3ee852aa796dca26a71cb3c8197649e.jpg)
ជាមួយគ្នានោះ លោកក៏បានរៀបចំឲ្យបងប្អូនទាំង១២គ្រួសារទៅ ស្នាក់នៅបណ្ដោះអាសន្ននៅសាលាឆាន់វត្តយាយទេព ជាបណ្ដោះអាសន្ន ប៉ុន្តែពួកគាត់ថា ទៅស្នាក់នៅផ្ទះបងប្អូនវិញ។ លោកក៏ត្រៀមរថយន្តសម្រាប់ជួយដឹកជញ្ជូនសម្ភារៈរបស់បងប្អូនប្រជាពលរដ្ឋដែរ ។
ដោយឡែកចំពោះមូលហេតុ ដែលបណ្ដាលឲ្យមានការបាក់ស្រុតនេះ លោកមិនទាន់ហ៊ានសន្និដ្ឋានបែបណាទេ ព្រោះតែព្រឹកនេះ មន្ត្រីជំនាញបានទៅពិនិត្យ និងកំពុងតែវាយតម្លៃ ។ លោកបញ្ជាក់ទៀតថា មានប្រជាពលរដ្ឋមួយគ្រួសារបានបញ្ជាក់ប្រាប់គាត់ថា មានទុយយោទឹករបស់រដ្ឋាករទឹកបានបែកលិចទឹកមួយកន្លែង ជាយូរមកហើយ ដែលជាអាចជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលបណ្ដាលឲ្យមានបាតុភាពនេះកើតឡើង ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/d3ee852aa796dca26a71cb3c8197649e-1.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/01f01faf9fefcd9734279217300d674b.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/540574d0b05235f28a0b0a36841e2cf4.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/84bbb0858977784e39056774dab0d443.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/bf228d7d7cb9a72f0baba362bd43c470.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/c1fa441ade950e10090856efefcaec65.jpg)
ចែករំលែកព័តមាននេះ