ទីក្រុងដាកា៖ ខ្យល់ព្យុះស៊ីក្លូនដ៏ធំមួយចាប់ផ្ដើមបោកបក់ទៅដល់មាត់សមុទ្រឥណ្ឌា និងបង់ក្លាដែស ហើយបំប៉ើងដំបូលផ្ទះរបស់អ្នកស្រុកឱ្យរបើកចេញពីធ្នឹម។ បង្គោលខ្សែភ្លើងល្មមៗត្រូវខ្យល់ព្យុះបក់ផ្ដួលខ្ទេចខ្ទីអស់ ជាហេតុធ្វើឱ្យដាច់ភ្លើងជាច្រើនកន្លែង។ ជាចំណាត់ការបឋម អាជ្ញាធរចាប់ផ្ដើមជម្លៀសមនុស្សជិត៨សែននាក់។ ខ្យល់ព្យុះវាយប្រហារទៅលើឥណ្ឌា និងបង់ក្លាដែសលើកនេះអាចបង្កជាជំនន់ទឹកភ្លៀង។ ឥឡូវនេះខ្យល់ព្យុះកំពុងប្រមូលផ្ដុំកម្លាំងនៅឆកសមុទ្របេងកាល់ (Bengal)។
នៅបង់ក្លាដែសខាងត្បូង និងឥណ្ឌាខាងកើត មនុស្សរាប់សែននាក់គ្មានភ្លើងអគ្គិសនីប្រើប្រាស់ទេ។ គេទទួលដំណឹងថាមនុស្សយ៉ាងតិច៧នាក់បានស្លាប់ហើយ ហើយភូមិរាប់សិបកន្លែងនៅបង់ក្លាដែសចាប់ផ្ដើមលិចទៅក្នុងទឹកជាបណ្ដើរៗបន្ទាប់ពីទំនប់ទឹកដែលគេសាងសង់ឡើងសម្រាប់ទប់ទល់នឹងជំនន់ទឹកភ្លៀងនោះត្រូវបាក់ជាកំណាត់ៗ ឬរងការខូចខាត។ ទោះបីអាជ្ញាធរមិនទាន់ប្រកាសជាផ្លូវការថាមានមនុស្សស្លាប់ប៉ុន្មាននាក់ ប៉ុន្តែទូរទស្សន៍បង់ក្លាដែសផ្សាយថាមនុស្សស្លាប់៧នាក់។
នៅបង់ក្លាដែសដដែល មនុស្សយ៉ាងតិច២នាក់បាត់ខ្លួននៅក្នុងហេតុការណ៍លិចទូក។ ចំណែកនៅរដ្ឋបេងកាល់ខាងលិចនៃប្រទេសឥណ្ឌា ផ្ទះដំបូលស្បូវត្រូវខ្យល់បោកបក់របើករប៉ាត់រប៉ាយអស់។ បង្គោលភ្លើង និងដើមឈើត្រូវខ្យល់បោកផ្ដួលរំលំគ្រេងនៅតំបន់ជាប់មាត់សមុទ្រ។ ប៉ុន្តែគេមិនទាន់ឮថាមានមនុស្សស្លាប់ទេ។ បើនិយាយពីភ្លៀងធ្លាក់វិញមិនបាច់ថ្លែងទេ។ នៅតាមដងវិថីតូចធំមានភ្លៀងធ្លាក់ខ្លាំង។ អ្នករស់នៅតំបន់ទំនាបនៃទីក្រុងកុលកាតា (Kolkata)ក៏ត្រូវរងការលិចលង់ផងដែរ។
ខ្យល់ព្យុះស៊ីក្លូនឈ្មោះរេម៉ាល់ (Remal) រាងថយកម្លាំងបន្តិចវិញបន្ទាប់ពីវាបានបក់ខ្លាំងទៅលើប្រទេសបង់ក្លាដែសកាលពីព្រឹកថ្ងៃចន្ទក្នុងល្បឿន១១១គីឡូម៉ែត្រក្នុងមួយម៉ោង។ ការិយាល័យឧតុនិយមនៅទីក្រុងដាកាថ្លែងថាខ្យល់ថយល្បឿនមកនៅ៩០គីឡូម៉ែត្រក្នុងមួយម៉ោង។ ឥណ្ឌាក៏និយាយស្រដៀងគ្នានេះដែរ។ ការិយាល័យឧតុនិយមឥណ្ឌាថ្លែងថាខ្យល់ព្យុះនឹងថយចុះកម្លាំង។ ប៉ុន្តែភ្លៀងនឹងបន្តធ្លាក់ខ្លាំងនៅរដ្ឋអាសាម (Assam) និងបណ្ដារដ្ឋភាគឦសានរយៈពេល២ថ្ងៃទៅមុខទៀត។
បន្ទាប់ពីបិទទ្វារពេញមួយថ្ងៃអាទិត្យ អាកាសយានដ្ឋានទីក្រុងកុលកាតាអាចបើកដំណើរការឡើងវិញជាបណ្ដើរៗហើយ។ ប៉ុន្តែបង់ក្លាដែស អាជ្ញាធរបន្តបិទដំណើរការព្រលានយន្តហោះនៅទីក្រុងចត្តុក្រាម (Chattogram) និងលុបចោលជើងហោះហើរចេញ-ហោះចូលតំបន់ខក់បាហ្សា (Cox’s Bazar)។ ការផ្ទេរទំនិញចេញចូលកប៉ាល់នៅកំពង់ផែចត្តុក្រាមក៏ត្រូវផ្អាកដំណើរការផងដែរ។
ក្រុមអ្នកស្ម័គ្រចិត្តបន្តជម្លៀសមនុស្សរាប់សែននាក់ដើម្បីទៅស្នាក់នៅក្នុងជម្រកកៅស៊ូតង់។ សាលារៀននៅក្នុងតំបន់នេះត្រូវបន្តបិទទ្វាររហូតដល់មានការជូនដំណឹងជាថ្មី។ ខ្យល់ព្យុះរេម៉ាល់ជាព្យុះទី១នៅឆ្នាំនេះមុនការចាប់ផ្ដើមរដូវវស្សាជាផ្លូវការចាប់ពីខែមិថុនាដល់ខែកញ្ញា។ មែនទែនទៅ, តំបន់មាត់សមុទ្រឥណ្ឌាតែងតែទទួលរងការវាយប្រហារដោយខ្យល់ព្យុះស៊ីក្លូនវាជារឿងធម្មតាទេ។ គ្រាន់តែថាខ្យល់ព្យុះឥឡូវនេះមានកម្លាំងបោកបក់ខ្លាំងជាងមុនដោយសារការប្រែប្រួលអាកាសធាតុ៕
ចែករំលែកព័តមាននេះ