ខេត្តព្រៃវែង ៖ កុមារីម្នាក់បានរងរបួសស្រាល និងផ្ទះប្រជាពលរដ្ឋចំនួន១១ខ្នង ត្រូវបានខ្យល់កន្ត្រាក់បោកបក់ បណ្ដាលឲ្យប៉ើងរបើកដំបូលជញ្ជាំង និងផ្ទះខ្លះទ្រេតរកកលចង់ដួល ។ គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៦ ឧសភា ដោយបានប៉ះពាល់ទៅលើផ្ទះប្រជាពលរដ្ឋចំនួន១១ខ្នង នៅក្នុងឃុំចំនួន២នៃស្រុកកំពង់ត្របែក គឺឃុំចាម និងឃុំជាងដែក។
ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា គ្រោះធម្មជាតិនេះ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋខ្លះប៉ើងដំបូល ខ្លះប៉ើងជញ្ជាំង និងខ្លះរលំទ្រេតរកកល់ចង់ដួល ប៉ុន្តែមិនមានអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែបានធ្វើឲ្យកុមារីម្នាក់ នៅភូមិព្រៃម្លុង រងរបួសស្រាល រលាត់ដៃឆ្វេង។
ជាមួយគ្នានេះដែរ អាជ្ញាធរស្រុកកំពុងត្របែកបានធ្វើការណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពេលមានភ្លៀងខ្យល់ម្ដងៗ កុំទៅនៅកន្លែងដែលងាយមានគ្រោះថ្នាក់ ដូចជានៅវាលស្រែ ឬក្រោមដើមឈើជាដើម។
គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៥ ឧសភា នៅឯភូមិត្នោត ឃុំរកាស្រុកពារាំងខេត្តព្រៃវែង ក៏មានគ្រោះធម្មជាតិកើតឡើងផងដែរ ដោយមានបុរសម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ក្នុងពេលដែលបុរសរូបនោះកំពុងដើរមើលទឹកនៅវាលស្រែ ក្នុងពេលដែលមេឃកំពុងភ្លៀងរលឹមស្រេចៗ។
ចែករំលែកព័តមាននេះ