ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! កីឡដ្ឋានរៀបចំប្រកួត World Cup រងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយជំនន់ទឹកភ្លៀង

7 ខែ មុន

ប្រទេសប្រេស៊ីល ៖ ខ្សែអាត់វីដេអូដ៏ក្រៀមក្រំមួយបង្ហាញអំពីកីឡដ្ឋានដ៏ល្បីល្បាញមួយ ដែលធ្លាប់

ប្រទេសប្រេស៊ីល ៖ ខ្សែអាត់វីដេអូដ៏ក្រៀមក្រំមួយបង្ហាញអំពីកីឡដ្ឋានដ៏ល្បីល្បាញមួយ ដែលធ្លាប់រៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ត្រូវបានលិចលង់ទឹកទាំងស្រុង បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុកបានវាយលុកប្រទេសប្រេស៊ីលអស់ជាច្រើនថ្ងៃ។

កីឡដ្ឋាន Beira-Rio

យោងតាមប្រភពពីកាសែត The Sun កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ បានឱ្យដឹងថា ទឹកជំនន់បណ្តាលឱ្យមានការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ នៅភាគខាងត្បូងនៃប្រទេសប្រេស៊ីល និងបានឆក់យកជីវិតមនុស្សជាង១០០នាក់។ អំឡុងពេលភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារប្រទេសប្រេស៊ីល កីឡដ្ឋាន Beira-Rio ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Rio Grande do Sul និងជានិមិត្តរូបមួយរបស់ប្រទេសប្រេស៊ីល បានរងការលិចលង់ទាំងស្រុងតែម្តង ដ្បិតរដ្ឋមានប្រជាជនច្រើនលំដាប់ទី៥របស់ប្រេស៊ីល ពោលជាង១០លាននាក់មួយនេះ រងគ្រោះមហន្តរាយដ៏អាក្រក់បំផុត។

ខ្សែអាត់វីដេអូដ៏គួរឱ្យសោកស្តាយថតចេញពីដ្រូន បានបង្ហាញពីកីឡដ្ឋានដែលលិចលង់ ខណៈដែលកីឡដ្ឋានស្ថិតនៅក្នុងទីក្រុង Porto Alegre មួយនេះ ដែលជាកម្មសិទ្ធិរបស់ក្លិប Sport Club Internacional នៃលីគកំពូលប្រេស៊ីល នឹងមិនអាចរៀបចំការប្រកួតរហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

កីឡដ្ឋាន Beira-Rio ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបាន៥ម៉ឺននាក់ បានរៀបចំការប្រកួតចំនួន ៥ អំឡុងការប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៤ ហើយក៏ជាកីឡដ្ឋានចុងក្រោយបំផុតដែលត្រូវបិទទ្វារ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ បន្ទាប់ពីកីឡដ្ឋាន Gremio Arena របស់ក្លិប Gremio FBPA និងកីឡដ្ឋាន Alfredo Jaconi របស់ក្លិប Juventude ដែលបានលិចលង់ផងដែរ។

ពាក់ព័ន្ធបញ្ហានេះ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) កាលពីថ្ងៃទី៧ ខែឧសភា កន្លងទៅ បានសម្រេចពន្យារពេលការប្រកួតលីគជាតិទាំងអស់ នៅរដ្ឋ Rio Grande do Sul សម្រាប់រយៈពេល២០ថ្ងៃបន្ទាប់ ដោយសារតែជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ។

ក្រៅពីការជន់លិចកីឡដ្ឋាន នៅក្នុងខ្សែអាត់វីដេអូ គេក៏បានឃើញផ្ទះរាប់រយខ្នងត្រូវបានលិចលង់ ដោយឃើញត្រឹមដំបូលផ្ទះប៉ុណ្ណោះ ខណៈដែលអ្នកស្រុកកំពុងប្រើបន្ទះក្តារតូចៗ ដើម្បីបំលាស់ទី ស្របពេលដែលក្រុមសង្គ្រោះបន្ទាន់បានបន្តព្យាយាមជួយសង្គ្រោះអ្នកនៅរស់រានមានជីវិត។

របាយការណ៍ចុងក្រោយពីសារព័ត៌មាន CNN នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ត្រូវបានគេរំពឹងថានឹងបន្តវាយលុកប្រទេសប្រេស៊ីល បន្ទាប់ពីប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ប្រឈមមុខនឹងគ្រោះមហន្តរាយអាកាសធាតុដ៏អាក្រក់កាលពីសប្តាហ៍មុន។ ទីភ្នាក់ងារការពារជនស៊ីវិលរបស់រដ្ឋ Rio Grande do Sul បានអះអាងកាលពីថ្ងៃទី៩ ខែឧសភា កន្លងទៅថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់១០៧នាក់ នៅក្នុងទីក្រុង Rio Grande do Sul តាំងពីសប្តាហ៍មុនមក។

យោងតាមក្រសួងការពារជនស៊ីវិល បានឱ្យដឹងថា មនុស្សប្រហែល ១,៤៧៦,០០០នាក់បានរងផលប៉ះពាល់ ហើយយ៉ាងហោចណាស់មនុស្ស ៧៥៤នាក់បានរងរបួស និងប្រហែល ១៦,៤០០នាក់ត្រូវផ្លាស់ទីលំនៅ ស្របពេលដែលមនុស្សយ៉ាងតិច ១៣៤នាក់ នៅតែបាត់ខ្លួន។

វិទ្យាស្ថានឧតុនិយមជាតិ INMET កាលពីថ្ងៃទី៨ ខែឧសភា កន្លងទៅ បានប្រកាសថា ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ភ្លៀងធ្លាក់ខ្លាំងត្រូវបានរំពឹងថានឹងវាយប្រហារម្តងទៀត នៅចន្លោះភាគខាងកើត និងកណ្តាលឆៀងខាងជើងនៃរដ្ឋ Rio Grande do Sul ជាមួយនឹងតំបន់មួយចំនួនរំពឹងថានឹងមានកម្ពស់ទឹករហូត ១០០មីលីម៉ែត្រ៕ (ប្រភព ៖ The Sun និង CNN រូបភាព ៖ The Sun)

កីឡដ្ឋាន Gremio Arena

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ