ខេត្តកំពង់ឆ្នាំង ៖ ផ្សិត«ប៉ក់»ជាផ្សិតធម្មជាតិមួយប្រភេទដែលដុះនៅក្នុងព្រៃតាមតំបន់ខ្ពង់រាប ដែលកាលដើមឡើយពុំមាននរណាចូលចិត្ត ឬចាប់អារម្មណ៍និងផ្សិតមួយប្រភេទនេះទេ។ ប៉ុន្តែបច្ចុប្បន្ន ផ្សិតប៉ក់ដែលតែងតែដុះក្នុងរដូវភ្លៀងធ្លាក់ដើមខែ បានជួយចំណូលជីវភាពប្រជាពលរដ្ឋនៅតាមទីជនបទបានច្រើនគួរជាទីមោទនៈ ។ បើតាមការបញ្ជាក់របស់លោកមេឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
លោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែន ជ័យបានប្រាប់ភ្នាក់ងារយើងនៅរសៀលថ្ងៃទី៣១ ខែឧសភា នេះថា ប្រជាពលរដ្ឋក្នុងឃុំក្តុលសែនជ័យ ដែលតែងតែឡើងបេះផ្សិតប៉ក់ យកមកលក់បានថយចុះខុសពីប៉ុន្មានថ្ងៃមុន មានអ្នកឡើងបេះផ្សិតប៉ក់ នៅតាមភ្នំទឹកធ្លាក់ស្រែអំពិលមានច្រើនណាស់ អាចដល់ពាន់នាក់ក្នុង១ថ្ងៃៗ ។
នេះដោយសារមានកត្តា២យ៉ាង ទី១-ផ្សិតប៉ក់ នៅតាមភ្នំឬក្នុងដីសហគមន៍ ទឹកធ្លាក់ស្រែអំពិល បានចាប់ផ្ដើមថយចុះ (ស្បើយ) ។ ទី២-ដោយសារឈ្មួញបានទម្លាក់ថ្លៃ ត្រឹម៥ពាន់រៀល ក្នុង១គីឡួក្រាម ។ ហេតុដូច្ឆេះហើយទើបអ្នកភូមិមួយចំនួនក៏បានបោះបង់ចោល ។ យ៉ាងនេះក្តី រយៈពេលប្រមាណ១ខែកន្លងទៅនេះ ចាប់តាំងពីពេលធ្លាក់ភ្លៀងដំបូង ផ្សិតចាប់ផ្តើមដុះ ទាំងប្រជាពលរដ្ឋក្នុងឃុំរបស់លោក ទាំងក្រៅឃុំ បានសម្រុកនាំគ្នាឡើងបេះផ្សិតប៉ក់ ដែលអាចរកចំណូលបានពី៦ទៅជាង១០ម៉ឺនក្នុង១ថ្ងៃដែរ។
ដោយឡែក លោក យ៉ែន សៅ ជាប្រជាពលរដ្ឋរស់នៅភូមិកោះខ្ទម ឃុំជៀប ស្រុកទឹកផុស បានបញ្ជាក់ប្រាប់ថាបច្ចុប្បន្នប្រជាពលរដ្ឋកំពុងតែសម្រុកឡើងបេះផ្សិតប៉ក់ ដើម្បីលក់ជាច្រើនគ្រួសារ ។អាចនិយាយថាខាងឃុំក្តុលសែនជ័យ មានភ្លៀងធ្លាក់មុន ហើយរយៈពេលប្រមាណ១ខែ ផ្សិតចាប់ផ្ដើមថយចុះ។ ប៉ុន្តែនៅឃុំជៀបស្រុកទឹកផុស ទើបមានភ្លៀងធ្លាក់ក្រោយ ម្លោះហើយផ្សិតទើបបានដុះ ។ បច្ចុប្បុន្ន ប្រជាពលរដ្ឋ មាន២ឃុំ ជៀប និង ឃុំទួលខ្ពស់ បានសម្រុកនាំគ្នាមកឡើងបេះផ្សិតប៉ក់ យកលក់ទៅឲ្យឈ្មួញ ដែលចាំទិញនៅ មាត់ព្រៃ ពេល ប្រជាពលរដ្ឋចុះពីបេះផ្សិតលើ ភ្នំ វិញ។
លោក យ៉ែន សៅ បានបញ្ជាក់ថា ដើមឡើយផ្សិតប៉ក់មួយគីឡូ ២ ម៉ឺនរៀល ឬអាចថ្លៃជាងនេះ ក្រោយមក ចុះត្រឹម១ម៉ឺន៥ពាន់ រៀល និងបច្ចុប្បន្ន ( ៣១ឧសភា) ត្រឹម ១ ម៉ឺនរៀលក្នុង១ គីឡូក្រាម ហើយបើផ្សិតនៅតែបន្តធ្លាក់ចុះត្រឹម៥ពាន់រៀល ដូចនៅឃុំក្តុលសែនជ័យ ប្រហែលជាមិនមានអ្នកឡើងបេះទៀតទេ។ ព្រោះក្នុងម្នាក់ៗ អាចរកផ្សិតបានត្រឹមតែ ៤ទៅ៥គីឡូក្រាមប៉ុណ្ណោះ ឬក៏អាចថា អ្នកខ្លាំងប៉ះចំ ពីទួលមាន ផ្សិតច្រើន ទើបអាចរកបានពី ១០ ទៅ១៥ គីឡូក្រាម។
លោកសៅ ក៏បានស្រង់សម្ដីឈ្មួញដែលឈរចាំទិញផ្សិតប៉ក់នៅមាត់ព្រៃថា ពួកគាត់ទិញផ្សិតនេះយកទៅលក់នៅប្រទេសថៃ ហើយមុខរបរនេះ កាកកបតែរដូវធ្លាក់ភ្លៀងដើមដំបូងប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ