រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ខណៈកំពុងអង្គុយលេងនៅមុខផ្ទះមិត្តភក្ដិសុខៗ ស្រាប់តែមានអាការៈ វិលមុខ ហើយបានស្រែកប្រាប់មិត្តភក្ដិថា «អញវិលមុខណាស់» ប៉ុន្តែស្រែកមិនទាន់ផុតពីមាត់ផង ក៏ស្រាប់តែដួលសន្លប់ស្ដូកស្ដឹងភ្លាមៗ តែម្ដង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិក្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
យុវជនខាងលើនោះ ឈ្មោះ ម៉េង ហ៊ាង អាយុជាង២០ឆ្នាំ មុខរបរអ្នកកាប់គោលក់ មានទីលំនៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ ខណៈនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់មកអ្នកភូមិនាំគ្នាដឹកតាមម៉ូតូកង់បី នាំទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យភ្លាមៗផងដែរ ។
អ្នកភូមិខាងលើ បាននិយាយថា នៅមុនពេលកើតហេតុយុវជនរងគ្រោះ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាគុបជ្រុង ពណ៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1CB-3797 ចេញពីផ្ទះរបស់ខ្លួនមកលេងមិត្តភក្តិនៅក្នុងភូមិកើតហេតុខាងលើ។ លុះពេលមកដល់ បានអង្គុយលេងជាមួយមិត្តភក្តិនៅមុខផ្ទះបានបន្តិច ក៏ស្រាប់តែមានអាការៈវិលមុខ ហើយបានស្រែកប្រាប់មិត្តភក្ដិថា«អញវិលមុខណាស់» ប៉ុន្តែស្រែកមិនទាន់ផុតមាត់ផង ក៏ស្រាប់តែដួលសន្លប់ស្តូកស្តឹងដេកនៅលើផ្លូវបេតុងភ្លាមៗ តែម្ដង ។
អ្នកភូមិបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពួកគាត់បាននាំគ្នាជួយសង្គ្រោះបឋម ព្រមទាំងយកប្រេងកូឡា ប្រេងខ្យល់ ឲ្យហិត និងរឹត បន្ទាប់មកបានដឹកតាមម៉ូតូ នាំទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ។
ពួកគាត់មានការសង្ស័យថា យុវជនរូបនេះ មានជំងឺខ្យល់គរ ទើបមានអាការៈមិនស្រួលខ្លួនបែបនេះ ហើយដោយសារតែជួយសង្គ្រោះបឋម និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលនោះ ទើបមិនគ្រោះថ្នាក់ដល់ជីវិត ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/ca65846e01058438b98ad936a3ba42c2.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/46cfd606bc1c453207296a18ece3cee7.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/1b9580032d4c7972ae50c7d3d6f4e192.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/ff5b3ea042315c27d20e527ac8a114bb.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/40ec4b4f71717a392cca00dfd1aadb50.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/3bb50be72127a953dc147a958ae8e57b.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/86c45d415f8d6fe1d0646fdad5298188.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/91d5e8f39c9aa7d4a9a85cb4bf6bff0b.jpg)
ចែករំលែកព័តមាននេះ