ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥វិធីនេះ ជួយកាត់បន្ថយភាពតានតឹងយ៉ាងមានប្រសិទ្ធភាព

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ទើរតែ​គ្រប់ពេល បុគ្គល​ម្នាក់​ៗ​តែង​ជួប​បញ្ហា​តានតឹង​ក្នុង​ចិត្ត ឬ Stress ដោយ​ពុំ​ដឹង​ថា ខ្លួន​កើត​មាន​បញ្ហា​នេះ​ផង ។ ប្រការ​នេះ​អាច​ធ្វើ​ឱ្យ​លក្ខខណ្ឌ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង…

រាជធានី​ភ្នំពេញ ៖ ស្ទើរតែ​គ្រប់ពេល បុគ្គល​ម្នាក់​ៗ​តែង​ជួប​បញ្ហា​តានតឹង​ក្នុង​ចិត្ត ឬ Stress ដោយ​ពុំ​ដឹង​ថា ខ្លួន​កើត​មាន​បញ្ហា​នេះ​ផង ។ ប្រការ​នេះ​អាច​ធ្វើ​ឱ្យ​លក្ខខណ្ឌ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ហើយ​បណ្តាល​ឱ្យ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​កើតឡើង​ក៏​មាន ។

ជាក់ស្តែង ថ្ងៃនេះ​លោក នឹម ឈុ​ន្នី គ្រូ​ប​បង្ហាត់​ការ​ធ្វើ​សមាធិ​ម្នាក់​បាន​ឲ្យ​នៅ​លើ​បណ្តាញ​សង្គម​ថា ស្ត្រេ​ស ឬ​ភាព​តានតឹង គឺជា​ហេតុផល​ចម្បង​មួយ​ក្នុង​ចំណោម​ហេតុផល​ដទៃ​ទៀត​ដែល​កើត​មាននៅ​កន្លែង​ការងារ ឬ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។

ជា​ការ​ពិត​ណាស់ ការ​បំបាត់​ភាព​តានតឹង​មិនមែន​ជា​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ ។ ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា និង​ការ​យកចិត្តទុកដាក់​ដ៏​ពេញលេញ​ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ ។ នៅ​ក្នុង​សំ​នេ​រ​ដ៏​ខ្លី​មួយ​នេះ​ខ្ញុំ​សុំ​ចែករំលែក​នូវ​គន្លឹះ សាមញ្ញ​ៗ​ទាំង​០៥ ដែល​មាន​ប្រសិទ្ធភាព​ដល់​បងប្អូន​ទាំងអស់​គ្នា !

១. ដង្ហើម
បិទ​ភ្នែក​របស់​អ្នកមួយ​ភ្លែត ដកដង្ហើម​ចូល​តាម​ច្រមុះ​របស់​អ្នក ទប់​វា​រយៈពេល​ពីរ បី​វិនាទី បន្ទាប់​មក​សម្រួល ដង្ហើមចេញ​។ ហើយ​ដកដង្ហើម​ចេញចូល​តាម​ច្រមុះ​របស់​អ្នក​ដោយ​សង្កេត​ទៅ​លើ​ចលនា​ខ្យល់ ដោយ​គិត​ក្នុង ចិត្ត​ថា «​ខ្ញុំ​ដកដង្ហើម​ចូល​ដោយ​ការ​ព្យាបាល ដកដង្ហើម​ចេញពី​ភាព​តានតឹង​» សារ​ចុះ​សារ​ឡើង​ៗ​។

២. ដឹងគុណ
ការ​ដឹងគុណ​ប្រៀប​ដូច​ជា​ឱសថ​ជួយ​ឱ្យ​យើង​បន្តដំណើរ​ទៅ​មុខ​ប្រកបដោយ​ថាមពល​វិជ្ជមាន ។ បើក​ចិត្ត​រីករាយ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ហើយ​រៀន​រីករាយ​ជាមួយ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ ។

៣. ធ្វើ​លំ​ហាត់ប្រាណ
អារម្មណ៍​ស្ត្រេ​ស​ពេល​ខ្លះ​អាច​កើតឡើង​នៅ​ពេល​រាង​កាយ​របស់​យើង​ពោ​ពេញ​ដោយ​ថាមពល​អវិជ្ជមាន ដូច្នេះ ហើយ​នៅ​ពេល​យើង​ធ្វើ​លំ​ហាត់ប្រាណ វា​ធ្វើ​ឱ្យ​ខួរក្បាល​និង​រាង​កាយ​របស់​យើង ប្រែ​ត្រឡប់​ថាមពល អវិជ្ជមាន ទៅ​ជា កម្លាំង​វិជ្ជមាន​និង​បង្កើន​តុល្យភាព​ក្នុង​ខ្លួន​។ ដូច្នេះ​ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ភាព​តានតឹង​ខ្លាំង​អ្នក​ត្រូវ​ចំណាយពេល ៣-៥​នាទី​សម្រាប់​សម្រួល​ថាមពល​។ ដោយ​ក្រោកឈរ​រៀង​រាល់ ១-២​ម៉ោង​ម្ដង ហើយ​លាតដៃ និង​ជើង​របស់​អ្នក​ដើម្បី​សម្រួល​សាច់ដុំ និង​សម្ពាធ​ឈាម​។

៤. សមាធិ
សមាធិ​ជួយ​ឱ្យ​អ្នកមាន​សមត្ថភាព​រស់នៅ​ជាមួយ​បច្ចុប្បន្ន ហើយ​រៀន​ស្គាល់​ខ្លួនឯង​បាន​ច្រើន​ជាង​មុន​។ មូលហេតុ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ភាគច្រើន​មាន​ភាព​តានតឹង​កើតឡើង​ញឹកញាប់​ដោយសារ​តែ​ចូល​ចិត្តរ​ត់ទៅ​រក​អតីតកាល និង​អនាគត ដូច្នេះ​ហើយ​សមាធិ​អាច​ជួយ​ឱ្យ​អ្នក​បាន​រស់នៅ​ផ្ទះ​ខ្លួនឯង​ខ្លះ (​បច្ចុប្បន្ន​)​។

៥. បង្កើន​ទម្លាប់​គិត​ពី​វិជ្ជមាន
ជា​ការ​ពិត​ណាស់​នៅ​ពេល​អ្នកមាន​អារម្មណ៍​ធុញថប់ ឬ​តានតឹង​វា​ពិតជា​ពិបាក​ក្នុង​ការ​គិត​អំពី​វិជ្ជមាន​។ ហើយ​ខ្ញុំ ក៍​មិន​បាន​ប្រាប់​ថា​មិន​ឱ្យ​ពិបាកចិត្ត ឬ​តានតឹង​ដែរ ព្រោះ​ទាំងនេះ​ជា​រឿង​របស់​ជីវិត ហើយ​វា​ក៏​ជា បញ្ហា​របស់​មនុស្ស​ផង​ដែរ​។

នៅ​ពេល​អ្នកមាន​អារម្មណ៍​តានតឹង ឬ​ធុញថប់ ចូរ​ចំណាយពេល​បន្តិច​ដើម្បី​ផ្តោតអារម្មណ៍​ទៅ​លើ​គំនិត​រីករាយ​។ ដូច​ជា ៖ មើលរូប​ភាព​អនុស្សាវរីយ៍​ល្អ​ៗ​កាល​នៅ​ពី​កេ្ម​ង នឹក​ដល់​សេចក្ដី​ល្អ​ដែរ​យើង​បាន​ធ្វើ​ចំពោះ​អ្នក​ដទៃ ស្ដាប់​ចម្រៀង ឬ​ភ្លេង​ដែល​ខ្លួន​ពេញចិត្ត ផ្ងើ​សារ​ទៅ​កាន់​មនុស្ស​ជាទី​ស្រលាញ់​ហើយ​បញ្ជាក់​ពី​ក្ដី​ស្រលាញ់​ដែល​យើង​មាន​ចំពោះ​ពួក​គាត់ ក្នុង​នាម​ជា​កូន ឪពុក​ម្ដាយ ជា​មិត្ត​ភ័ក្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ