ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់រងរបួសធ្ងន់ ក្រោយពីផឹកស៊ីមានទាស់សម្តីគ្នាដោយភាគីម្ខាងបានយកពូថៅទៅកាប់ដល់ផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើល ។ ហេតុការណ៍ហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៦ មេសា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យេន រ៉ាត់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ជនដៃដល់ឈ្មោះ ស៊ោន ណុប ហៅខ្លួង ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិជាមួយគ្នា ។ នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ យេន រ៉ាត់ បានទៅផឹកស្រាបៀរនៅផ្ទះរបស់ឈ្មោះ ស៊ោន ណុប ហៅ ខ្លួង ហើយបានទាស់ពាក្យសម្ដីគ្នា ។
ពេលនោះជនរងគ្រោះក៏បានយកសំបកកំប៉ុងស្រាបៀរគប់ទៅលើជនសង្ស័យត្រូវចំពោះ បន្ទាប់មកជនសង្ស័យឈ្មោះ ស៊ោន ណុប ហៅ ខ្លួង ក៏បានវាយទៅជនរងគ្រោះឈ្មោះ យេន រ៉ាត់ ចំនួន០១ដៃ ត្រូវចំខ្ទង់ច្រមុះ បណ្ដាលឲ្យរបួសហូរឈាម ហើយក៏ត្រូវបានអ្នកផឹកស្រាជុំគ្នាចាប់បំបែក បន្ទាប់មក ឈ្មោះយេន រ៉ាត់ ត្រឡប់ទៅផ្ទះវិញ ។
លុះដល់វេលាម៉ោង១០យប់ថ្ងៃខែឆ្នាំដដែល ជនសង្ស័យឈ្មោះ ស៊ោន ណុប ហៅ ខ្លួង បានយកពូថៅ រត់ចូលទៅកាប់ជនរងគ្រោះឈ្មោះ យេន រ៉ាត់ ដល់ក្នុងផ្ទះចំនួន០១ពូថៅ ត្រូវចំកដៃស្ដាំ បណ្ដាលឲ្យរបួស ដេរអស់ចំនួន០៤ថ្នេរ ។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលណាំតៅចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យស្រាវជ្រាវនាំខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ