រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានគូសបញ្ជាក់ឲ្យដឹងថា នៅតំបន់មួយចំនួននឹងអាចមានភ្លៀងធ្លាក់លាយឡំជាមួយនឹងបាតុភូតធម្មជាតិផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅប៉ុន្មានថ្ងៃខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងធនធានទឹកបានឲ្យដឹងថា កម្ពុជាបានរងសម្ពាធទាបគ្រប ដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
ក្រសូងបានលើកឡើងថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់វាលទំនាបមានសីតុណ្ហភាពអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៣អង្សាសេ ។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម២,៥ម៉ែត្រវិនាទី ។
ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០% ។
ចំណែកនៅតំបន់ខ្ពង់រាបមាន សីតុណ្ហភាពអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពអតិបរមា៣២អង្សាសេ ។ ខ្យល់បក់មកពីទិសនិរតី និងទិសបូព៌មានល្បឿនមធ្យម២,៥ម៉ែត្រវិនាទី ។ ខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ស្ពឺ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០% ។
ដោយឡែក នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពអតិបរមា៣២អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម៥,៥ម៉ែត្រ/វិនាទី ។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើ ផ្ទៃដី៣០% ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,៥០ម៉ែត្រ៕
ចែករំលែកព័តមាននេះ