រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៦:០០នាទីព្រឹក ដែលព្រះរាជពិធីដង្ហែនឹងហែចេញពីវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រហូតដល់ទីតាំងព្រះមេរុនិងការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដើម្បីឱ្យព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសពខាងលើ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនព្រះរាជពិធី និងថ្នាក់ដឹកនាំជាន់ខ្ពស់ដែលអញ្ជើញចូលរួមព្រះរាជពិធី មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្ស និស្សិត ព្រមទាំងប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ននូវយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរតាមតម្រាយផ្លូវដង្ហែ និងជុំវិញទីតាំងប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២៤ ចាប់ពីម៉ោង ០៤:០០នាទីព្រឹក រហូតដល់បញ្ចប់ព្រះរាជពិធីតាមតម្រាយផ្លូវដង្ហែព្រះបរមសព ដែលចាប់ផ្តើមដង្ហែចេញពីវត្តឧណ្ណាលោម តាមតីរវិថីព្រះស៊ីសុវត្ថិ រហូតដល់រង្វង់មូលដើមពោធិ៍ទន្លេសាប បត់ឆ្វេងមកវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រង្វង់មូលវត្តភ្នំ ឆ្ពោះទៅតាមមហាវិថីព្រះនរោត្តម រហូតដល់រង្វង់មូលវិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថីព្រះសីហនុ ឆ្ពោះទៅវិថីឧកញ៉ាស៊ួរស្រ៊ុន រហូតដល់ទីតាំងព្រះមេរុ និងការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី)។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានតាមកំណាត់ដងផ្លូវមហាវិថី និងវិថីខាងលើនេះមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធព្រះរាជពិធីខាងលើដោយក្តីអនុគ្រោះ។ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ។
ចែករំលែកព័តមាននេះ