រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីនគរបាលចូលនិវត្តន៍ មានជំងឺបេះដូងស្រាប់ផង បានបើករថយន្ត ១គ្រឿង ទៅដឹកប្រពន្ធចុងរបស់គាត់ ចូលទៅដេកនៅក្នុងផ្ទះសំណាក់មួយកន្លែង ក្រោយមក ស្រាប់តែមានអាការៈមិនស្រួលខ្លួនតឹងណែនទ្រូង និងថប់ដង្ហើម ។ ពេលនោះ ប្រពន្ធចុង បានជួយគក់ច្របាច់ធ្វើចលនាបេះដូងឲ្យរហូតបានធូរស្រាលបន្តិចវិញ ហើយគាត់បានសម្រាកលើគ្រែមួយសន្ទុះ ទើបក្រោកចុះដើរទៅបន្ទប់ទឹក ដើម្បីងូតទឹកសម្អាតខ្លួន ។
ប៉ុន្តែជាអកុសល ក៏ស្រាប់តែដួលផ្ងាកក្រោយ បណ្ដាលឲ្យសន្លប់ បន្ទាប់មកស្ត្រីជាប្រពន្ធចុង បានប្រាប់ម្ចាស់ផ្ទះសំណាក់ ឲ្យជួយហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីទៅជួយសង្គ្រោះប្ដីដែរ តែពេលទៅដល់ក្រុមគ្រូពេទ្យពិនិត្យឃើញប្ដីស្លា.ប់បាត់ទៅហើយ ។
ហេតុការណ៍នេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ នៅក្នុងបន្ទប់លេខ២០៤ ជាន់ទី២ ផ្ទះសំណាក់យីហោ «ពិភពសួគ៌១» ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសខាងលើឈ្មោះ រស់ បុណ្ណ អាយុ៥៩ឆ្នាំ ជាមន្ត្រីនគរបាល ដែលទើបចូលនិវត្តន៍ បានរយៈពេល១ឆ្នាំប៉ុណ្ណោះ បច្ចុប្បន្នគាត់រស់នៅជាមួយប្រពន្ធដើម និងមានកូនស្រី៣នាក់ នៅផ្ទះលេខ២៥០ ភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។
ដោយឡែក ស្ត្រីជាប្រពន្ធចុង ដែលបានចូលទៅដេកនៅក្នុងផ្ទះសំណាក់ជាមួយគាត់នោះឈ្មោះ អេម ស្រីលីន អាយុ៤៣ឆ្នាំ រស់នៅផ្ទះផ្សេងនៅក្នុងបុរីពិភពថ្មី ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
ប្រពន្ធចុងរូបនោះ បានប្រាប់ឲ្យនគរបាលដឹងថា រូបគាត់ និងប្ដី មានទំនាក់ទំនងយកគ្នាជាប្ដីប្រពន្ធចុងនេះច្រើនឆ្នាំមកហើយ និងបង្កើតបានកូនស្រីម្នាក់ អាយុ០៥ឆ្នាំហើយ កន្លងមកពួកគាត់តែងតែណាត់ជួបគ្នានៅផ្ទះសំណាក់មួយនេះ រហូតមកជាប្រចាំ ។ ដោយឡែកនៅវេលាម៉ោង១រសៀលថ្ងៃកើតហេតុ ប្ដីគាត់បានបើករថយន្តម៉ាក Lexus RX-330 ពណ៍ផ្សែងបារី ១គ្រឿង ចេញពីផ្ទះនៅភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ដើម្បីទៅដឹកគាត់ចូលផ្ទះសំណាក់ពិភពសួគ៌ ។
ស្ត្រីជាប្រពន្ធចុង បានប្រាប់ទៀតថា ប្ដីគាត់បានទៅដល់ផ្ទះគាត់នៅផ្ទះនៅបុរីពិភពថ្មី ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល នៅវេលាម៉ោង២រសៀលថ្ងៃដដែល បន្ទាប់មកទើបនាំគ្នាកាន់ផ្ទះសំណាក់នោះ ។ លុះពេលចូលដល់ក្នុងបន្ទប់ដេកក្នុងផ្ទះសំណាក់ ក៏ស្រាប់តែប្ដីគាត់មានអាការៈមិនស្រួលខ្លួន តឹងណែនទ្រូង ថប់ៗដង្ហើម ហើយគាត់ក៏បានជួយគក់ច្របាច់ធ្វើចលនាបេះដូងឲ្យរហូតបានធូរស្រាលបន្តិចវិញ ។
គាត់បានបញ្ជាក់ប្រាប់នគរបាលបន្ថែមទៀតថា បន្ទាប់មកប្ដីគាត់បានសម្រាករហូតដល់វេលាម៉ោងកើតហេតុខាងលើ ទើបក្រោកដើរទៅកាន់បន្ទប់ទឹក ដើម្បីងូតទឹក ហើយក៏ស្រាប់តែដួលផ្ងាកក្រោយ បណ្ដាលឲ្យសន្លប់បាត់មាត់បាត់ក តែម្ដង ។ ខណៈនោះគាត់ក៏រត់ទៅប្រាប់ម្ចាស់ផ្ទះសំណាក់ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយម្ចាស់ផ្ទះសំណាក់បានហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីទៅជួយសង្គ្រោះប្ដី ។ លុះពេលទៅដល់ក្រុមគ្រូពេទ្យបានប្រាប់ថា ប្ដីគាត់បានស្លា.ប់បាត់ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ច អាជ្ញាធរចុះទៅពិនិត្យកោសល្យវិច័យ តែម្ដង ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/ddb88c881e75d09b25fb2a77cc3c814b.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/dea504078b0043b01f286435134a8a48.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/638e9d66bfca1559ee57ae6aabd6dc1c.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/466c3de964f2473c95e1a4b9f779b979.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/cdc6661dc3887d195c8c28adeceb8cb8.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/656ccd7307d851a2a4cea4de3a30ecd8.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/010d243b0118d74fccb0a8c83ef5cdd3.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/966b7ad6e407750b2fc67ac039b7dace.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/e9a2f2dddb66eeb5be59a4c06fb3d01c.jpg)
ចែករំលែកព័តមាននេះ