ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា ៖ ប្រាំ​ថ្ងៃ​លើ​ទឹកដី​វៀតណាម

7 ខែ មុន

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​ក្លិប​អ្នកកាសែត​កម្ពុជា (CCJ) ចំនួន​៥​រូប បាន​ទស្សនកិច្ច​ការងារ​រយៈពេល​៥​ថ្ងៃ លើ​ទឹកដី​វៀតណាម ចំ​ពេល​ដែល​ប្រធានបទ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ កំពុង​ក្តៅ​គគុក ដោយសារ​ព្រែកជីក​នេះ…

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​ក្លិប​អ្នកកាសែត​កម្ពុជា (CCJ) ចំនួន​៥​រូប បាន​ទស្សនកិច្ច​ការងារ​រយៈពេល​៥​ថ្ងៃ លើ​ទឹកដី​វៀតណាម ចំ​ពេល​ដែល​ប្រធានបទ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ កំពុង​ក្តៅ​គគុក ដោយសារ​ព្រែកជីក​នេះ ទាក់ទង​ទៅ​នឹង​ភូមិសាស្ត្រ​នយោបាយ ប្រ​វិ​ត្តិ​សាស្ត្រ បរិស្ថាន ប្រព័ន្ធ​ធារាសាស្ត្រ និង​ប្រទេស​ជិតខាង​ជាមួយ នឹង​វៀតណាម​នេះឯង ។

មុន​នឹង​ចេញដំណើរ ប្រតិភូ​បាន​គិត​ទៅ​ដល់​សំណួរ នឹង​ការ​លើក​ឡើង​មួយ​ចំនួន​ពី​សម​ភាគី​វៀតណាម​អំពី​ព្រែកជីក ប៉ុន្តែ​ការ​គិតគូរ​នោះ បាន​ត្រឹមតែ​គិត ព្រោះ​រាល់​ជំនួប​ទាំងអស់ ភាគី​វៀតណាម មិន​បាន​លើក​ទាល់តែ​សោះ អំពី​ព្រែកជីក សូ​ម្បី​តែ​ជាមួយ លោក Le Quoc Minh ជា​មន្ត្រីជាន់ខ្ពស់​វៀតណាម ដែល​ជា​សមាជិក​មជ្ឈិមបក្ស ជា​អនុប្រធាន​ឃោ​សា​នា​អប់រំ​មជ្ឈិមបក្ស ជា​និពន្ធ​នាយក​កាសែត​ប្រជាជន​វៀតណាម និង​ជា​ប្រធាន​សមាគម​អ្នកកាសែត​វៀតណាម នៅ​ក្នុង​ជំនួប​ជាមួយ​គ្នា​នា​រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា បី​ថ្ងៃមុន​នេះ ក៏​ដូច​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ នៃ​ស្ថាប័ន​សារព័ត៌មាន​ធំ​ៗ​ដទៃ​ទៀត រួម​ទាំង​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម (VNA) ផង​។

វៀតណាម មិន​ចាប់អារម្មណ៍​រឿង​ព្រែកជីក​នេះ ឬ​យ៉ាងណា ?
ថា​មិន​ចាប់អារម្មណ៍ ក៏​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ​ដែរ ព្រោះ​កន្លង​មក ក្រៅពី​អ្នក​ស្រាវជ្រាវ ក៏​មាន​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​វៀតណាម បាន​លើក​បញ្ហា​ព្រែកជីក​នេះ ចំនួន​បី​លើក រួច​មក​ហើយ​ដែរ បើ​ទោះបីជា​កម្រិត នៃ​ការ​លើក​នោះ មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ក៏​ដោយ (​ពីរ​លើក​ដោយ​អ្នកនាំពាក្យ​គោល រីឯ​មួយ​លើក​ទៀត​ដោយ​អ្នកនាំពាក្យ​រង​នៅ​ពេល​អ្នក​សារព័ត៌មាន​វៀតណាម​ចោទសួរ​អំពី​ព្រែកជីក​នេះ​) ។

យ៉ាងណា​ក៏​ដោយ នៅ​ពេល ដែល​ខ្ញុំ​សាកសួរ​ពលរដ្ឋ និង​មន្ត្រី​រដ្ឋការ​របស់​វៀតណាម គេ​ឆ្លើយ​តប​ថា គេ​ធ្លាប់​បានឮ​ខ្លះ​ៗ ដែរ​តាម​រយៈ​សារព័ត៌មាន ប៉ុន្តែ​គេ​មិនសូវ​ចាប់អារម្មណ៍​រឿង​ហ្នឹង​ទេ ហើយ​ក៏​មិន​បានដឹង​ថា នឹង​ទៅ​ជា​យ៉ាងម៉េច ក្នុង​នោះ​ក៏​មាន​អ្នក​សារព័ត៌មាន​ផង​ដែរ​។ ពិត​ណាស់​ការ​សាកសួរ​ប៉ុណ្ណឹង មិនមែន​ជា​ផ្លូវការ​ឡើយ ព្រោះ​ជា​ការ​ស្វែង​យល់​តិចតួច​ប៉ុណ្ណោះ ហើយ​ខ្ញុំ​យល់​ថា ការ​ចាប់អារម្មណ៍​លើ​រឿង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ អាច​ខុស​គ្នា​រវាង​អ្នក​រស់នៅ​ភាគ​ខាងជើង និង​អ្នក​រស់នៅ​ភាគ​ខាងត្បូង នៃ​ប្រទេស​វៀតណាម ។

ប្រតិភូ​ក្លិប​អ្នកកាសែត​កម្ពុជា ទៅ​វៀតណាម​ធ្វើ​អ្វី ?
ជា​ការ​ឆ្លើ​ត​តប ទៅ​នឹង​ការ​អញ្ជើញ​របស់​ប្រធាន​សមាគម​អ្នកកាសែត​វៀតណាម ដែល​ក្លាយជា​ដៃគូ​សហការ​ជាមួយ​គ្នា​លើ​កិច្ចការ​ព័ត៌មាន បន្ទាប់​ពី​ក្លិប​អ្នកកាសែត​កម្ពុជា ក្លាយជា​សមាជិក​របស់​សហព័ន្ធ​សារព័ត៌មាន​អាស៊ាន (Confederation of Asean Journalists) នៅ​ក្នុង​ឆ្នាំ​២០១៨​។ ក្លិប​អ្នកកាសែត​កម្ពុជា​ក៏​មាន​ដៃគូ​សហការ​ជាមួយ​សមាគម​អ្នកកាសែត នៃ​ប្រទេស​ផ្សេង​ៗ​ទៀត​ដែរ ។

តើ​ថ្នាក់ដឹកនាំ​ក្លិប​ធ្វើ​អ្វីខ្លះ​នៅ​វៀតណាម ?
ច​ម្ង​ល់​មួយ​នេះ ប្រហែលជា​ពិបាក​ឆ្លើយ​បន្តិច​ហើយ ព្រោះ​រយៈពេល​ដល់​ទៅ​៥​ថ្ងៃ​ឯណោះ​។ ណ្ហើយចុះ សូម​ប្រាប់​ត្រួស​ៗ​បន្តិច​ទៅ​ចុះ នោះ​គឺ​ជំនួប​ជា​បន្តបន្ទាប់​ជាមួយ​ស្ថាប័ន​ព័ត៌មាន​វៀតណាម ទស្សនកិច្ច​ពន្ធនាគារ​កណ្តាល​សម័យ​អាណានិគម​បារាំង​ដែល​មាន​មេដឹកនាំ​វៀតណាម​មួយ​ចំនួន​ត្រូវ​បាន​ជាប់​ឃុំឃាំង​ជា​អ្នកទោស​នយោបាយ​នៅ​ទីនោះ រួម​ទាំង​លោក ដូ មឺ​យ (Do Muoi) អតីត​អគ្គលេខាធិការ​បក្ស​ដែល​ជា​មេដឹកនាំ​កំពូល​របស់​វៀតណាម​, សារមន្ទីរ​អក្សរសាស្ត្រ​, សវនាការ​ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​វៀតណាម និង​តំបន់​រម្ម​នី​យ​ដ្ឋា​នភា​គ​ខាងជើង​ជាប់​ព្រំដែន​ខេត្ត​យូ​ណា​ន​របស់​ប្រទេស​ចិន​។ រម្ម​នី​យ​ដ្ឋា​ន​សា​ប៉ា (Sapa) ជា​តំបន់​ខ្ពង់រាប​សម្បូរ​ដោយ​ភ្នំ​រាប់​មិន​អស់ ជា​តំបន់​ទេសចរណ៍​ដ៏​ត្រជាក់​និង​ទាក់ទាញ​មួយ​ដែល​វៀតណាម​ដាក់​ឈ្មោះ​ថា “​ទីក្រុង​៤​រដូវ​ក្នុង​មួយ​ថ្ងៃ​” ព្រោះ​អាកាសធាតុ​ប្រែប្រួល​មិន​ទៀង​។ សូ​ម្បី​ចិត្ត​បុរស​ដែល​នារី​តែង​តំណាល​ថា “​ប្រែប្រួល​មិន​ទៀង​” ក៏​មិន​អាច​ប្រដូច​តំបន់​នោះ​បាន​ឡើយ​។ ដំណើរ​ទស្សនកិច្ច​នោះ​ធ្វើ​ឱ្យ​ខ្ញុំ​នឹកភ្នក​ទៅ​ដល់ ភ្នំ​បូកគោ និង​បុរី​ជូ​ឡុ​ង (​គិរី​រម្យ​) នៅ​កម្ពុជា​ដែល​អាច​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ត្រជាក់​ដូច​ទីក្រុង​សា​ប៉ា នោះ​ដែរ ។

វិល​ត្រឡប់​មក​រឿង​រដូវ​មិន​ទៀង​វិញ ក៏​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ដល់​ការ​សា​សងសម្តី​នា​រាត្រី​មួយ​នៅ​ពេល​យើង​កំពុង​ស្ថិត​នៅ​ទីក្រុង​ហាណូយ​ដែល​បុរស​ម្នាក់​បាន​ជាប់អន្ទាក់​រឿង “២​កំប៉ុង ១០​យប់​” ។

អ្វី​ទៅ​២​កំប៉ុង ១០​យប់ ?
ប្រពន្ធ​បាន​ផ្តាំ​ថា សូម​បង​ពិសា​ស្រា​បៀ​ត្រឹម​២​កំប៉ុង ហើយ​ម៉ោង​១០​យប់​ចូល​ផ្ទះ​វិញ ប្តី​ឮ​ហើយ​ក៏​ត្រេកអរ​ពន់ពេក រួច​ចេញ​ទៅ​ក្រៅ​តាម​ការ​ណាត់ជួប​ជាមួយ​មិត្តភក្តិ​រហូត​ដល់ “១០​កំប៉ុង ២​ភ្លឺ​”​។ ពេល​មក​ដល់​ផ្ទះ​វិញ ប្រពន្ធ​គាត់​ខឹង​ហើយ​សួរ​ថា​ម៉េច​បានជា​មិន​ស្តាប់​បណ្តាំ បុរស​នោះ​ក៏​ឆ្លើយ​ថា “២​នៅ​តែ​២ រីឯ​១០​នៅ​តែ​១០ គ្រាន់តែ​ប្តី​ច្រឡំ​ទេតើ​!” ។
នៅ​មាន​ទៀត តែ​សូម​ស្លេះ​ប៉ុណ្ណឹង​ចុះ​៕
អត្ថបទ​ដោយ ៖ លោក ពុ​យ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ