ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋប្រុស-ស្រីចំនួន១១នាក់ ស្រាប់តែកើតអាការៈក្អួតចង្អោររាករូសអស់កម្លាំងល្ហិតល្ហៃដៃជើង ខណៈសង្ស័យពួកគេបានពុលនំបញ្ចុក ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំបូរ ខេត្តក្រចេះ ដោយត្រូវក្រុមគ្រូពេទ្យជំនាញកំពុងពិនិត្យ និងធ្វើតេស្តរកមូលហេតុពិតប្រាកដ ។
ហេតុការណ៍ប្រជាពលរដ្ឋមានអាការៈក្អួតចង្អោររាករួសនេះ កើតឡើងនៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។ ប្រភពពីអ្នកភូមិបានឱ្យដឹងថា ប្រជាពលរដ្ឋទាំងនោះ ពួកគាត់បានទិញនំបញ្ចុកដែលលក់នៅតាមភូមិយកទៅទទួលទានកាលថ្ងៃទី១៥ មេសា ហើយក្រោយទទួលទាននំបញ្ចុកនោះរួចប៉ុន្មានម៉ោង ក៏ស្រាប់តែមានអាការៈក្អួតចង្អោរ រាក អស់កម្លាំងបែបនេះតែម្តង។
អ្នកមានអាការៈបែបនេះទាំងអស់ ត្រូវបានគេបញ្ជូនទៅមណ្ឌលសុខភាពនៅមូលដ្ឋាន ប៉ុន្តែដោយសារតែប្រជាពលរដ្ឋមានអាការក្អួតចង្អោរ រាក អស់កម្លាំងកើតឡើងបន្តបន្ទាប់ស្រដៀងគ្នា រហូតដល់១១នាក់ធ្ងន់ធ្ងរឡើង ទើបត្រូវបានគេបញ្ជូនបន្តទៅកាន់មណ្ឌលសុខភាពស្រុកសំបូរ ខេត្តក្រចេះ ។
លោកវេជ្ជបណ្ឌិត ផាត់ តុលា ប្រធានមណ្ឌលសុខភាពស្រុកសំបូរបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ មេសា នេះ អាការៈពួកគាត់ប្រសើរឡើងវិញហើយ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ មិនទាន់ដឹងថា ជាករណីពុល ឬយ៉ាងណាពិតប្រាកដនៅឡើយទេ ដោយរង់ចាំលទ្ធផលធ្វើតេស្តសំណាករបស់ក្រុមគ្រូពេទ្យជំនាញសិន។
លោកបន្តថា មូលហេតុនៅពេលដែលបញ្ជូនមកពួកគាត់មានអាការក្អួតចង្អោរ និងរាក ក៏អាចរួមសមនឹងអាកាសធាតុក្តៅខ្លាំងផង ដូច្នេះយើងមិនទាន់អាចសន្និដ្ឋានបានថា មកពីករណីអ្វីពិតប្រាកដនៅឡើយទេ ។ ក្នុងពេលឥឡូវនេះពួកគាត់ហាក់មានសភាពធូរស្រាលធម្មតាវិញហើយ។
លោក គង់ មេត្តា អភិបាលស្រុកសំបូរបានឱ្យដឹងថា ប្រជាពលរដ្ឋដែលត្រូវបានគេបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យបង្អែកខាងលើ ទី១-ឈ្មោះរី ស្រីតុប ភេទស្រី អាយុ២៣ឆ្នាំ ។ ទី២-ឈ្មោះកុយ រ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ។ ទី៣-ឈ្មោះ អ៊ុ សុខខែង ភេទស្រី អាយុ៤៤ឆ្នាំ ។ ទី៤-ឈ្មោះ រី សុខី ភេទស្រី អាយុ៧ឆ្នាំ ។ ទី៥-ឈ្មោះថាច ជីតា ភេទស្រី អាយុ៤ឆ្នាំ ។ ទី៦-ឈ្មោះ ឈឿន ស្រីយុទ្ធ ភេទស្រី អាយុ១១ឆ្នាំ ។ ទី៧-ឈ្មោះ ឈឿន ឆាលី ភេទប្រុស អាយុ១៤ឆ្នាំ ។ ទី៨-ឈ្មោះ ស្រី មឿន ភេទប្រុស អាយុ៤៩ឆ្នាំ ។ ទី៩-ឈ្មោះ សែម ឈុន ភេទប្រុស អាយុ៣៣ឆ្នាំ ។ ទី១០-ឈ្មោះ ថាច ឆៃ ភេទប្រុស អាយុ១៦ឆ្នាំ និងទី១១-ឈ្មោះ រី សុខៃ ភេទស្រី អាយុ១០ឆ្នាំ ។
បច្ចុប្បន្ន អ្នករងគ្រោះស្ថិតក្នុងការសម្រាកព្យាបាល និងតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរពីសណាក់ក្រុមគ្រូពេទ្យនៅឡើយ ។
ចែករំលែកព័តមាននេះ