ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឣា​វុ​ធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ

1 ថ្ងៃ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ នី នឿ​ម ភេទ​ប្រុស…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ នី នឿ​ម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ស្ដី​ពី​ករណី​បាត់​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ បាត់ដំបង 1R-6569 កាលពី​វេលា​ម៉ោង​១៥ និង​៣០​នាទី ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​២ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​រួច កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ហើយ​ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិភាព កំណត់​មុខសញ្ញា​ជនសង្ស័យ​ជា​មនុស្ស​ស្រី និង​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​០៧ និង​០០​នាទី ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ រី សា​រ៉ាវ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ នៅ​ចំណុច កាស៊ីណូ​ហ្គោ​ដ​វើ​ល ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ព្រមទាំង​ដកហូត​វត្ថុ​តាង ១.​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1F-5943 ចំនួន​០១​គ្រឿង​, ២.​ម៉ូតូ​ម៉ាក​វេ​វ ពណ៌​ខ្មៅ ពាក់​ស្លា​លេខ សៀមរាប 1G-9637 ចំនួន​០១​គ្រឿង​, ៣.​ប្រាក់​ថៃ ចំនួន​២២,០០០(​ពីរ​ម៉ឺន​ពីរ​ពាន់​)​បាត​, ៤.​ទូរ​សព្ទ​ម៉ាក NOKIA ចុច​ពិល ពណ៌​ខ្មៅ ចំនួន​០១​គ្រឿង ហើយ​នាំ​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ដែល​មាន​ភិនភាគ​ខាងលើ​ពិតប្រាកដ​មែន ។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែធ្នូ ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ