រាជធានីភ្នំពេញញ ៖ សំណល់ស្នែង និងឆ្អឹងសត្វពាហនៈជាពិសេស គឺគោ និងក្របី នៅតាមទីសត្តឃាតមួយចំនួនដែលបង្កជាក្លិនអសោច ដោយអ្នកខ្លះបានគិតថា គ្មានប្រយោជន៍មិនដឹងយកធ្វើអ្វី ប៉ុន្តែក្រោយគេយកកែច្នៃចេញជាគ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ផ្សេងៗ គឺហាក់កំពុងទទួលបានការគាំទ្រ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/2baef5c2b6717a4b6346b247d52e76d5.jpg)
លោកស្រី គួន ចិន្តា ម្ចាស់ហាង Somonea ផលិតផលស្នែង បានឱ្យកម្មវិធីលុយ នៃសារព័ត៌មានកោះសន្តិភាព ដឹងថា ទីផ្សារវត្ថុកែច្នៃចេញពីស្នែងមានតម្លៃគ្រាន់បើ ។ លោកស្រី គួន ចិន្តា មានដើមកំណើតនៅឃុំស្រុកកំពង់លាវ ខេត្តព្រៃវែង បានចាប់ផ្តើមបែកគំនិតតាំងពីនៅអំឡុងឆ្នាំ ១៩៩០ ជាង បន្ទាប់ពីស្វាមីរបស់លោកស្រីបានចូលរៀនជំនាញកែច្នៃធ្វើជាវត្ថុសម្រាប់ដាក់តាំងនៅក្នុងផ្ទះដូចជា ៖ សំណាកសត្វកុក ក្តាម បង្កង ជាមួយអង្គការប្រាសាក់ តែមិនមែនកែច្នៃពីស្នែងគោក្របីឡើយ ប៉ុន្តែនៅពេលដែលក្បែរផ្ទះមានហាងលក់ស៊ុបមួយគេចោលក្បាលគោ ក្បាលក្របី ភ្ជាប់ជាមួយស្នែងរបស់វាដែលធ្វើឱ្យមានក្លិនស្អុយ ក៏បែកគំនិតយកវាមកកៃច្នៃឡើង ។
លោកស្រី គួន ចិន្តា បន្ថែមថា បើទោះបីជាពេលនោះលោកស្រីត្រូវរំខានដោយក្លិនស្អុយបែបណាក្តី ក៏លោកស្រីមិនដែលមាត់ធំមាត់តូចជាមួយម្ចាស់ហាងលក់ស៊ុបនោះឡើយ ហើយលោកស្រី និងស្វាមីតែងរើសស្នែងគោក្របីទាំងនោះមកលាងហើយហាលថ្ងៃយ៉ាងស្ងួតរៀបចំទុកដាក់វាត្រឹមត្រូវ ហើយក៏យកវាមកកៃច្នៃជាគ្រឿងលម្អតាំងនៅក្នុងផ្ទះ ជាគ្រឿងអលង្ការ និងវត្ថុផ្សេងៗ ។ លោកស្រីបន្តថា «ភ្ញៀវគាត់ចេះតែចង់ឱ្យយើងធ្វើនេះធ្វើនោះ ជារបស់ប្រើប្រាស់ យើងក៏ធ្វើតាមគាត់ទៅ គ្រាន់តែយើងមុននឹងធ្វើ យើងត្រូវមើលរៀងស្នែងរបស់វាដែរ ដូចរបស់ដែលយើងចង់បាន ឬអត់ ? ស្នែងយើងអាចកែច្នៃបានតាមលទ្ធភាព តែយើងក៏មិនអាចកែច្នៃឱ្យខុសពីរូបរាងដើមដែរ» ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/e0471518b898f5289e8e4ded914f25d1.jpg)
លោកស្រី គួន ចិន្តា បន្តថា ដោយសារតែនៅស្រុកកំណើតមិនមានអ្នកគាំទ្រផលិតផលកែច្នៃពីស្នែងគោក្របីទើបនៅឆ្នាំ ២០០១ លោកស្រី និងស្វាមីផ្លាស់មករស់នៅផ្ដុំប៊ុលឌីងក្នុងរាជធានីភ្នំពេញ ដោយប្រកបរបរលក់ផលិតផលស្នែងនេះដដែល ហើយផលិតផលរបស់លោកស្រី ក៏ចេះតែមានអតិថិជនទាំងខ្មែរ ទាំងជនបរទេសស្គាល់ជាបណ្តើរៗ ។
ដោយសារការលក់ដូរផលិតផលកែច្នៃពីស្នែងគោស្នែងក្របីជាច្រើនឆ្នាំមក អ្នកស្រីបានមើលឃើញថា ភ្ញៀវបរទេសភាគច្រើនចូលចិត្តគ្រឿងអលង្ការ ហេតុដូច្នេះទើបអ្នកស្រីកែច្នៃធ្វើជាគ្រឿងអលង្ការវិញ ។ លោកស្រីបន្ថែមថា «ស្នែងខ្លះពណ៌វាមកពីធម្មជាតិរបស់វាតែម្តង ដូចជា ស្នែងវាដុះមកមានម្រ័ក្សណ៍ មានពណ៌មានអីជារូបនៅក្នុងនោះតែម្តង ។ ដូចកាលពីវារស់នៅមានជីវិតវាទៅជល់គ្នា ហើយបង្កើតឱ្យមានជារូបវល្លិ៍នៅក្នុងស្នែងរបស់វាតែម្តង អ៊ីចឹងវល្លិ៍ហ្នឹងវាស្អាតផុតគេហើយគ្មាន ២ ទេ» ។
លោកស្រី គួន ចិន្តា បញ្ជាក់ថា កាលពីមុននៅពេលដែលស្វាមីរបស់អ្នកស្រីផលិតបានហើយ ក៏យកផលិតផលនោះទៅផ្ញើនៅតាមហាងនានាក្នុងទីក្រុងភ្នំពេញ ។ តែនៅប៉ុន្មានឆ្នាំមុនសម័យកើតមានជំងឺកូវីដ គឺអ្នកស្រីមានហាងផ្ទាល់ខ្លួនមួយនៅក្បែរសារមន្ទីរប្រល័យពូជសាសន៍ជើងឯក ហើយចេះតែមានភ្ញៀវបរទេសចូលទិញផលិតផលរបស់អ្នកស្រីជាហូរហែមកដែរ ។ លោកស្រីបន្ថែមថា ចំពោះវត្ថុធាតុដើមជាស្នែងគោស្នែងក្របីនេះពីមុនៗមកអ្នកស្រីដើរប្រមូលពីតាមទីសត្តឃាត តែឥឡូវនេះគឺអ្នកស្រីមានម៉ូយយកមកលក់ឱ្យដល់ៗកន្លែងតែម្តង ។ ក្នុងនោះឆ្អឹងគោឆ្អឹងក្របី ក៏អ្នកស្រីយកដែរ តែយកចំនួនតិចបំផុតប៉ុណ្ណោះ ប៉ុន្តែឆ្អឹងវាមានក្លិនស្អុយជាងស្នែង ព្រោះនៅក្នុងឆ្អឹងមានខួរ ។ រីឯស្នែងដែលនៅមានជាប់សាច់ហើយវាមានក្លិនស្អុយដែរ ដូច្នេះហើយទើបអ្នកស្រីត្រូវលាងសម្អាត និងហាលថ្ងៃឱ្យស្ងួតល្អអស់ក្លិនស្អុយទើបយកមកកែច្នៃបាន ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/c00ac9befe3652cb24d280445e3018f3.jpg)
លោកស្រី គួន ចិន្តា បញ្ជាក់ថា «នៅស្រុកខ្មែរយើងគិតៗទៅដូចជាមិនទាន់មានអ្នកវិនិយោគលើការផលិតកែច្នៃស្នែងគោក្របីនេះនៅឡើយទេ ។ តាមពិតទៅស្អុយបំផុតក៏កែច្នៃធ្វើជាជីធម្មជាតិបានទៀត ខណៈដែលរាល់ថ្ងៃយើងនាំជីគីមីចូលមកច្រើនមែនទែន ។យើងគិតថាសាច់គោក្របីយើងញ៉ាំចុះរបស់នៅសល់យើងយកទៅណា ? និយាយទៅសំណល់ដែលយើងបោះចោលសុទ្ធតែច្នៃបានលុយទាំងអស់» ។
បើតាមលោកស្រី គួន ចិន្តា អាជីពជំនាញមួយនេះ អ្នកស្រីនឹងបន្តដល់កូនចៅតជំនាន់ទៅថ្ងៃអនាគតទៀត ហើយអាចរស់បាន ១ ជីវិតមិនពិបាកទេ ។ ប៉ុន្តែក៏អាស្រ័យលើការព្យាយាមយកចិត្តដាក់របស់បុគ្គលខ្លួនយើងម្នាក់ៗដែរ បើយើងមិនតស៊ូព្យាយាមក៏មិនអាចធ្វើការងារសម្រេចដូចបំណងបានដែរ ។ ចំពោះវត្ថុអនុស្សាវរីយ៍កែច្នៃពីស្នែងគោស្នែងក្របីមានតម្លៃចាប់ពី ៣ ដុល្លារ រហូតដល់ ៥០០ ដុល្លារ ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/cf1605cbdd1599e2fc7cd068b9cfa627.jpg)
ចែករំលែកព័តមាននេះ