ទីក្រុងកៀវ៖ នៅថ្ងៃបុណ្យគ្រីសស្មាស់នេះ ប្រទេសរុស្ស៊ីអបអរសាទរដោយបាញ់មីស៊ីលចូលស្រុកកំណើតរបស់មេដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី និងបាញ់ទៅលើទីក្រុងតូច-ធំជាច្រើនទៀតផងដែរ។ នេះបើយោងតាមការអះអាងរបស់អ៊ុយក្រែន។ រុស្ស៊ីចង់ផ្ដោតសំខាន់ទៅលើការបាញ់កម្ទេចទីតាំងផលិត និងផ្គត់ផ្គង់ថាមពលសម្រាប់ដុតកម្ដៅខ្លួននៅរដូវរងា។
លោកហ្សេឡិនស្គីចាត់ទុកថានេះជាការវាយប្រហារដ៏កម្រោលបំផុតរបស់រុស្ស៊ីនៅថ្ងៃបុណ្យគ្រីសស្មាស់នៅក្នុងអ្វីដែលលោកពិពណ៌នាថាជាទង្វើអមនុស្សធម៌ផុតលេខ។ នៅសល់២ខែទៀតប៉ុណ្ណោះ សង្គ្រាមអ៊ុយក្រែននឹងគម្រប់ខួប៣ឆ្នាំល្មម គ្រាប់មីស៊ីលរបស់រុស្ស៊ីនៅថ្ងៃនេះបានសម្លាប់ជនស៊ីវិលយ៉ាងតិច៦នាក់នៅទីក្រុងខាគីវ និងស្លាប់ម្នាក់នៅតំបន់ឌីនីប្រូប៉េត្រូស (Dnipropetrovsk)។
សព្វថ្ងៃនេះ អ្នករស់នៅទីក្រុងខាគីវប្រហែលកន្លះលាននាក់គ្មានអ្វីសម្រាប់ដុតកម្ដៅខ្លួនទេនៅក្រោមសីតុណ្ហភាពត្រឹមតែពីរឬបីអង្សាសេតែប៉ុណ្ណោះ។ រដ្ឋធានីកៀវ និងទីក្រុងដទៃទៀតក៏មានជោគវាសនាមិនខុសគ្នាប៉ុន្មានដែរ។ លោកហ្សេឡិនស្គីថ្លែងថាលោកពូទីនមានចេតនាវាយប្រហារចំថ្ងៃគ្រីសស្មាស់តែម្ដង។ តើទង្វើបែបនេះមានមនុស្សធម៌ត្រង់ណា? ពួកគេបាញ់មីស៊ីលជាង៧០គ្រាប់រួមទាំងមីស៊ីលផ្លោងជាច្រើនគ្រាប់ ហើយក៏វាយប្រហារដោយយន្តហោះដ្រូនជាង១០០គ្រឿងផងដែរ។
ក្រសួងការពារជាតិរុស្ស៊ីទទួលស្គាល់ថាខ្លួនបានវាយប្រហារទ្រង់ទ្រាយធំទៅលើអ៊ុយក្រែនពិតមែន។ ប៉ុន្តែវាយទីតាំងផលិតថាមពលដែលបម្រើឱ្យវិស័យយោធារបស់អ៊ុយក្រែនតែប៉ុណ្ណោះ។ ថ្វីដ្បិតក្រសួងថ្លែងថាខ្លួនអាចវាយប្រហារចំគោលដៅល្អ និងសម្រេចតាមផែនការ ប៉ុន្តែអ៊ុយក្រែនអាចបាញ់ទម្លាក់មីស៊ីល៥៩គ្រាប់ និងដ្រូន៥៤គ្រឿងកាលពីយប់មិញ និងព្រឹកមិញ។
នៅឯទីក្រុងគ្រីវយីរីត (Kryvyi Rih) ដែលជាស្រុកកំណើតរបស់លោកហ្សេឡិនស្គី រុស្ស៊ីបាញ់មីស៊ីលផ្លោង១គ្រាប់ទៅលើអគារ១ខ្នងកម្ពស់៤ជាន់ បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ និងរបួស១៥នាក់។ ទីនេះជាកន្លែងផលិតដែកថែបរបស់អ៊ុយក្រែន និងមានប្រជាជនរស់នៅជាង៦សែននាក់។ តំបន់ចុងប៉ូចបំផុតនៃទីក្រុងនេះមានចម្ងាយ៦៥គីឡូម៉ែត្រពីទីតាំងកាន់កាប់របស់រុស្ស៊ី៕
ចែករំលែកព័តមាននេះ