រាជធានីភ្នំពេញ៖ ក្រោយពីត្រួតពិនិត្យនិងឆែកឆេរកាមេរ៉ាមិនឃើញមានសកម្មភាពអ្វី ក្រៅពីសមាជិកក្នុងគ្រួសាររត់ចេញទៅខាងក្រៅប្រវាយប្រតប់គ្នាជាមួយសមាជិកគណបក្សសង្គ្រោះជាតិ គណៈកម្មការចម្រុះមានព្រះរាជអាជ្ញារង កម្លាំងសមត្ថកិច្ច តំណាងរាស្រ្តបក្សសង្រ្គោះជាតិ និងតំណាង គ.ជ.ប រាជធានីភ្នំពេញ ព្រមទាំងមន្រ្តីអង្គការសង្គមស៊ីវិល បានធ្វើសន្និសីទកាសែទ កាលពីរសៀលថ្ងៃទី៦ កក្កដា ២០១៣ ។
សូមបញ្ជាក់ថា គណៈកម្មការចម្រុះមានអង្គការសង្គមស៊ីវិល NGO តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ហូ វណ្ណ ដោយមានការចូលរួមពីព្រះរាជអាជ្ញារងមាស ច័ន្ទ ពិសិដ្ឋ អភិបាលរងរាជធានីភ្នំពេញ លោកព្រំ សុផាន់ លោកស្នងការជួន សុវណ្ណ ស្នងការរង និងលោកយ៉ា គឹមអ៊ី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងឆែកឆេរកាមេរ៉ាផ្ទះកើតហេតុ នៅព្រឹកថ្ងៃទី៦ កក្កដា ២០១៣ ដើម្បីរកមូលហេតុឱ្យឃើញថា តើការផ្ទុះអាវុធកាលពីយប់មិញនោះ តើភាគីណាជាអ្នកបង្កហេតុមុន ។
គួររំលឹកថា បន្ទាប់ពីមានការផ្ទុះអាវុធក្នុងហេតុការណ៍ ប៉ះទង្គិចគ្នាជាមួយសកម្មជនគណបក្សសង្គ្រោះជាតិកាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី៥ កក្កដា ២០១៣ នៅចំណុចផ្ទះលេខ៩ ផ្លូវ១៣៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន គេឃើញមានសមត្ថកិច្ចចម្រុះដឹកនាំផ្ទាល់ដោយលោកស្នងការនគរបាល រាជធានីភ្នំពេញ ជួន សុវណ្ណ និងលោកមេបញ្ជាការកងរាជអាវុធហត្ថ យ៉ា គឹមអ៊ី ក៏បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗផងដែរ ដោយឃាត់ខ្លួនបានមនុស្ស៤នាក់ តែដល់ពេលសាកសួរមានតែ២នាក់ប៉ុណ្ណោះដែលពាក់ព័ន្ធ ។ ជាមួយការទៅដល់របស់សមត្ថិកិច្ចនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញរួមមានលោកហូ វណ្ណ, យឹម សុវណ្ណ និងលោកិដាំ សិដ្ឋ ក៏បានចុះទៅកាន់កន្លែងកើតហេតុផងដែរ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះអ៊ុង ច័ន្ធថន អាយុ២៦ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល ២-ឈ្មោះឃី គឹមលន់ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
តាមប្រភពព័ត៌មានមុនពេលកើតហេតុ ក្រុមជនសង្ស័យបានធ្វើពិធីខួបកំណើតនៅភូមិគ្រឹះគ្មានលេខ ដែលគេស្គាល់ថា ជាផ្ទះរបស់លោកឧកញ៉ាឃី គឹមលន់ នៅតាមបណ្តោយផ្លូវ១៣៥ សង្កាត់ផ្សារដើមថ្កូវ ហើយនៅពេលដែលក្បួនឃោសនាគណបក្សសង្គ្រោះជាតិមកដល់មុខភូមិ គ្រឹះ (របងផ្ទះមានបិទស្លាកគណបក្សប្រជាជនកម្ពុជា) ក៏បានស្រែកដៀមដាមដាក់រហូតទប់កំហឹងមិនបាន ភាគីទាំងពីរក៏មានការប្រវាយប្រតប់គ្នារហូតឈានទៅដល់ការ ផ្ទុះអាវុធតែម្តង ។
ទោះបីជាយ៉ាងណា សាក្សីដែលឃើញហេតុការណ៍នេះជាច្រើននាក់នៅកន្លែងកើតហេតុ បាននាំគ្នានិយាយថា ហេតុការណ៍ផ្ទុះអាវុធនេះ មិនមែនជាការផ្ទអាវុធគំរាមកំហែងក្បួនដង្ហែរបស់បក្សនយោបាយ នោះទេ តែវាកើតឡើងមកពីជំហរគាំទ្ររបស់បក្សនយោបាយរបស់ភាគីទាំងសង ខាងខ្លាំងក្លាពេក បង្កជាជម្លោះតែម្តងទៅ ដូច្នេះវាមិនមែនជាការបាញ់ក្នុងបំណងគំរាមកំហែងដល់គណបក្ស សង្គ្រោះជាតិនោះឡើយ គឺបាញ់បោះទប់ស្កាត់កុំឱ្យសមាជិកបក្សសង្គ្រោះជាតិបុកចូល ក្នុងផ្ទះរបស់គេតែប៉ុណ្ណោះ ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យហើយ ទើបក្បួនតវ៉ារបស់គណបក្សសង្គ្រោះជាតិរាប់រយនាក់ ព្រមទាំងនាំគ្នារំសាយ ហើយលោកហូ វណ្ណ ក៏ត្រូវបានសមត្ថកិច្ចនាំខ្លួនឡើងជិះរថយន្តធុនត្រាទៅកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ដើម្បីទៅដោះស្រាយគ្នានៅទីនោះ ។ តែអ្វីគួរឱ្យសោកស្តាយ ក្រោយ ពេលរថយន្តធុនត្រារបស់មន្ត្រីកងរាជអាវុធ ដែលមានវត្តមានលោកហូ វណ្ណ នៅទីនោះទៅដល់ទីបញ្ជាការដ្ឋាន ស្រាប់តែសមាជិកសង្គ្រោះជាតិមួយចំនួនផ្ទុះកំហឹងទាញដុំថ្មគប់ រថយន្តមន្ត្រីអាវុធហត្ថបែកកញ្ចក់ខាងក្រោយ ទោះដឹងថា លោកហូ វណ្ណ នៅក្នុងនោះក៏ដោយ ។ ទង្វើនេះត្រូវបានសមត្ថកិច្ចចោទថា ជាចេតនាបង្កអំពើហិង្សារបស់សមាជិកសង្គ្រោះជាតិ ៕
ចែករំលែកព័តមាននេះ