មកដល់ពេលនេះ វិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសម្តេចតេជោ អាចមានសមត្ថភាពផលិតកូនត្រី សម្រាប់ស្រាវជ្រាវនិងផលិតកម្មបានប្រមាណជា១២ប្រភេទ ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងអំឡុងពេល លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យការភ្ញាស់កូនត្រីនៅវិទ្យាស្ថានដែល ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅថា ការផលិតកូនត្រីពូជនៅវិទ្យាស្ថាននេះគឺបានត្រីចំនួន១២ប្រភេទ ។ ប្រភពដដែលបានឲ្យដឹងថា ការផលិតនោះ ចែកចេញជាពីរ គឺត្រីស្រាវជ្រាវ និងត្រីផលិតកម្ម។
ប្រភពដដែលបានបន្តថា ត្រីសម្រាប់ស្រាវជ្រាវមាន ៥ប្រភេទ ដូចជា ត្រីខ្យា ត្រីគ្រំ ត្រីត្រចៀកដំរី ត្រីខ្ជឹង និងត្រីក្រាយ រីឯត្រីសម្រាប់ផលិតកម្មមានចំនួន ៧ប្រភេទ ដូចជា ត្រីឆ្ពិន ត្រីព្រលូង ត្រីកាហែ ត្រីកាបស ត្រីកាបក្បាលធំ ត្រីរាហ៊ូ និងបង្កង។
នាឱកាសនោះ រដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ជំរុញការពិនិត្យពីលក្ខណៈមេពូជសក្តានុពល និងត្រីដែលជិតផុតពូជឱ្យបានច្បាស់លាស់ទៅតាមបច្ចេកទេស។ ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រី បានណែនាំឱ្យមានការគិតគូរលក្ខណៈសេដ្ឋកិច្ច ធ្វើឱ្យមានផលចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាពពិតប្រាកដ។
ចែករំលែកព័តមាននេះ