ខេត្តព្រៃវែង ៖ ករណីសំណង់រឹងមាំដែលម្ចាស់ជាជនជាតិវៀតណាម បានសង់ចូលស្ទឹងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១១ ក្នុងភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង កំពុងក្លាយជាវិបត្តិដែលគ្មានអ្នកទទួលខុសត្រូវ រីឯម្ចាស់សំណង់ក៏មិនខ្វល់ចំពោះបញ្ហាអ្វីទាំងអស់។ អាជ្ញាធរមូលដ្ឋានឃុំ- ស្រុកពាមរក៍ បានរុញដាក់គ្នាលើករណីសំណង់បំពានច្បាប់មួយនេះ។
លោកស្រី សេង ទៀង អភិបាលស្រុកពាមរក៍បានឆ្លើយទាំងរតាករតុប ជាមួយអ្នកកាសែត អំពីករណីដែលជនជាតិវៀតណាមសង់សំណង់រឹងមាំអត់ច្បាប់ចូលស្ទឹងនោះដោយជំរុញឲ្យអ្នកកាសែតសួរទៅមេឃុំពាមរក៍ជាមុន ។ ប្រការនេះ ធ្វើឱ្យគេសង្ស័យថា លោកស្រីអភិបាលស្រុកទំនងជាមិនដឹងរឿងនៅក្នុងមូលដ្ឋានរបស់ខ្លួននោះឡើយ ។ លោកស្រីបាននិយាយថា សូមបងអ្នកកាសែតសួរទៅខាងមេឃុំទៅមើលថា វាយ៉ាងម៉េច? មុនបិទទូរស័ព្ទ លោកស្រីក៏បានបញ្ជាក់បន្ថែមដែរថា នៅខាងឃុំទំនងជាដឹងរឿងច្បាស់លាស់ ដូច្នេះ សួរទៅឃុំសិនទៅ ។
មេឃុំពាមរក៍ លោកអឿ លុច បានមានប្រសាសន៍ហាក់ដូចជាមិនហ៊ានជាមួយម្ចាស់សំណង់
នោះ។ លោកប្រាប់ថា បានចុះទៅណែនាំម្ចាស់សំណង់នោះដែរ ប៉ុន្តែគេនៅតែធ្វើតាមដូច្នេះលោកមិនដឹងធ្វើម៉េចទេ?
លោកបានប្រាប់ម្ចាស់សំណង់នោះឱ្យសុំច្បាប់ទម្លាប់ជាមុនសិន ពីព្រោះលោកមិនមែនជាអ្នកមានសមត្ថភាព ក្នុងការអនុញ្ញាតច្បាប់សាងសង់នោះឡើយ។ លោកមេឃុំបញ្ជាក់ថា «ខ្ញុំបានចុះទៅប្រាប់ម្ចាស់សំណង់ច្រើនដងហើយគេនៅតែធ្វើ ។ ដូច្នេះ ឲ្យគេទទួលខុសត្រូវដោយខ្លួនឯងចុះ» ។
យ៉ាងណាក៏ដោយ គេមិនដឹងថា តើលោកមេឃុំបានរាយការណ៍អំពីករណីសំណង់អត់ច្បាប់នេះដល់រដ្ឋបាលស្រុកដែរឬយ៉ាងណានោះទេ ។
ប្រជាពលរដ្ឋនៅតំបន់នោះនិយាយថា ម្ចាស់សំណង់ជាជនជាតិវៀតណាមនេះ បានសង់សំណង់រឹងមាំ ចូលទៅក្នុងចំណែកនៃស្ទឹង ដែលវានឹងបង្កឲ្យមានហានិភ័យដល់សំណង់ផងនិងធ្វើឲ្យស្ទះចរន្តទឹកផង ។
វាមិនមែនត្រឹមតែខុសច្បាប់ចំពោះសំណង់ប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងបានរំលោភទៅលើច្បាប់ធនធានទឹកទៀតផង ពីព្រោះសំណង់នេះធ្វើឲ្យរាំងស្ទះដល់ចរន្តទឹក។ ដូច្នេះ វាក៏ពាក់ព័ន្ធផងដែរ ទៅនឹងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រៃវែង ។
ប្រជាពលរដ្ឋសំណូមពរទៅរដ្ឋបាលខេត្តព្រៃវែង មន្ទីរជំនាញនានា មេត្តាចុះពិនិត្យមើលសំណង់រឹងមាំ ដែលសង់អត់ច្បាប់ និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើផ្ទៃស្ទឹងដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះ។ ការដែលបណ្ដែតបណ្ដោយឲ្យមានសំណង់រឹងមាំចូលទៅក្នុងស្ទឹង គឺជាបញ្ហាមួយដែលអាចនឹងបង្កឲ្យមានគំរូនៃការមិនអនុវត្តច្បាប់ បន្តទៅថ្ងៃមុខទៀត។
ដូច្នេះ ត្រូវអនុវត្តវិធានការច្បាប់ឲ្យបានច្បាស់លាស់ ដើម្បីឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមើលឃើញអំពីភាពស្មើភាពគ្នាចំពោះមុខច្បាប់។ រីឯបញ្ហាមួយទៀតនោះគឺរដ្ឋបាលមូលដ្ឋានឃុំ និងស្រុកពាមរក៍គួរតែថ្នាក់ដឹកនាំខេត្តព្រៃវែងពិនិត្យ មើលសមត្ថភាពអ្នកដឹកនាំទាំងនេះផង៕
ចែករំលែកព័តមាននេះ