រាជធានីភ្នំពេញ ៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាបានផ្ញើព្រះរាជសារជឿជាក់ថា សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំទាំងអស់នឹងបន្ដដឹកនាំព្រឹទ្ធសភាក្នុងការរៀបចំ និងពិនិត្យច្បាប់ជាតិឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ ស្របតាមរដ្ឋធម្មនុញ្ញនៃជាតិ ។
យោងតាមព្រះរាជសារផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៣ មេសា ព្រះមហាក្សត្រនៃកម្ពុជាបានសម្តែងនូវក្តីសោមនស្សរីករាយចូលរួមអបអរសាទរជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាកម្ពុជា សម្រាប់នីតិកាលទី៥ ។
តាមរយៈព្រះរាជសារនេះព្រះអង្គ មានបន្ទូលកោតសរសើរដ៏កក់ក្តៅជូន សម្តេចតេជោ ជាប្រមុខដឹកនាំជាតិដ៏ឆ្នើមឈ្លាសវៃ និងប៉ិនប្រសប់បំផុតបានដឹកនាំដ៏ត្រឹមត្រូវ ប្រទេសជាតិឱ្យមានសន្តិភាព ព្រមទាំងកសាងសមិទ្ធផលជាតិជាច្រើន គ្រប់បែបយ៉ាងលើគ្រប់វិស័យ និងបានខិតខំបំបាត់ភាពក្រីក្រ លើកតម្កើងជីវភាពប្រជាជនក្នុងសង្គមជាតិ និងលើកតម្កើងកិត្យានុភាពនៃប្រជាជាតិយើងនៅលើឆាកជាតិ និងអន្តរជាតិ ។
ព្រះអង្គមានព្រះបន្ទូល ជឿជាក់ចំពោះសម្តេចតេជោ យ៉ាងដូច្នេះថា ៖«សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកទាំងអស់នឹងបន្តដឹកនាំព្រឹទ្ធសភា ក្នុងការរៀបចំ និងពិនិត្យច្បាប់ជាតិឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញនៃជាតិយើង និងមានការគោរពប្រតិបត្តិច្បាប់ឱ្យបានល្អប្រពៃ ដោយថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សីលធម៌ជាតិ ព្រមទាំងការពារបរិស្ថាន និងធនធានធម្មជាតិឱ្យបានគង់វង្ស គឺជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ទ្រទ្រង់ដល់ស្ថិរភាពសង្គម និងសេដ្ឋកិច្ចជាតិ» ៕
ចែករំលែកព័តមាននេះ