ចាប់កំណើតចេញពីគ្រួសារកសិករនៅខេត្តកំពង់ចាម កាលពីឆ្នាំ១៩៥១ គ្មាននរណានឹកស្មានឡើយថា កុមារ ហ៊ុន សែន នឹងក្លាយជាមេដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាដ៏មានឥទ្ធិពលបំផុត និងយូរបំផុតមួយនៅក្នុងពិភពលោក មុនពេលដែលសម្តេចបានលាលែងតំណែងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃខែកក្កដា ឆ្នាំ២០២៣ ។ បន្ថែមលើនេះចាប់ពីថ្ងៃទី៣ ខែមេសា ទៅបន្ទាប់ពីការដំណើរការព្រឹទ្ធសភាអាណត្តិទី៥ សម្តេចនឹងបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់សម្តេច និងប្រទេសជាតិ គឺក្លាយជាប្រធានព្រឹទ្ធសភាដែលជាស្ថាប័នច្បាប់កំពូលមួយរបស់កម្ពុជា ។
តើសម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំស្ថាប័នព្រឹទ្ធសភានេះដោយរបៀបណា? នេះជាអ្វីដែលស្ថិត ក្រោមការតាមដានទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ។ ព្រឹទ្ធសភាអាណត្តិទីប្រាំនឹងចាប់ផ្តើមបើកដំណើរការ នៅព្រឹកថ្ងៃទី០៣ ខែមេសា ក្រោមរាជធិបតីរបស់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ។ បន្ទាប់មកហើយព្រឹទ្ធសភាដែលមាន សមាជិកចំនួន៦២នាក់ ក្រោមការដឹកនាំរបស់សមាជិកព្រឹទ្ធសភាដែលមានវ័យចំណាស់ជាងគេក៏នឹង បោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធសភាផងដែរ ។
សម្តេចតេជោ ហ៊ុន សែន និងគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជាបានប្រកាសអោយ ដឹង រួចហើយថាសម្តេចតេជោ ហ៊ុន សែន នឹងឈរឈ្មោះជាបេក្ខជនប្រធានព្រឹទ្ធសភា ។ ដោយពិនិត្យ មើលអំពីអាសនៈដ៏លើសលុបរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងព្រឹទ្ធសភានោះ សម្តេចតេជោ ហ៊ុន សែន នឹងជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាយ៉ាងប្រាកដ ។
គណបក្សប្រជាជនកម្ពុជាបានទទួលបាន៥៥ អាសនៈ នៅក្នុងព្រឹទ្ធសភាតាមរយៈការបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ខណៈគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ នៅក្នុងការប្រកួតប្រជែងដណ្តើម៥៨ អាសនៈ នៅក្នុងព្រឹទ្ធសភា ។ សមាជិកព្រឹទ្ធសភា៤រូបទៀត គឺ២ រូបបានមកពីការបោះឆ្នោតនៅរដ្ឋសភា និង២រូបទៀត ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ។
កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤ សម្តេចតេជោ ហ៊ុនសែន បានជម្រាបលាផងដែរ ពីសមាជិករដ្ឋសភា បន្ទាប់ពីសម្តេចបានបំពេញការងារអស់សឹងពាក់កណ្តាលជីវិត នយោបាយរបស់សម្តេច ។ ការចាកចេញនោះ គឺដើម្បីបំពេញតាមផ្លូវច្បាប់សម្រាប់ការធ្វើដំណើររបស់សម្តេច មកកាន់ព្រឹទ្ធសភា និងប្រធានស្ថាប័ននីតិបញ្ញត្តិកំពូលមួយនេះ ។
ក្នុងមុខតំណែងប្រធានព្រឹទ្ធសភានេះ សម្តេចតេ ជោហ៊ុន សែន ក៏នឹងអាចក្លាយជាប្រមុខរដ្ឋស្តីទីផងដែរក្នុងពេលព្រះរាជអវត្តមានរបស់ព្រះមហាក្សត្រក្នុងប្រទេសកម្ពុជា ។ ដូច្នេះ សម្តេចតេជោ ហ៊ុន សែន នឹងត្រូវស្ថិតក្រោមក្រសែភ្នែកតាមដានទាំងក្នុងប្រទេស និងក្រៅប្រទេស ដូចពេលដែលសម្តេចបានធ្វើជានាយករដ្ឋមន្ត្រីពីឆ្នាំ១៩៨៥ ដល់ឆ្នាំ ២០២៣ ។
សម្តេច តេជោ ហ៊ុន សែន បានចាប់ផ្តើមអាជីពជានាយទាហានខ្មែរក្រហម ហើយក្រោយមកបានភៀសខ្លួនទៅវៀតណាម ដើម្បីបង្កើតកម្លាំងផ្តួលរំលំរបបខ្មែរក្រហមដ៏ប្រល័យពូជសាន៍ ។ ក្រោយមក សម្តេចទទួលបានការទទួលស្គាល់យ៉ាងឆាបរហ័សសម្រាប់ជំនាញដឹកនាំ និងការយកចិត្តទុកដាក់ បម្រើប្រទេសជាតិ និងប្រជាជនកម្ពុជា ។ ចំណង់ចំណូលចិត្តរបស់សម្តេចសម្រាប់សេវាសាធារណៈបាននាំឱ្យសម្តេចក្លាយជានាយករដ្ឋមន្ត្រី ឬមេដឹកនាំរដ្ឋាភិបាល ចាប់ពីឆ្នាំ១៩៨៥ ដល់២០២៣ ដោយសម្តេចបានធ្វើការដោយមិននឿយហត់ ដើម្បីសន្តិភាពស្ថេរភាពនយោបាយ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងការអភិវឌ្ឍប្រទេស ។
សម្តេចបានធ្វើការ ដើម្បីអនុវត្តគោលនយោបាយដែលជំរុញ សន្តិភាព កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ សង្គម និងស្ថិរភាពនយោបាយ ។ ការដឹកនាំរបស់សម្តេចត្រូវបានកត់សម្គាល់ដោយការប្តេជ្ញាចិត្តក្នុងការដោះស្រាយតម្រូវការរបស់ប្រជាជន និងជំរុញឱ្យមានឯកភាព និងវឌ្ឍនភាពក្នុងប្រទេស។
ក្នុងពេលជាមេដឹកនាំរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានកំចាត់អង្គការចាត់តាំងខ្មែរក្រហម និងធ្វើអោយ ប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍគួរអោយកត់សម្គាល់ដូចសព្វថ្ងៃនេះ ។ សម្តេចត្រូវបានចាត់ទុកថា ជាបិតាសន្តិភាព និងការអភិវឌ្ឍន៍ ។ «គ្មានហ៊ុនសែន គឺគ្មានសន្តិភាព និងការអភិវឌ្ឍ» នេះគឺជាអ្វីដែលគេបានលឺចេញពីមាត់អ្នកគាំទ្ររបស់សម្តេច និងប្រជាជនកម្ពុជាជាច្រើនរាប់មិនអស់ ។
ក្នុងនាមជាមេដឹកនាំរដ្ឋាភិបាលកន្លងមក គេធ្វើការកត់សម្គាល់ថា សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ទាំងយុទ្ធសាស្ត្រទន់ភ្លន់ និងកណ្តាប់ដៃដែក ដើម្បីធានាថា ប្រទេសជាតិកម្ពុជាធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវ ។ ជាមួយនឹងស្ទីលដឹកនាំបែបនេះ សម្តេចពេលខ្លះក៏ត្រូវបានសារព័ត៌មានបរទេសរិះគន់ទៅលើចំណាត់ការកណ្តាប់ដៃដែករបស់សម្តេចចំពោះអ្នកនយោបាយប្រឆាំង ។ ស្ទីលដឹកនាំរបស់សម្តេចបានធ្វើអោយសម្តេចមានរហស្សនាមថា ជា«បុរសខ្លាំង» របស់កម្ពុជា។
ក្រោយពីបម្រើការងារជាអ្នកដឹកនាំរដ្ឋាភិបាលអស់រយៈពេលជិត៤ ទស្សវត្សរ៍ សម្តេចហ៊ុន សែន នឹង ត្រូវបោះឆ្នោតជាប្រធានព្រឹទ្ធសភា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ។ ក្នុងតួនាទីថ្មីនេះ សម្តេចស្ថិតក្រោមការតាមដានជាថ្មីក្រោមក្រសែភ្នែកជាតិ និងអន្តរជាតិ ។ ដូចអ្វីដែលធ្លាប់ធ្វើសម្តេចតេជោ នឹង បង្ហាញជាថ្មីអំពីការប្តេជ្ញាចិត្តរបស់សម្តេចក្នុងការបំពេញការងារបម្រើផលប្រយោជន៍របស់ប្រជាជន និងប្រទេសកម្ពុជា ។
គេរំពឹងថា ក្នុងនាមជាមេដឹកនាំព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន នឹងបន្តបំផុសគំនិតអ្នកដទៃដោយឆន្ទៈបម្រើប្រជាពលរដ្ឋ និងការលះបង់ឥតងាករេ ដើម្បីប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង ៕
ចែករំលែកព័តមាននេះ