រាជធានីភ្នំពេញ ៖ រថយន្តបែន១គ្រឿង ដែលម្ចាស់ទើបតែទិញបានថ្មីៗ ដើម្បីរកស៊ីដឹកដី ថ្ម ក្រួស និងខ្សាច់ ហើយខណៈបើកបរទទេអត់មានដឹកអីសោះ ប៉ុន្តែបើកក្នងល្បឿនលឿន ហើយនៅក្នុងពេលមេឃកំពុងធ្លាក់ភ្លៀងផងនោះ ខណៈពេលអ្នកបើកបរជាន់ហ្វ្រាំងបន្ថយល្បឿន ក៏ស្រាបតែរអិលធ្លាក់ផ្លូវ រួចក៏ក្រឡាប់បះជើងដេកផ្អៀងខ្លួនស្ដូកតែម្ដង ហើយនៅសល់តែប៉ុន្មានម៉ែត្រទៀតប៉ុណ្ណោះ និងត្រូវបុកចូលផ្ទះលក់ដូរនៅតាមបណ្ដោយផ្លូវនោះអាចបណ្ដាលឲ្យមានអ្នកគ្រោះថ្នាក់បាត់ទៅហើយ ។ ទោះបីជាបែបណា ក៏សំណាងល្អផងដែរ ពុំបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកបើកបររថយន្តខាងលើ ឬអ្នកអ្នកដំណើរណាម្នាក់នោះឡើយ គឺគ្រាន់តែរងការខូចខាតរថយន្តតែប៉ុណ្ណោះ ។
ឧប្បត្តិហេតុនោះ បានកើតឡើងកាលពីវលាម៉ោង៦ល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅតាមមហាវិថីស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ស្ថិតនៅក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បើតាមប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខណៈមេឃកំពុងធ្លាក់ភ្លៀង គាត់បានឃើញរថយន្តម៉ាកនីស្សាន់ ពណ៍ទឹកប្រាក់ លាយស អត់ស្លាកលេខ១គ្រឿងខាងលើ ជាប្រភេទរថយន្តបែន បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរក្នុងល្បឿនលឿន និងក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ជាទីប្រជុំជនដែរ អ្នកបើកបរបានជាន់ហ្វ្រាំងបន្ថយល្បឿន ប្រុចញ៉ុចពេក បណ្ដាលឲ្យរអិលធ្លាក់ផ្លូវក្រឡាប់ដេកផ្អៀងខ្លួនស្ដូកតែម្ដង ។
ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះនៅសល់តែប៉ុន្មានម៉ែត្រទៀតប៉ុណ្ណោះ រថយន្តខាងលើ និងបុកចូលផ្ទះពួកគាត់ហើយអាចនិងបង្កគ្រោះថ្នាក់ដល់ពួកគាត់បាត់ទៅហើយ ។ ប៉ុន្តែនេះចាត់ទុកថា ជាសំណាងល្អហើយ ដែលរថយន្តបានក្រឡាប់មុនពេលទៅដល់ផ្ទះពួកគាត់បែបនះ ចំណែកឯអ្នកបើកបរ និងអ្នកដំណើរតាមផ្លូវក៏គ្មានគ្រោះថ្នាក់ឡើយ គឺខូចខាតតែរថយន្តប៉ុណ្ណោះ ។ ដោយឡែកផ្លូវខាងលើឲ្យតែពេលមេឃធ្លាក់ភ្លៀងគឺរអិលណាស់ រថយន្តឬម៉ូតូឲ្យតែបើកខ្វះការប្រុងប្រយ័ត្ននិងជួបគ្រោះថ្នាក់មិនខានឡើយ ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះបានចុះទៅពិនិត្យមើលជាក់ស្ដែង ហើយបានឃើញថា រថយន្តនោះគ្រោះថ្នាក់ក្រឡាប់ដោយខ្លួនឯង ពុំមានគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ឬប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ ទើបអនុញ្ញាតឲ្យម្ចាស់ស្ទូចយកទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ