កម្ពុជាត្រូវបានគេដឹងថា គឺជាដែនដីមួយនៅលើពិភពលោក ដែលសម្បូរទៅដោយប្រភពទឹកសាបដែលជាប្រភពនៃជីវិតមនុស្សជាតិ រុក្ខជាតិ និងសត្វជាច្រើនប្រភេទ។ ប៉ុន្តែនៅក្នុងមួយឆ្នាំតួលេខបានបង្ហាញថា កម្ពុជានាំចូលទឹកសម្រាប់ពិសារដល់ទៅជាង២០០លានដុល្លារ ។ នេះគឺជាបរិ មាណនៃការនាំចូលដ៏ច្រើនលើសលុប ហើយប្រសិនបើមិនឃើញតួលេខដែលចេញដោយស្ថាប័នត្រឹមត្រូវក៏ពិបាកនឹងជឿដែរ ។
តាមស្ថិតិដែលចងក្រងដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា នៅក្នុងមួយឆ្នាំ ប្រទេសកម្ពុជាដែលមានប្រជាពលរដ្ឋប្រមាណជា១៧លាននាក់ និងទេសចរបរទេសចេញចូលប្រមាណជា៥,៤៥លាននាក់ គឺបានចំណាយប្រាក់យ៉ាងច្រើនលើការទិញទឹកយកមកពិសា ។
ស្ថិតដែលចងក្រងដោយ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជានេះបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅកម្ពុជានាំចូលទឹកពិសាចូលមកបម្រើសេចក្តីត្រូវការ នៅក្នុង ចំនួនសរុបជិត២៤០ លានដុល្លារ ។
ចំនួននេះ ថ្វីដ្បិតតតែធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំ២០២២ក៏ដោយចុះ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ដោយក៏បរិមាណគឺនៅតែច្រើន ។ ស្ថិតិបានបង្ហាញថា ការនាំចូលទឹកពិសា កាលពីឆ្នាំ២០២២គឺមានតម្លៃសរុបជិត២៤៧លានដុល្លារ ថយចុះប្រមាណជាជាង៧លានដុល្លារ ឫជិត៣ភាគរយ ។
បរិមាណនៃការនាំចូលទឹកពិសារបស់កម្ពុជាច្រើនមែន ខណៈដែលនៅក្នុងស្រុកយើងវិញក៏សម្បូរផលិតផលទឹកពិសារនេះជាច្រើនផងដែរ។ ដូច្នេះសក្តានុពលនៃទឹកពិសារជាជាតម្រូវក៏ដ៏ធំមួយស្របពេលដែលនៅកម្ពុជាប្រភពទឹកមានច្រើនណាស់។
កម្ពុជានៅពេលនេះត្រូវបានគេដឹងថា មានទន្លេធំ៤ គឺទន្លេមេគង្គលើ ទន្លេមេគង្គក្រោម បាសាក់ និងទន្លេសាប ។ ក្រៅពីនោះកម្ពុជានៅមានដៃទន្លេធំៗនៅភូមិភាគឥសាន្ត ដូចជាសេកុង ស្រែពក និង សេកុង ជាដើម ។ នោះគេនៅមិនទាន់រាប់ចូលនូវស្ទឹង បឹងបួរ និង ប្រព័ន្ធធារាសាស្ត្រដែលសុទ្ធតែជាប្រភពទឹក ដ៏ប្រសើរសម្រាប់បម្រើសេចក្តីត្រូវការផ្សេងៗគ្នា របស់ប្រជាពលរដ្ឋ ហើយក៏មិនគិតថា ទំហំនាំចូលទឹកពិសាស្រុកយើងមានតម្លៃ ដ៏ច្រើនសន្ធឹក សន្ធាប់បែបនេះ ។
ផ្អែកតាមសក្តានុពលនេះហើយដែលយើងមើលរំលងហើយមិននឹកស្មានទាល់តែសោះថា នៅក្នុងមួយឆ្នាំៗយើងទាំងអស់គ្នាចំណាយច្រើនបែបនេះទិញទឹកទទួលទាន ។ នៅក្នុងលក្ខខណ្ឌដែលស្រុកយើងមានប្រភពទឹកច្រើនបែបនេះ យើងគួរតែពង្រឹងការផលិត និងចែកចាយនៅក្នុងស្រុកជាជាងឫប្រសើរជាងការនាំចូលដ៏ច្រើនបែបនេះ ។
យើងគិតថា បរិមាណនៃការនាំចូលដ៏ច្រើនបែបនេះគឺជាការខាតបង់សេដ្ឋកិច្ចមួយ នៅក្នុង ពេលដែលយើងមានធនធានស្រាប់ ដូច្នេះគួរតែបង្កើនផលិតកម្មទឹកស្អាតនិងទឹកពិសារ អោយត្រូវស្តង់ដានឹងផលិតផលនាំចូល ។ ការបង្កើតផលិតកម្មនេះនឹងជួយពង្រឹងសមត្ថភាពផ្គត់ផ្គង់នៅក្នុងស្រុកហើយ នោះ ក៏នៅ អាចជួយបង្កើតការងារធ្វើដល់ពលរដ្ឋបានមួយចំណែក ។
ក្រៅពីនោះវាក៏ជាកត្តាមួយដែលអាចនឹងជួយកាត់បន្ថយនូវការនាំចូលវត្ថុដែលបំពុលបរិកាស ជាពិសេសគឺដបផ្លាស្ទិក ដែលមកដល់ពេលនេះក្រសួងបរិស្ថានកំពុងតែធ្វើយុទ្ធនាការលើ បញ្ហានេះដើម្បីធ្វើយ៉ាងណាកាត់បន្ថយការបំពុលបរិយាកាសនិងបរិស្ថាននៅក្នុងប្រទេស ។
សរុបមកវិញការវិនិយោគនៅលើផលិតកម្មទឹកពិសានៅក្នុងស្រុកគួរតែត្រូវយកចិត្តទុកដាក់ ហើយដោយឡែកពលរដ្ឋដែលប្រើប្រាស់ក៏គួរតែជ្រើសរើសផលិតផលនៅក្នុងស្រុក ដើម្បីជួយសេដ្ឋកិច្ចជាតិ ហើយក៏ជាផ្នែកមួយដែលជួយដល់ការសម្អាតបរិស្ថាន និង ផ្តល់ការងារធ្វើ ដល់ពលរដ្ឋយើងបន្ថែមទៀតផងដែរ។ ដោយ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ