ខេត្តមណ្ឌលគិរី ៖ មហាជនកំពុងផ្ទុះការភ្ញាក់ផ្អើល ក្រោយលិខិតមួយច្បាប់របស់ចៅហ្វាយខេត្តមណ្ឌលគិរី ដាក់ជូនទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបានបង្ហោះតាមបណ្តាលសង្គម ដោយមានខ្លឹមសារស្នើដល់ថ្នាក់ដឹកនាំ សម្រួលភារកិច្ចលោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដែលទើបកាន់ការងារមិនទាន់បានមួយឆ្នាំស្រួលបួលផងនោះឱ្យទៅបំពេញកាងារនៅទីស្តីការក្រសួងបរិស្ថានវិញ ។
លិខិតរដ្ឋបាលខេត្តមណ្ឌលគិរីលេខ១២៩/២៤ ចុះថ្ងៃទី២៤ មេសា ២០២៤ មានខ្លឹមសារថា សូមគោរពជូន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានសំណើសុំសម្រួលភារកិច្ចប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទៅបំពេញការងារនៅទីស្តីការក្រសួងបរិស្ថាន និងស្នើសុំប្រគល់ភារកិច្ចជូនអនុប្រធានមន្ទីរ ០១រូប ជាប្រធានមន្ទីរស្តីទី ដើម្បីដឹកនាំការងារបណ្តោះអាសន្ន ។
ក្នុងលិខិតដដែលបន្តថា យោងស្មារតីកិច្ចប្រជុំថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលបានអនុសាសន៍ ណែនាំ ៧ចំណុច នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ របស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងការចាត់វិធានការរដ្ឋបាលមន្ត្រីពាក់ព័ន្ធករណីបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃណាមលៀរ ។
យោងស្មារតីកិច្ចប្រជុំរបស់រដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងវាយតម្លៃលើករណីនេះស្នើសុំ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដូចខាងក្រោម៖ ១-ស្នើសុំសម្រួលភារកិច្ច លោក ឆៅ ប៊ុនធឿន ពីប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឱ្យទៅបម្រើការងារនៅទីស្តីការក្រសួង បរិស្ថាន។ ២-ស្នើសុំតែងតាំង លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ជាប្រធានស្តីទីមន្ទីរបរិស្ថានខេត្ត ដើម្បី ដឹកនាំការងារបណ្តោះអាសន្ននៅមន្ទីរ។ ៣-សូមគោរពស្នើសុំ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិនិត្យមន្ត្រីមួយរូបដែលមានសមត្ថភាព មានការទទួលខុសត្រូវ និងមានទំនាក់ទំនងការងារល្អ ដើម្បីតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ។
ជុំវិញបញ្ហាប្រធានមន្ទីរបរិស្ថានកាន់និងដឹកនាំការងារមិនទាន់ក្តៅដៃផង ហើយត្រូវស្នើសុំផ្លាស់ប្តូរលឿនបែបនេះ មហាជនបានដាក់ការសង្ស័យថា អាចបណ្តាលមកពីភាពកម្សោយរបស់ប្រធានមន្ទីរពោលគឺ លោកឆៅ ប៊ុនធឿន បានបណ្តែតបណ្តោយឲ្យកើតមានបទល្មើសកាន់ដីព្រៃយ៉ាងរង្គាលនៅក្នុងតំបន់អភិរក្ស ។
ជាក់ស្តែង មុនបុណ្យចូលឆ្នាំថ្មីបានឈានចូលដល់ កម្លាំងជំនាញចម្រុះដឹកនាំដោយឯកឧត្តម សៅ សុខា បានរកឃើញមានការកាប់ទន្ទ្រានដីយ៉ាងច្រើននៅស្រុកពេជ្រាដា។ ហើយក្រោយចូលឆ្នាំថ្មីមិនបានប៉ុន្មាន តំណែងប្រធានមន្ទីរបរិស្ថាន ក៏ត្រូវស្នើដោះដូរយ៉ាងចម្លែក។
តែយ៉ាងណានេះ គ្រាន់ជាការលើកឡើងរបស់អ្នកព្រោកប្រាជ្ញតាមតុកាហ្វេប៉ុណ្ណោះ ប៉ុន្តែគេដាក់សំនួរថា តើនៅមានមន្ត្រីពាក់ព័ន្ឋឬអាជ្ញាធរមូលដ្ឋានណាខ្លះទៀតត្រូវអស់តំណែង បន្ទាប់ពីលោក ឆៅ ប៊ុនធឿន?
គួរបញ្ជាក់ថា លោកឆៅ ប៊ុនធឿន ត្រូវបានប្រកាសចូលកាន់ដំណែងជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣៕
ចែករំលែកព័តមាននេះ