សោកស្តាយ! កូនដំរីស្រុកដំបូងគេតែ១ក្បាលគត់របស់ខេត្តមណ្ឌលគិរី បានស្លា.ប់ហើយ
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ កូនដំរីស្រុកដំបូងគេតែមួយក្បាលគត់របស់ខេត្តមណ្ឌលគិរី បានស្លា.ប់បាត់បង់
ខេត្តមណ្ឌលគិរី ៖ កូនដំរីស្រុកដំបូងគេតែមួយក្បាលគត់របស់ខេត្តមណ្ឌលគិរី បានស្លា.ប់បាត់បង់
ខេត្តមណ្ឌលគិរី ៖ កូនដំរីស្រុកដំបូងគេតែមួយក្បាលគត់របស់ខេត្តមណ្ឌលគិរី បានស្លា.ប់បាត់បង់ជីវិតកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បង្កឱ្យមានការសោកស្ដាយយ៉ាងក្រៃលែង ព្រោះចំនួនសត្វដំរីស្រុកដែលអ្នកភូមិចិញ្ចឹមទូទាំងខេត្តបានថយចុះយ៉ាងខ្លាំង ហើយខ្លះត្រូវបានម្ចាស់ជួលនិងលក់ទៅខាងខេត្តសៀមរាបដើម្បីបម្រើផ្នែកទេសចរណ៍។
សេចក្ដីរាយការណ៍បានឱ្យដឹងថា ជីពេជ្រ ដែលជាកូនដំរីស្រុកកាត់ព្រៃ ដ្បិតមេរបស់វាជាសត្វដំរីស្រុកចិញ្ចឹមដោយប្រជាពលរដ្ឋជនជាតិដើមភាគតិច ក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ។ចំណែកបារបស់វា គឺជាសត្វដំរីព្រៃដែលបានកៀងមេរបស់ជីពេជ្រ ចូលទៅរស់នៅក្នុងព្រៃអស់រយៈពេល២ឆ្នាំ (អំឡុងឆ្នាំ២០២០ដល់២០២២) លុះកើតបានជីពេជ្រ ទើបមេរបស់វាចូលភូមិវិញ ហើយត្រូវបានអ្នកភូមិរៀបចំពិធីស្វាគមន៍គឺ រៀបមង្គលការឱ្យមេជីពេជ្រដូចរៀបមង្គលការរបស់មនុស្ស តាមបែបប្រពៃណីបងប្អូន ជនជាតិដើមភាគតិចព្នង កាប់ក្របី សែនជ្រូក មាន់ ស្រាពាងនិងដង្វាយផ្សេងៗជាច្រើន។
យោងតាមព័ត៌មានទទួលបាន គឺកូនដំរីមួយក្បាលខាងលើបានស្លាប់កាលពីវេលាម៉ោងប្រហែល១០ យប់ថ្ងៃទី៣១ មីនា ២០២៤ នៅក្នុងអូរពងប៉ះ ចំណុចអន្លង់កងត្រូម។
សត្វដំរីងាប់នេះមាន ឈ្មោះ ជីពេជ្រ ភេទញី អាយុ២ឆ្នាំ និង២ថ្ងៃ ពុំទាន់ដឹងពីមូលហេតុនៃការស្លាប់ ដោយរង់ចាំក្រុមបសុពេទ្យមកពីសួនសត្វភ្នំតាម៉ៅ នឹងពិនិត្យរកមូលហេតុនៃការស្លាប់។
គិតត្រឹមម៉ោងប្រមាណ២រសៀលថ្ងៃទី១ មេសា ២០២៤ ស.ពកូនដំរីខាងលើត្រូវបានដឹកមកដល់គម្រោង EVP របស់អង្គការ ELIE នៅក្នុងភូមិពូត្រុំ។ ក្រោយគ្រូពេទ្យពិនិត្យសាកសពរួច គេនឹងធ្វើការបញ្ចុះ ដោយប្រើគ្រឿងចក្រដើម្បីជីករណ្ដៅ ។ តាមចាស់ទុំភូមិពូត្រុំ បានពិភាក្សាគ្នា ដោយរៀបចំពិធីសែនព្រន និងបុណ្យតាមប្រពៃណីជនជាតិភាគតិចព្នង ពិធីបុណ្យ៧ថ្ងៃ នឹងរៀចំនៅថ្ងៃ ០៩ មេសា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា មូលហេតុដែល ជីពេជ្រ ក្លាយជាកូនដំរីស្រុកតែមួយក្នុងខេត្តមណ្ឌលគិរី ព្រោះតែប្រពៃណីរបស់អ្នកភូមិ មានភាពតឹងតែងសម្រាប់ម្ចាស់ដំរី។ ពោលគឺម្ចាស់ដំរីទាំងអស់ បើចង់ឱ្យសត្វដំរីរបស់ខ្លួនអាចបន្តពូជបាន លុះត្រាតែគេរៀបចំពិធីមង្គលការដំរី ឱ្យដូចទៅនិងពិធីមង្គលការរបស់មនុស្ស តាមផ្លូវការមានចាស់ទុំដឹងឮ អ្នកភូមិអាជ្ញាធរមូលដ្ឋានចូលរួមជាភ្ញៀវកិត្តិយស ទើបគេអនុញ្ញាតឱ្យសត្វដំរីដោយញីឈ្មោលបាន។
សូមរំឮកថា កូនដំរីព្រៃមួយក្បាលត្រូវបានអ្នកភូមិប្រទះឃើញដេកងាប់ ក្នុងសភាពត្រូវរបួសដោយគ្រាប់កាំភ្លើង តាមផ្លូវធ្វើដំណើរឆ្ពោះទៅភូមិក្តោយ ក្នុងបរិវេណក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចលឹមរ៉ូយ៉ាល់ ក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៦ មករា ឆ្នាំ២០២៤ កន្លងទៅ៕
ចែករំលែកព័តមាននេះ