ខេត្តតាកែវ ៖ នៅដើមខែឧសភាកក្រើកម្តងហើយ ករណីឈ្មួញនាំប្រហុកត្រីពីប្រទេសវៀតណាម ចូលមកភូមិសាស្ត្រខេត្តតាកែវ ដែលសូម្បីតែរុយក៏មិនហ៊ានរោមផង ហើយមិនទាំងស្ងាត់បាត់ដានកង់ឡានផង ស្រាប់តែលេចរថយន្តដឹកប្រហុកមកពីប្រទេសវៀតណាមមួយគ្រឿងទៀត នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
នៅតែមានឈ្មួញនាំប្រហុកត្រីពីវៀតណាមចូលភូមិសាស្ត្រខេត្តតាកែវដដែល រហូតមន្ត្រីជំនាញជលផលខេត្តតាកែវស្ទាក់ចាប់បានរថយន្តដឹកប្រហុកមួយគ្រឿងយកមករក្សាទុក ដើម្បីពិនិត្យនៅស្នាក់ការខណ្ឌរដ្ឋបាលជលផល ។
ជុំវិញការបង្ក្រាបរថយន្តដឹកប្រហុកនេះ មិនទាន់មានការបកស្រាយបំភ្លឺពីមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល ក៏ដូចជាមន្ត្រីជំនាញសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តតាកែវហៅកាត់ថា (កបប) នៅឡើយទេ នៅព្រឹកថ្ងទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ។
ប្រជាពលរដ្ឋជាច្រើនលើកសំណួរថា តើមានមន្ត្រីណាខ្លះ ទទួលផលប្រយោជន៍ពីប្រហុកវៀតណាមបានជាឈ្មួញនៅតែឆ្លៀតនាំចូលមិនខ្លាចរអារសមត្ថកិច្ចជំនាញខេត្តតាកែវដដែលទៀតបែបនេះ ។
សូមរំលឹកដែរថា រឿងប្រហុកវៀតណាមនេះ កន្លងមកមន្ត្រីជំនាញ ក ប ប ខេត្តតាកែវ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនានា បានធ្វើការបង្ក្រាបនឹងដុតបំផ្លាញចោលទាំងតោនៗបន្ទាប់ពីបង្ក្រាបបានហើយ រកឃើញសារធាតុគីមីហាមឃាត់ដាក់លាយចូលលើប្រហុកត្រី ដែលនាំចូលដោយខុសច្បាប់ពីប្រទេសវៀតណាម ។
មានព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ