បា.ត់អស់អំណោយកូនភ្លោះ៣របស់សម្តេចតេជោ សុំឯកឧត្តមសេង ទៀង ជួយអន្តរាគមន៍ផង
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ជីដូន ជីតា សាច់ញាតិ និងបុរសជាឪពុកកូនភ្លោះចំនួន៣នាក់ កើតទុក្ខមិនសុខ
ខេត្តកំពង់ស្ពឺ ៖ ជីដូន ជីតា សាច់ញាតិ និងបុរសជាឪពុកកូនភ្លោះចំនួន៣នាក់ កើតទុក្ខមិនសុខ
ខេត្តកំពង់ស្ពឺ ៖ ជីដូន ជីតា សាច់ញាតិ និងបុរសជាឪពុកកូនភ្លោះចំនួន៣នាក់ កើតទុក្ខមិនសុខចិត្ត ធ្វើការសំណូមពរដល់សម្តេចតេជោហ៊ុនសែន សម្តេចប៊ុនរ៉ានីហ៊ុនសែន និង ឯកឧត្តម សេង ទៀង ដែលបានប្រគល់ជំនួយរបស់សម្តេចមានសម្ភារៈ និងថវិការសរុបជិត២០លានរៀល ដើម្បីទុកចិញ្ចឹមកូនភ្លោះទាំង៣នាក់ ក្រោយម្តាយស្លាប់ចោល ។ ហើយត្រូវបានម្តាយ ឪពុកក្មេក យកទៅទុកមិនព្រមប្រគល់ឱ្យមករូបគាត់ជាជីដូន និងប្តី ដែលជាអ្នកនៅបីបាច់ចិញ្ចឹមមើលថែរក្សារាល់ថ្ងៃជិត៧ខែកន្លងទៅហើយ បណ្តែតបណ្តោយឱ្យកូនភ្លោះទាំង៣នាក់បៅទឹកបបរ លាយជាមួយទឹកដោះគោបន្តិចបន្តួចតែប៉ុណ្ណោះ។ដោយទង្វើររបស់ឪពុក ម្តាយ មិនគិតគូរដល់ទុក្ខលំបាករបស់កូនប្រសារប្រុស និងចៅភ្លោះស្រីៗទាំង៣នាក់កំព្រាម្តាយហើយ មិនព្រមប្រគល់ថវិកានិងសម្ភារៈដែលសម្តេចតេជោ សម្តេចប៊ុនរ៉ានី ហ៊ុនសែន តាមរយះឯកឧត្តម សេង ទៀង ។
លោក អ៊ី សុខជឿន អាយុ៤១ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅក្នុងភូមិថ្មី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលជាឪពុកកូនស្រីភ្លោះចំនួន៣នាក់ បានរៀបរាប់ឱ្យអ្នកសារព័ត៌មានដឹងថា លោកបានរៀបការជាមួយស្ត្រីឈ្មោះ ផុន សុភ័ណ្ឌ ជាគ្រូបង្រៀននៅសាលាបឋមសិក្សាម្រុំខាងជើង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៩។ រស់នៅជាមួយគ្នានៅក្នុងភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមនខេត្តកំពង់ស្ពឺ ដោយទទួលបានចំណងដៃកូនចំនួន៥នាក់(ទាំងកូនស្រីភ្លោះ៣នាក់)ផងដែរ។
លោក អ៊ី សុខជឿន បានបន្តថា កូនទី១ អាយុបាន១៨ឆ្នាំហើយ(បួសជាសង្ឃ)ក្រោយពីប្រពន្ធរបស់លោកស្លាប់។ កូនទី២ មានអាយុ៧ឆ្នាំ រៀនថ្នាក់ទី២នៅសាលាបឋមសិក្សាសំពៅ និងកូនភ្លោះស្រីចំនួន៣នាក់ អាយុទើបតែបាន៧ខែតែប៉ុណ្ណោះ។
លោក អ៊ី សុខជឿន បន្តទៀតថា នៅមុនកូនស្រីភ្លោះទាំង៣នាក់របស់គាត់បានកើតមកនោះថា កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ ប្រពន្ធរបស់លោកមានអាក្ការៈខ្សោយទៅៗ ល្ហិតល្ហៃ លោកក៏បានដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីឱ្យលោកគ្រូពេទ្យពិនិត្យ ហើយមានអាក្ការៈហូរឈាមតាមអញ្ចាញធ្មេញទៀតផង។ ពេលនោះលោកគ្រូពេទ្យបានប្រាប់ឱ្យត្រឡប់មកផ្ទះវិញទៅខ្វះជីវជាតិ ហូបសាច់ និងបន្លែ ផ្លែឈើឱ្យបានច្រើនទៅជាសះស្បើយហើយ។
ពេលនោះប្រពន្ធរបស់លោកចាប់ផ្តើមក្តៅខ្លួនជាប្រចាំ ហើយតែងតែពោលពាក្យថាអាណិតកូនសិស្សក៏ទៅបង្រៀនរហូត ទាំងដែលខ្លួនមានជំងឺ ហើមជើងផង ហូរឈាមចេញតាមអញ្ចាញធ្មេញមិនឈប់សោះ ហើយផ្ទៃពោះកាន់តែធំទៅៗដែរ។ លុះដល់ថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២៤ (ប្រពន្ធរបស់លោក) ឈឺពោះសម្រាលកូន លោកក៏បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រប្រសូត្របានកូនស្រីភ្លោះចំនួន៣នាក់ (ចិញ្ចឹមក្នុងកែវ រយៈពេលជាង១ខែ) ដោយកូនសម្រាលត្រឹមតែ៧ខែតែប៉ុណ្ណោះ ។ គ្រាន់តែសម្រាលកូនបានចំនួន១១ថ្ងៃ ប្រពន្ធរបស់លោកបានស្លាប់បាត់បង់ជីវិតចោលលោកនិងកូន ក្លាយជាបុរសពោះម៉ាយ និងកូន៥នាក់នៅកំព្រារហូតមក ។
លោក អ៊ី សុខជឿន បានបន្ថែមទៀតថា ដោយមានក្តីសណ្តោសប្រណីពីសម្តេចទាំងទ្វេរ សម្តេចតេជោហ៊ុនសែន និងសម្តេចប៊ុនរ៉ានី ហ៊ុនសែន បានចាត់ឱ្យឯកឧត្តម សេង ទៀង តំណាងយកថវិកានិងសម្ភារៈមកប្រគល់ឱ្យរូបលោកមាន÷ សម្តេច ថវិកា ១០លានរៀល កាកបាទក្រហម៥លានរៀល និង មន្ទីរអប់រំយុវជននិងកីឡាចំនួន៣លានរៀល និងសម្ភារៈជាច្រើនទៀតផង។ គ្រាន់តែប្រពន្ធលោកស្លាប់បាត់ ម្តាយក្មេក ឪពុកក្មេក និងបងថ្លៃ បានយកលុយនិងសម្ភារៈទាំងអស់នោះទុក មិនប្រគល់ឱ្យលោកជាអ្នកមើលថែកូនស្រីភ្លោះទាំង៣នាក់នោះទេ។
ចំណែកអ្នកស្រី អ៊ី នី អាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិថ្មី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ជាបងជីដូនមួយរបស់ឪពុកកូនស្រីភ្លោះទាំង៣នាក់ខាងលើ បានលើកឡើងថា រាល់ថ្ងៃនេះប្អូនប្រុសរបស់គាត់ពិតជាលំបាកខ្លាំងណាស់ ដោយសារតែជាមនុស្សប្រុសមិនសូវចេះមើលថែរក្សាកូនតូច រហូតដល់ភ្លោះចំនួន៣នាក់ទៀត។ ហើយរាល់ថ្ងៃជីវភាពខ្វះខាត កូនស្រីភ្លោះ៣នាក់ហូបទឹកបបរ លាយជាមួយទឹកដោះគោតិចតួចតែប៉ុណ្ណោះ។ ដូច្នេះក្នុងនាមជាបងជីដូនមួយ ជាម្តាយធំកូនភ្លោះ៣នាក់ ធ្វើការសំណូមពរ ឯកឧត្តម សេង ទៀង និងជាពិសេសសម្តេចទាំងទ្វេរ មេត្តាជួយអន្តរាគមន៍យកលុយពីឪពុកម្តាយក្មេក មកប្រគល់ឱ្យឪពុកកូនស្រីភ្លោះទាំង៣នាក់ ដើម្បីចិញ្ចឹមជីវិតផង។
ដោយឡែក ឈ្មោះ លុយ រីម អាយុ៦៦ឆ្នាំ ជាជីដូន កូនស្រីភ្លោះ៣នាក់បានរៀបរាប់ទាំងទឹកភ្នែកថា គាត់បានលក់ដីស្រែដើម្បីទៅស្តី ដណ្តឹងកូនដន្លងត្រឹមត្រូវ មិនគួរណាដន្លងធ្វើបាបកូនប្រសារ និងចៅភ្លោះ៣ ក្រោយពីកូនបង្កើតអ្នកដន្លងស្លាប់នោះទេ។ ថ្ងៃមួយនោះដន្លងបានហៅគាត់ទៅជួប ស្រាប់តែឱ្យកូនប្រសារនិងចៅៗ ចេញពីផ្ទះ ហើយបានយកលុយដែលថ្នាក់ដឹកនាំប្រគល់ឱ្យទុកចិញ្ចឹមចៅស្រីភ្លោះទាំង៣នាក់នោះ មិនព្រមប្រគល់ឱ្យកូននិងចៅចឹង។
ទង្វើររបស់អ្នកដន្លងហាក់បីដូចជាគ្មានក្តីអាណិត ក្តីមេត្តាចំពោះ កូនប្រសារ និងចៅៗ សរុប៥នាក់ ទាំងចៅស្រីភ្លោះនេះទាល់តែសោះ។ អ្នកស្រី លុយ រីម បានបន្តថា ដោយឃើញទង្វើររបស់អ្នកដន្លងបែបនេះ គាត់លើកដៃសំពះអង្វរដល់ឯកឧត្តម សេង ទៀង និងជាពិសេសសម្តេចតេជោ និងសម្តេច ប៊ុនរ៉ានី ហ៊ុនសែន មេត្តាជួយរកយុត្តិធម៌ និងអន្តរាគមន៍យកថវិកា និងសម្ភារៈដែលសម្តេចជួយឧបត្ថម្ភ ចិញ្ចឹមចៅស្រីភ្លោះកំសត់ទាំង៣នាក់រស់ទាំងវេទនារាល់ថ្ងៃផងទាន។ ជីដូនខាងលើសង្ឃឹមយ៉ាងម៉ុតមាំលើឯកឧត្តម សេង ទៀង និង សម្តេចទាំងទ្វេរហើយថាជួយគាត់បាន ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ