បងប្អូនស្រីខ្លះ ប្រយ័ត្នខ្មាសតុកកែ បុរសម្នាក់ទិញខ្សែកមាសពាក់ឲ្យតុកកែ ព្រោះតែនាំសំណាងល្អដល់គាត់ឈ្នះឆ្នោត ខណៈសត្វតុកតែមួយក្បាលនេះមានលក្ខណៈចម្លែក ប្លែកពីតុកកែទូទៅ ។
ជាអបិយជំនឿរបស់អ្នកស្រុកជនបទ រាល់ពេលប្រទះឃើញសត្វដែលមានពណ៌ចម្លែក ឬក៏អវយវៈតិចច្រើនខុសពីធម្មតានោះ គឺតែងចាត់ទុកថា ជាសត្វសក្តិសិទ្ធ ឬសត្វចង្រៃជាដើម។ ជាក់ស្តែងបុរសជនជាតិថៃម្នាក់ ដែលជាអ្នកស្រុកភីម័យ នៃខេត្តណៈខនរ៉ាចៈសីម៉ា ភាគឦសានប្រទេសថៃ បានប្រទះឃើញដោយចៃដន្យសត្វតុកកែមួយក្បាល ដែលមានកន្ទុយពីរ ហើយក៏បាននាំយកវាមកចិញ្ចឹមនៅផ្ទះមិនបានពីរសប្តាហ៍ផង ស្រាប់តែគាត់ជួបរឿង សំណាងពិតប្រាកដមែន។
ប្រភពពីសារព័ត៌មាន BangkokPost ដែលចេញផ្សាយពីរថ្ងៃជាប់គ្នានៅថ្ងៃទី០២ និងទី០៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ម្ចាស់តុកកែកន្ទុយពីរ ឈ្មោះលោក Jane Chantagui អាយុ ៤២ ឆ្នាំ បានទិញខ្សែកមាសមួយខ្សែយកទៅពាក់ឱ្យសត្វតុកកែ សំណព្វចិត្តរបស់ខ្លួន ដោយគាត់ជឿថា វាបាននាំសំណាងឱ្យគាត់បានឈ្នះឆ្នោតរង្វាន់ធំ។
Jane ដែលមានការងារជាកម្មករសំណង់ បានរៀបរាប់ឱ្យដឹងពីដំណើររឿងថា កាលពីថ្ងៃទី២០ ខែឧសភា ពេលដែលគាត់កំពុងធ្វើការ សាងសង់នៅក្នុងផ្ទះរបស់អតិថិជន ស្រាប់តែគាត់បានប្រទះឃើញសត្វតុកកែមួយក្បាលនៅលើអាងលាយបេតុង។ ឃើញវាភ្លាម គាត់ពិតជាភ្ញាក់ផ្អើលមែនទែនដោយសាររូបរាងចម្លែករបស់វា ដែលមានកន្ទុយដល់ទៅពីរ ដែលគាត់ពុំដែលធ្លាប់ជួបប្រទះ។ Jane ក៏បានយកវាទៅបង្ហាញប្រាប់ម្ចាស់ផ្ទះ ដើម្បីសូមយកតុកកែនេះមកចិញ្ចឹម។
លោក Jane បាននិយាយរៀបរាប់ទៀតថា “ឃើញតុកកែនេះភ្លាម គាត់ហាក់ដូចជាមាននិស័យ្សជាមួយវាតែម្តង ហើយវាក៏បានធ្វើឱ្យអារម្មណ៍របស់គាត់យល់ថា វានឹងនាំសំណាងល្អដល់ខ្លួន និងក្រុមគ្រួសារ ដូច្នេះហើយ គាត់ក៏សម្រេចចិត្តយកវាទៅចិញ្ចឹមនៅផ្ទះ» មិនយូប៉ុន្មានសំណាងពិតបានកើតឡើងគាត់ពិតប្រាកដមែន ដោយលទ្ធផលឆ្នោតរបស់រដ្ឋាភិបាលដែលត្រូវបានប្រកាសនៅថ្ងៃដំបូងនៃខែមិថុនា ឆ្នាំ២០២៤ លោក Jane បានឈ្នះលុយសរុប ២៨០០០បាត ដោយសារលេខពីរខ្ទង់ចុងក្រោយនៃសន្លឹកឆ្នោតដែលមានលេខ ៤២។
សន្លឹកឆ្នោតដែល Jane បានទិញមានចំនួន ១៤សន្លឹក ហើយសុទ្ធតែត្រូវរង្វាន់សម្រាប់លេខពីរខ្ទង់ ដូចនេះមួយសំបុត្រស្មើនឹងប្រាក់ ២០០០បាត ដូចនេះ១៤សន្លឹក Jane ទទួលបានលុយសរុប ២៨០០០បាត ឬស្មើនឹង ៧៥៩ដុល្លារអាមេរិក។
ដើម្បីជាការថ្លែងអំណរគុណចំពោះសត្វតុកកែ លោក Jane បានទៅហាងមាសមួយនៅឯផ្សារក្នុងភូមិ ហើយបានទិញខ្សែកមាសដ៏តូចមួយតម្លៃប្រហែល ៥១០០បាត ទុកជាកាដូសម្រាប់ “សត្វចិញ្ចឹមសំណាង” របស់គាត់។
លោក Jane បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំទិញលេខ ៤២ ព្រោះវាជាអាយុរបស់ខ្ញុំ។ ការឈ្នះឆ្នោតបានធ្វើឱ្យខ្ញុំរឹតែជឿជាក់ជាក់ថា សត្វតុកកែនេះពិតជានាំសំណាងដល់ខ្ញុំ។ ខ្ញុំនឹងមើលថែវាឱ្យអស់ពីសមត្ថភាព ហើយសង្ឃឹមថា វានឹងផ្តល់ឱ្យខ្ញុំនូវសំណាងម្តងទៀតនៅក្នុងការប្រកាសឆ្នោតបន្ទាប់ នៅថ្ងៃទី១៦ ខែមិថុនាខាងមុខ៕
ចែករំលែកព័តមាននេះ