ទីក្រុងម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកឡាវរ៉ោហ្វ នៅក្នុងបទសម្ភាសនៅថ្ងៃសុក្រនេះ លោកថ្លែងថាផែនការសន្តិភាពដែលផ្ដួចផ្ដើមឡើងដោយអ៊ុយក្រែនគ្មានខ្លឹមសារ (pointless) ព្រោះភ្ជាប់លក្ខខណ្ឌមិនអាចទទួលយកបាន។ ឧទាហរណ៍ ការកំណត់លក្ខខណ្ឌឱ្យរុស្ស៊ីដកខ្លួនចេញពីតំបន់ដែលខ្លួនកំពុងកាន់កាប់។ លោកថ្លែងប្រាប់ទិនានុប្បវត្តិរុស្ស៊ីឈ្មោះអ៊ីសវេសត្យា (Izvestia) ថាគម្រោងរៀបចំសន្និសីទកំពូលដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែនមិនអាចជោគជ័យទៅរួចទេលុះត្រាតែកែសម្រួលឡើងវិញនូវលក្ខខណ្ឌជាមូលដ្ឋាន។ នៅក្នុងចំណោមនោះ លោកយល់ថាត្រូវអនុញ្ញាតឱ្យរុស្ស៊ីមានសិទ្ធិចូលរួម។
លោកថ្លែងថាយើងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមពិភាក្សាគ្នា។ ប៉ុន្តែមិនគាំទ្រផែនការសន្តិភាពតាមសំណើរបស់លោកហ្សេឡិនស្គីទេ។ រឿងអ្វីដែលក្រុមអ្នកនយោបាយធំៗនៅវ៉ាស៊ីនតោន ប្រ៊ុចសែល ឡុនដុន ប៉ារីស ឬប៊ែឡាំងចេះហារមាត់និយាយទៅរួចថាគ្មានជម្រើសផ្សេងទេ។ ត្រូវតែធ្វើតាមផែនការរបស់ហ្សេឡិនស្គី។ លោកឡាវរ៉ោហ្វចាត់ទុកថាមិនអាចទទួលយកបានលក្ខខណ្ឌនៃផែនការសន្តិភាពនោះដែលទាមទារឱ្យរុស្ស៊ីដកកងទ័ពចេញពីតំបន់ដែលខ្លួនកំពុងត្រួតត្រា។
សូម្បីតែតំបន់គ្រីម៉េដែលរុស្ស៊ីដាក់បញ្ចូលជាទឹកដីរុស្ស៊ីតាំងពីឆ្នាំ២០១៤ក៏ត្រូវប្រគល់ទៅឱ្យអ៊ុយក្រែនវិញដែរ ហើយឱ្យរុស្ស៊ីទទួលស្គាល់ឡើងវិញព្រំដែនអ៊ុយក្រែនឆ្នាំ១៩៩១ក្រោយពេលសូវៀតដួលរលំ។ មិនតែប៉ុណ្ណោះ នៅក្នុងផែនការសន្តិភាពនោះក៏តម្រូវឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួនទៅលើអ៊ុយក្រែនដែលចាប់ផ្ដើមពីខែកុម្ភៈ ឆ្នាំ២០២២។
សូមជម្រាបថាលោកហ្សេឡិនស្គីច្រានចោលគម្រោងចរចាណាទាំងអស់ជាមួយទីក្រុងម៉ូស្គូលើកលែងតែចរចាតាមផែនការសន្តិភាពរបស់លោក។ លោកឡាវរ៉ោហ្វថ្លែងថាលោកបានជួបមន្ត្រីរដ្ឋាភិបាល និងក្រុមអ្នកការទូតរបស់ប្រទេសស្វីសរួចហើយ។ ពួកគេធានាអះអាងប្រាប់លោកថាគម្រោងរៀបចំសន្និសីទកំពូលដើម្បីស្វែងរកសន្តិភាពនៅអ៊ុយក្រែនដែលស្វីសធ្វើជាម្ចាស់ផ្ទះនោះក៏មានចំណែកគណៈប្រតិភូរុស្ស៊ីចូលរួមដែរ ហើយត្រូវធ្វើឡើងដោយផ្អែកទៅតាមលក្ខខណ្ឌប្រាកដនិយម។
យោងតាមលោកឡាវរ៉ោហ្វ, មន្ត្រីរដ្ឋាភិបាលស្វីសយល់ថាបើគ្មានចំណែករបស់រុស្ស៊ីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនេះទេ គេក៏មិនអាចរកឃើញដំណោះស្រាយពិតប្រាកដបានដែរ។ បើមិនឱ្យរុស្ស៊ីចូលរួមនៅក្នុងសន្និសីទនេះទេមានន័យថាមិនស្មើភាពគ្នាទាល់តែសោះ (unfair)។ បើគ្មានរុស្ស៊ីចូលរួមទេ លទ្ធផលនៃកិច្ចប្រជុំមិនអាចចាត់ទុកជាបានការ។
លោកឡាវរ៉ោហ្វក៏បានមានប្រសាសន៍ផងដែរថាសំណើរបស់ប្រទេសអាមេរិក (ដែលចង់ពិភាក្សាគ្នាជាមួយរុស្ស៊ីអំពីកិច្ចព្រមព្រៀងសព្វាវុធដោយមិនផ្សារភ្ជាប់គ្នាជាមួយបញ្ហាអ៊ុយក្រែន) ហាក់ដូចជាមិនសូវសមទំនង។ លោកថ្លែងប្រាប់ទិនានុបវត្តន៍រុស្ស៊ីខាងលើនេះថាបើស្ដាប់ទៅហាក់ដូចជារឿងគួរឱ្យអស់សំណើច ហើយមិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនទេដែលត្រូវប្រកាន់យកនយោបាយការបរទេសបែបនេះ។ ធ្វើបែបនេះមានន័យថានយោបាយការបរទេសរបស់អាមេរិកអនុវត្តដោយក្រុមមនុស្សដែលមិនស្គាល់នយោបាយការទូតផងហ្នឹង៕
ប្រភព៖ Reuters
https://www.reuters.com/world/europe/russias-lavrov-tells-newspaper-that-ukraine-peace-plan-is-pointless-2024-03-29/
អត្ថបទដែលពាក់ព័ន្ធនឹងប្រធានបទនេះ
ស្វីសស្ម័គ្រធ្វើជាម្ចាស់ផ្ទះស្វែងរកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន
ចែករំលែកព័តមាននេះ