រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ បានធ្វើការអំពាវនាវអោយមានការឈប់ផ្សព្វផ្សាយបន្តវីដេអូ ដែលបង្ហាញអំពីអតីតឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់យុវជន និងយុវតីជាគូរស្នេហ៍ដោយចាត់ទុកថា វីដេអូនោះមានភាពសាហាវឃោរឃៅហើយការផ្សព្វផ្សាយធ្វើអោយប៉ះពាល់ដល់ក្រមសីលធម៌សារព័ត៌មាន ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា នៅប៉ុន្មាននាទីមុននេះ មានការលេចធ្លាយ នូវឃ្លីបវីដេអូ នៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ និងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ព្រមទាំងឃើញអង្គភាពសារព័តមានខ្លះបានផ្សព្វផ្សាយវីដេអូឃ្លីបទាំងនោះបន្ត ។
លោកបន្តថា “ខ្ញុំសូមបងប្អូនអ្នកសារព័ត៌មានបញ្ឈប់ការចែកចាយផ្សព្វផ្សាយបន្ទាន់ និងស្នើដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ កុំចែករំលែកបន្ត នូវរូបភាពដ៏សាហាវឃោរឃៅនេះ ខណៈក្រុមគ្រួសារសាច់ញាតិ នៃប្អូនស្រីប្អូនប្រុសដែលបានស្លាប់ កំពុងកាន់មរណទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់កូនក្មួយជាទីស្រឡាញ់របស់ខ្លួន។ ការផ្សព្វផ្សាយពីរូបភាពនេះ ជាការកាន់តែធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គ្រួសារជនរងគ្រោះ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ នៃជនរងគ្រោះ ហើយការផ្សព្វផ្សាយឃ្លីបវីដេអូនេះពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ គឺប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន” ។
លោកនិយាយបន្ថែមទៀតថា “ដូច្នេះខ្ញុំសូមបងប្អូនបញ្ឈប់ការផ្សព្វផ្សាយ និងការចែកចាយបន្ត នូវវីដេអូឃ្លីបទាំងអស់នោះ” ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/8885fa2eadc0bfaca292a1e5d9009dcb-2.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/7539b42eb08ed6cc7ac6a2f55c957f91-1.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/5237883354f9eed10c405aee7119e26f-1.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/9530d5180f4fb3d059a70387f03aa142-1.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/c7fb8180588555b1288ae0ae42008c24.jpg)
ចែករំលែកព័តមាននេះ