ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វីសស្ម័គ្រ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស្វែង​រក​ដំណោះ​ស្រាយ​សន្តិ​ភាព​នៅ​អ៊ុយក្រែន

3 ខែ មុន

ទី​ក្រុង​បឺន (Bern)៖​ ​ថ្មី​ៗ​នេះ ប្រទេស​ស្វីស​យល់​ព្រម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ជា​សាកល​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​សន្តិ​ភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន​។ ការ​ស្ម័គ្រ​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​តប​តាម​ការ​ស្នើ​សុំ​ពី​​ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡិន​ស្គី​ (Zelenskiy)។ កាល​ពី​ពេល​កន្លង​មក​ ស្វីស​ក្នុង​នាម​ជា​ប្រទេស​អព្យាក្រឹត​​ឥត​លម្អៀង​នៅ​ក្នុង​នយោ​បាយ​ការ​បរទេស​របស់​ខ្លួន​​ ធ្លាប់​បាន​​ធ្វើ​ជា​ទឹក​ដី​កណ្ដាល​ដើម្បី​រៀប​ចំ​សន្និ​សីទ​នានា​ដោះ​ស្រាយ​ជម្លោះ​។…

ទី​ក្រុង​បឺន (Bern)៖​ ​ថ្មី​ៗ​នេះ ប្រទេស​ស្វីស​យល់​ព្រម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ជា​សាកល​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​សន្តិ​ភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន​។ ការ​ស្ម័គ្រ​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​តប​តាម​ការ​ស្នើ​សុំ​ពី​​ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡិន​ស្គី​ (Zelenskiy)។ កាល​ពី​ពេល​កន្លង​មក​ ស្វីស​ក្នុង​នាម​ជា​ប្រទេស​អព្យាក្រឹត​​ឥត​លម្អៀង​នៅ​ក្នុង​នយោ​បាយ​ការ​បរទេស​របស់​ខ្លួន​​ ធ្លាប់​បាន​​ធ្វើ​ជា​ទឹក​ដី​កណ្ដាល​ដើម្បី​រៀប​ចំ​សន្និ​សីទ​នានា​ដោះ​ស្រាយ​ជម្លោះ​។ លើក​នេះ​ គេ​សង្ឃឹម​ថា​ស្វីស​ក៏​អាច​ជួយ​ស្វែង​រក​ដំ​ណោះ​ស្រាយ​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ​នៅ​អ៊ុយក្រែន​​ដែល​នៅ​សល់​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ​នឹង​គម្រប់​រយៈ​ពេល​ពីរ​ឆ្នាំ​ហើយ​។​

រដ្ឋាភិបាល​ស្វីស​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា «​​តប​តាម​សំណូម​ពរ​របស់​លោក​ប្រធា​នាធិប​តី​​អ៊ុយក្រែន,​​ ​ស្វីស​បាន​ឯក​ភាព​​គ្នា​ថា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ដើម្បី​បង្កើត​រូប​មន្ត​សន្តិ​ភាព​នេះ​»​។ ថ្លែង​នៅ​ចំពោះ​មុខ​​ថ្នាក់​ដឹក​នាំ​​​ស្វីស​លោក​ស្រីវីយ៉ូឡា (Viola), លោក​ហ្សេឡិន​ស្គី​មិនទាន់​បង្ហាញ​បញ្ជី​រាយ​នាម​គណៈ​ប្រតិ​ភូ​ដែល​ត្រូវ​ចូល​រួម​នៅ​ក្នុង​សន្និ​សីទ​កំពូល​លើក​នេះ​ទេ​។ ប៉ុន្តែ​លោក​​លោក​​បាន​បង្ហើប​ឱ្យ​ដឹង​ថា​អំពី​​មនុស្ស​មួយ​ចំនួន​ដែល​កំពុង​ចាប់​អារម្មណ៍​ចង់​ចូល​រួម​​។​​

លោក​ថ្លែង​ថា​យើង​បើក​ចំហ​ជា​និច្ច​ដើម្បី​រង់​ចាំ​ទទួល​ស្វាគមន៍​ប្រទេស​ទាំង​អស់​ដែល​គោរព​អធិប​តេយ្យ​ភាព​ជាតិ និង​បូរ​ណ​ភាព​ទឹក​ដី​របស់​យើង​ (អ៊ុយ​ក្រែន) ពួក​គេ​អាច​អញ្ជើញ​ចូល​រួម​បាន​ទាំង​អស់​នៅ​ក្នុង​សន្និ​សីទ​នេះ​។ ដូច្នេះ គេ​អាច​យល់​​ទាំង​អស់​គ្នា​​ថា​ប្រទេស​ណា​ខ្លះ​​អាច​ទទួល​​​បាន​ការ​អញ្ជើញ​ពី​យើង​​​​។​ យើង​ចង់​ឃើញ​វត្ត​មាន​របស់​ក្រុម​ក្លូបល​.សោស​ (Global South) ចូល​រួម​។ ជា​រឿង​សំខាន់​ដែល​យើង​ចង់​បង្ហាញ​ថា​ពិភព​​លោក​ទាំង​មូល​ប្រឆាំង​នឹង​​អំពើ​​ឈ្លាន​ពាន​របស់​រុស្ស៊ី​។ ហើយ​ពិភព​លោក​ទាំង​មូល​ប្រាថ្នា​ចង់​បាន​សន្តិ​ភាព​មួយ​ដែល​ប្រក​ប​ដោយ​យុត្តិ​ធម៌​ (លោក​ចង់​​សំដៅ​លើ​សន្តិ​ភាព​ដោយ​ស្មើ​មុខ​)​។​​

​​លោក​ហ្សេឡិនស្គី និង​លោក​ស្រី​វីយ៉ូឡា មិន​បាន​បញ្ជាក់​​​ថា​តើ​សន្និ​សីទ​កំពូល​​​នឹង​រៀប​ចំ​​នៅពេល​ណា​ ​ឬ​នៅ​​កន្លែង​ណា​ទេ​។​ គេ​គ្រាន់​តែ​ដឹង​ថា​រៀប​ចំ​នៅ​ប្រទេស​ស្វីស​។ ​ក្រុម​ការ​ងារ​នឹង​ចាប់​ផ្ដើម​ការ​ងារ​របស់ខ្លួន​​ជា​បណ្ដើរ​ៗ​​ចាប់​​ពី​ថ្ងៃ​នេះ​​ទៅ​។ លោក​ហ្សេឡិន​ស្គី​​​កំពុង​ស្ថិត​នៅ​​​ប្រទេស​ស្វីស​​​​ដើម្បី​​ជួប​ថ្នាក់​ដឹក​នាំ​​​​ធំ​ៗ​ដែល​​​ចូល​រួម​វេទិកា​សេដ្ឋ​កិច្ច​ពិភព​លោក​​នៅ​​ដាវ៉ូស (Davos)​​។

នៅ​ក្នុង​ចំណោម​អ្នក​មុខ​អ្នក​ការ​ដែល​លោក​ហ្សេឡិន​ស្គី​​ជួប​មាន​ដូច​ជា​នាយក​រដ្ឋ​មន្ត្រី​ចិន លោក​លីឆៀង (Li Qiang) ដែល​ចូល​រួម​វេទិកា​សេដ្ឋ​កិច្ច​នៅ​សប្ដាហ៍​នេះ​។ ​អ៊ុយក្រែន​ថ្លែង​ថា​បើ​បាន​ប្រទេស​ចិន​​ចូល​រួម​​នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​អ៊ុយ​ក្រែន​​ជា​ការ​​ប្រ​សើរ​​ណាស់​។ កាល​ពី​ម្សិល​មិញ លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​ប្រទេស​ចិន​ក្នុង​នាម​ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​របស់​រុស្ស៊ី​ បាន​ដើរ​តួ​នាទី​​ធំ​​នៅ​លើ​​​ឆាក​អន្តរ​ជាតិ​​។ លោកពិត​ជា​ចង់​ឃើញ​ប្រទេស​​​ចិន​ចូល​រួម​នៅ​ក្នុង​សន្និ​សីទ​នេះ​។​​

លោក​ថ្លែង​ថា​យើង​ចង់​​ឃើញ​​ប្រទេស​ចិន​ចូល​រួម​នៅ​ក្នុង​ការ​បង្កើត​រូប​មន្ត​សន្តិ​ភាព​ និង​​ចូល​រួម​​​នៅ​ក្នុង​សន្និ​សីទ​​នេះ​។ ប៉ុន្តែ​លោក​​យល់​ថា​​​អ្វីៗ​គ្រប់​យ៉ាង​មិន​មែន​អាស្រ័យ​ទៅ​លើ​​ការ​គិត​​​របស់​យើង​​នោះ​ទេ​។​ សូម​រម្លឹក​ថា​​ប្រមុខ​ដឹក​នាំ​អ៊ុយក្រែន​រូប​នេះ​ធ្លាប់​បាន​​ឱ្យ​តម្រុយ​ខ្លះ​ៗ​អំពី​រូប​មន្ត​សន្តិ​ភាព​​​ជា​លើក​ដំបូង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣​​នៅ​ពេល​​លោក​​ចូល​រួម​​កិច្ច​ប្រជុំ​ជី​ម្ភៃ (G20)។

នៅ​ក្នុង​រូប​មន្ត​សន្តិ​ភាព​នោះ លោក​ទាម​ទារ​​លក្ខ​ខណ្ឌ​​១​​ចំនួន​​៖ ទី១​- អ៊ុយក្រែន​ត្រូវ​​ទទួល​បាន​មក​វិញ​នូវ​ទឹក​ដី​ដែល​​បាត់​បង់​​​, ទី២-​ រុស្ស៊ី​ត្រូវ​តែ​ដក​កង​ទ័ព​​​ទាំង​អស់​​, ទី​៣- បិទ​បញ្ចប់​អរិ​ភាព (ឬ​ការ​យក​គ្នា​ជា​សត្រូវ​) និង​ទី​៤- រុស្ស៊ី​ត្រូវ​ដោះ​លែង​ឈ្លើយ​សឹក​ទាំង​អស់​។ ​ក្រៅ​ពី​នេះ នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​លោក​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សំណើ​នោះ​។

​​​ប៉ុន្តែ​វិមាន​ក្រឹម​ឡាំង​កាល​ពី​ថ្ងៃ​ចន្ទ​​​ច្រាន​ចោល​សំណើ​របស់​ប្រទេ​សខ្លះ​ដែល​ចង់​យក​វេទិកា​សេដ្ឋ​កិច្ច​ពិភព​លោក​នៅ​ដាវ៉ូស​ដើម្បី​ជជែក​គ្នា​អំពី​គម្រោង​ចរ​ចា​សន្តិ​ភាព​។ ក្រឹម​ឡាំង​​ថ្លែង​​ថា​​​បើ​ទុក​ជា​ប្រជុំ​ទៅ​ក៏​គ្មាន​បាន​ប្រយោជន៍​អ្វី​ដែរ​ព្រោះ​​​​រុស្ស៊ី​​នឹង​មិន​ចូល​រួម​ឡើយ​​​៕

ប្រភព៖​ Reuters
https://www.reuters.com/world/europe/ukraines-zelenskiy-wants-china-join-global-peace-summit-2024-01-15/

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ