ខេត្តតាកែវ ៖ រថយន្តនិងប្រហុកជិតមួយតោន ដែលសូម្បីតែរុយមិនហ៊ានក្បែរផងនោះ ត្រូវបានមន្ត្រីជលផលខេត្តតាកែវដោះលែងវិញហើយ នៅវេលាម៉ោង៨យប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីបង្ក្រាបនិងឃាត់ទុកបានមួយដង្ហើមចង្រិត ដោយកម្លាំងរដ្ឋបាលជលផលខេត្តតាកែវ
ផ្ទាល់។
លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផល នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងតាមរយៈខ្សែទូរស័ព្ទថា ប្រហុកដែលជំនាញលោកឃាត់ដើម្បីសួរនាំនេះ គឺមិនមែនជាប្រហុកយកមកពីប្រទេសវៀតណាមទេ គឺឈ្មួញទៅទិញមកពីខេត្តកណ្តាល តែគ្មានលិខិតស្នាមទិញលក់ទេ។ ហើយអ្វីដែលកម្លាំងលោកឃាត់នេះ គឺដោយមានការសង្ស័យ។ ចំណែករឿងដោះលែងវិញគឺលោកបានរាយការណ៍ទៅថ្នាក់លើរួចហើយថា ប្រហុកដឹកមកពីខេត្តកណ្តាល។
លោក សៅ កុសល បន្ថែមថា រថយន្តដឹកប្រហុកនេះ ត្រូវបានរកឃើញថា ទី១ គឺដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស និងទី២គឺលិខិតដឹកជញ្ជូនលើសសុពលភាព (ហួសថ្ងៃកំណត់)។ ដោយឡែកបើតាមប្រភពច្បាស់ការជាច្រើនលើកឡើងថា ប្រហុកដែលជលផលឃាត់និងដោះលែងវិញនេះ គឺជាប្រហុកនាំចូលពីប្រទេសវៀតណាមចំតួតាមច្រកជ្រៃធំ ខេត្តកណ្តាល និងបន្តយកមកចែកចាយនៅខេត្តតាកែវ ។
ប្រភពដដែលបន្ថែមថា ដោយសារតាមច្រករបៀងក្នុងខេត្តតាកែវ ត្រូវបានបែកការរឿងនាំប្រហុកចូលពីវៀតណាមចំណាយរត់ការអស់ច្រើនពេក ទើបឈ្មួញប្រើច្រកនៅខេត្តកណ្តាលវិញ ហើយដឹកមកខេត្តតាកែវដោយថា ជាប្រហុកធ្វើនៅខេត្តកណ្តាល តែធាតុពិតគឺប្រហុកនាំចូលពីប្រទេសវៀតណាមដដែលទេ នៅប្រហុកសាច់ធ្វើដោយត្រីចញ្ចឹមមិនដឹងមានសារធាតុអ្វីខ្លះទេ…តាមអ្នកបើកបរប្រហុកថា អត់មានរុយរោមទេស្អាតល្អណាស់ …ហេ! ហេ …។
សូមរំឮកថា កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីជំនាញជលផលខេត្តតាកែវ បានស្ទាក់ចាប់រថយន្តដឹកប្រហុកមួយគ្រឿង យកមករក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ តជាប្រភេទរថយន្តទេសចរណ៍១២កៅអី (សាំងយ៉ុង) ដែលមានស្លាក់លេខ ភ្នំពេញ 2V 1051 ។
ព័ត៌មានបន្តមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ