រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១៤ កក្កដា សំឡេងទូរស័ព្ទយ៉ាងរអាក់រអួលរបស់លោកឧកញ៉ា យ៉ែម កុសល បានហៅចូលមកភ្នាក់ងារកោះសន្តិភាព តែមិនដឹងថាលោកស្ថិតនៅទីណានោះទេ ដោយបានបញ្ជាក់ថា ពេលនេះលោកកំពុងតែវះកាត់ភ្នែកនៅក្នុងមន្ទីរពេទ្យមួយដែលត្រូវការព្យាបាលយ៉ាងប្រុងប្រយ័ត្នបំផុតពីសំណាក់លោកវេជ្ជបណ្ឌិត ។
តាមការអះអាងពីក្នុងមន្ទីរពេទ្យនោះ លោកឧកញ៉ា យ៉ែម កុសល បាននិយាយតិចៗថា ពេលនេះលោកកំពុងវះកាត់ភ្នែកដែលរងរបួសក្នុងហេតុការណ៍ជម្លោះគ្នាមួយ រឿងលោកទៅទារប្រាក់គេជំពាក់ ។ លោកសោកស្តាយណាស់ដែលនៅពេលមានជម្លោះនោះ ភាគីទាំងសងខាងសុទ្ធតែរងរបួសដូចគ្នា និងជាមនុស្សរាប់អានគ្នាជិតស្និទ្ធបំផុតជាង២០ឆ្នាំមកហើយ មិនទាន់បានជួបចរចាសម្រុះសម្រួលគ្នាផង ស្រាប់តែមានព័ត៌មានលេចឮនៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោកទៅហើយ ។
ពេលទទួលព័ត៌មានថា លោកចៅក្រម ជា សុខហៀង បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោកនោះធ្វើឱ្យលោកកាន់តែរន្ធត់ស្មារតី ខណៈដែលលោកកំពុងវះកាត់ភ្នែកមិនទាន់ដឹងថាអាចសង្គ្រោះបាន ឬក៏បែបណាផង ។ សំឡេងតាមទូរស័ព្ទរបស់លោកឧកញ៉ា យ៉ែម កុសល បញ្ជាក់ថា លោកមិនខ្លាចទេក្នុងការទទួលទោសតាមច្បាប់ ប៉ុន្តែសូមឱ្យស្ថាប័នតុលាការទុកពេលឱ្យលោកចរចាជាមួយភាគីម្ខាងសិន ព្រោះជម្លោះនោះវាមិនមែនរបួសតែភាគីម្ខាងទេ គឺរបួសទាំងសងខាងនិងមានលក្ខណៈធ្ងន់ធ្ងរដូចគ្នា ។
ម្យ៉ាងវិញទៀត ពាក្យបណ្ដឹងសុទ្ធតែបានដាក់ចូលតុលាការដូចគ្នាដែលភាគីម្ខាងៗអះអាងថាជាជនរងគ្រោះ ហើយដំណើររឿងក្ដីនេះភាគីទាំងពីរ ក៏សុទ្ធតែមានមេធាវីការពារក្ដីរៀងៗខ្លួន និងដើមចោទ ក៏ដូចជាចុងចោទសុទ្ធតែមានអាសយដ្ឋាន និងមុខរបរពិតប្រាកដ ដូច្នេះមិនពិបាករក ឬមានការប៉ះពាល់ដល់ដំណើររឿងក្ដីនេះចំពោះតុលាការនោះទេ ។ លោកសោកស្ដាយណាស់ដែលពេលនេះរបួសមិនទាន់ធូរស្រាលផង ស្រាប់តែស្ថាប័នតុលាការមានចំណាត់ការរហូតដល់ចេញដីកាឱ្យចាប់ខ្លួនលោក ។
សំឡេងតាមទូរស័ព្ទបានទទូចអង្វរករឱ្យតុលាការបង្អង់ដីកាចាប់ខ្លួននោះសិន ដើម្បីទុកពេលឱ្យភាគីទាំងពីររកដំណោះស្រាយរឿងជម្លោះនោះ ។
ពិសេសទៅទៀត ដំណើរការរឿងក្តីនេះ លោកមិនទាន់ដែលទទួលបានដីកាកោះហៅឱ្យចូលខ្លួនលើកទី១ លើកទី២ ទាំងដំណាក់កាលនៅស្ថាប័នអយ្យការ ក៏ដូចជាចៅក្រមស៊ើបសួរម្តងណាឡើយ ។
បានជាមានការអះអាងដូច្នេះ ពីព្រោះចាប់តាំងពីពេលមានជម្លោះគ្នានៅថ្ងៃទី១៦ មិថុនា នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នោះបើតាមការអះអាងរបស់លោកឧកញ៉ា យ៉ែម កុសល បញ្ជាក់ទៀតថា ភាគីម្ខាងបានវាយលោកនៅក្នុងផ្ទះលោកឧត្តមសេនីយ៍ទោ ញាណ វិបុល ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ក្រសួងមហាផ្ទៃ ដែលជាម្ចាស់កម្មវិធីខួបកំណើតប្រពន្ធ បណ្តាលឱ្យលោករងរបួសបែកត្រង់ភ្នែក លោកត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯក្រៅប្រទេសរហូតមក គឺប្រការនេះហើយបានជាលោកមិនដែលទទួលបានដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញនោះ ។
ក្នុងនាមរូបលោកជាជនរងគ្រោះម្នាក់ដែរនោះ លោកសូមទទូចទៅលោកចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ មេត្តាបង្អង់នូវដីកាចាប់ខ្លួននោះសិន រង់ចាំរបួសជាសះស្បើយ លោកនឹងចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ និងមិនគេចវេះពីប្រព័ន្ធតុលាការនោះឡើយ ៕
ចែករំលែកព័តមាននេះ