ព្រះសង្ឃថៃមួយអង្គជិះឡានមកលួចស្រាបៀរពីផ្ទះលក់ចាប់ហួយមួយកន្លែង លុះ២ថ្ងៃក្រោយក៏មកម្តងទៀត ទើបត្រូវម្ចាស់ហាងផុសហ្វេសបុកសួរថា ចង់មកសូមទោស ឬចង់មកលួចថែម?
យោងតាមសារព័ត៌មាន The Thaiger បានចេញផ្សាយនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ថា លទ្ធិព្រះពុទ្ធសាសនាថៃត្រូវបានបំផ្លាញសារជាថ្មីដោយសារតែស្នាដៃព្រះសង្ឃថៃមួយអង្គ បន្ទាប់ពីម្ចាស់ផ្ទះលក់ចាប់ហួយមួយកន្លែងនៅក្នុងខេត្តមុកដាហាន នាភាគឥសានប្រទេសបានបង្ហោះវីដេអូបង្ហាញពីសកម្មភាពលួចស្រាបៀររបស់ព្រះសង្ឃអង្គនេះ ដែលត្រូវថតបានដោយកាមេរ៉ាសុវត្ថិភាពនៅលើបណ្តាញសង្គម ។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Oom Phakhamon បានបង្ហោះវីដេអូសកម្មភាពដែលព្រះសង្ឃអង្គបាននិមន្តមកកាន់តូបរបស់ខ្លួនលើកទី១ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ។ ២ថ្ងៃក្រោយមក ពោលគឺកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ព្រះសង្ឃដដែលនេះ ក៏បាននិមន្តមកម្តងទៀត ហើយដើរទៅរកទូទឹកកកដដែល ប៉ុន្តែក្រោយពីអ្នកលក់សួរនាំ ក៏បានចាកចេញភ្លាមៗ ។
ម្ចាស់គណនីហ្វេសប៊ុក Oom Phakhamon ដែលអះអាងថា ខ្លួនជាម្ចាស់ផ្ទះលក់ចាប់ហួយបានរៀបរាប់ថា ដំបូងឡើងខ្លួនគ្រាន់តែសង្ស័យទៅលើព្រះសង្ឃនោះថា ជាព្រះសង្ឃក្លែងក្លាយ ព្រោះសង្ឃឯណាជិះឡានមកទិញភេស្ជជៈឆាន់ដោយខ្លួនឯងបែបនេះ ។ ប៉ុន្តែក្រោយពីគាត់បានមើលក្នុងហ្វេសបុកឃើញមានការចែកចែករំលែកវីដេអូស្តីពីព្រះសង្ឃដែលមានរូបរាងដូចគ្នានេះបានប្រព្រឹត្តសកម្មភាពលួចភេសជ្ជៈពីហាងលក់ដូរមួយកន្លែងក្នុងតំបន់នោះ គាត់ក៏នឹកសង្ស័យទៅលើ ព្រះសង្ឃដែលបានមកហាងរបស់ខ្លួនដល់ទៅ២ដង ហើយនាងនិងគ្រួសារ ក៏បានសម្រេចចិត្តឆែកមើលវីដេអូកាមេរ៉ាសុវត្ថិភាព ទើបជួបរឿងមិននឹកស្មានដល់ ព្រោះបានឃើញយ៉ាងច្បាស់ថា ព្រះសង្ឃនបានលួចផឹកស្រាពីហាងរបស់នាង ។
កាមេរ៉ាសុវត្ថិភាពទាំង៣ ដែលបំពាក់នៅគ្រប់ទិសក្នុងហាងបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីសកម្មភាពលួចរបស់ព្រះសង្ឃពេលចុះពីឡាន បានដើរតម្រង់ទៅរើសភេសជ្ជៈក្នុងទូរទឹកកក ហើយលួចយកស្រាបៀរ១កំប៉ុងម្តង១កំប៉ុងម្តងលាក់ក្នុងថង់យាម មុនពេលដែលយកភេសជ្ជៈ២កំប៉ុងផ្សេងទៀតទៅគិតលុយ។
ម្ចាស់តូបលក់ចាប់ហួយបានប្រាប់អ្នកកាសែតថា ព្រះសង្ឃមួយអង្គនេះមានព្រះជន្មប្រហែល៥០ព្រះវស្សា ប៉ុន្តែគាត់មិនធ្លាប់បានប្រទះឃើញថា ជាសង្ឃដែលគង់នៅវត្តណាមួយនៅក្នុងភូមិស្រុកខ្លួនពីមុនមកទេ។ យ៉ាងណាក៏ដោយ ម្ចាស់ផ្ទះមិនបានបញ្ជាក់ថា តើគាត់នឹងដាក់ពាក្យប្តឹងទៅប៉ុស្តិ៍ប៉ូលិសដែរឬអត់នោះទេ គ្រាន់តែការចែករំលែករឿងនេះលើបណ្តាញសង្គម គឺដើម្បីជាសារឱ្យអ្នកលក់ដូរនៅក្នុងស្រុកភូមិ ត្រូវប្រយ័ត្នចំពោះព្រះសង្ឃអង្គនេះ។
ជុំវិញបញ្ហាដែលប៉ះពាល់ដល់ព្រះពុទ្ធសាសនានេះ ព្រះមេគុងស្តីទីនៃខេត្តមុកដាហានកំពុងស៊ើបអង្កេតស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណព្រះសង្ឃដែលប្រព្រឹត្តអំពើចោរកម្ម និងផឹកស្រា ដើម្បីចាប់ផ្សឹកនិងដាក់ទោស ។
ពាក់ព័ន្ធនឹងរឿងព្រះសង្ឃថៃលួចស្រាបៀរនេះគេនៅចាំបានថា មានព្រះសង្ឃថៃមួយអង្គនៅឯខេត្តបូរីរ៉ាំ ត្រូវបានចាប់ខ្លួនកាលពីខែមេសាកន្លងទៅ បន្ទាប់ពីផឹកស្រា ហើយព្យាយាមចូលទៅចាប់រំលោភដូនជីពីរនាក់ដល់ក្នុងបន្ទប់ ។
ព្រះសង្ឃថាំ មួយអង្គទៀតត្រូវ ក៏ទើបតែត្រូវបានចាប់ខ្លួនកាលពីខែឧសភាថ្មីៗនេះ បន្ទាប់ពីគាត់ចូលចាក់សាំងអស់1,300បាត តែមិនព្រមបង់លុយ នៅស្ថានីយ៍ប្រេងឥន្ធនៈមួយក្នុងខេត្តមហាសារៈខាន់ ដោយព្យាយាមបើករត់ បណ្តាលឱ្យបុករះរថយន្តជាច្រើនគ្រឿង ជាពិសេសក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីននៅជាប់ខ្លួនរបស់សង្ឃអង្គនោះ ហើយការធ្វើតេស្តទឹកនោមបង្ហាញថា ព្រះសង្ឃនោះមានសារធាតុញៀនក្នុងខ្លួន៕
ចែករំលែកព័តមាននេះ