សារព័ត៌មានវៀតណាមបានឲ្យដឹងថា ហាងឆេងមាសនៅវៀតណាម នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅបន្តមានការកើនឡើង ខណៈដែលនៅកម្ពុជាឡើងដែរគឺឡើងតិចតួចបំផុត ។
សារព័ត៌មាន VN Express បានរាយការណ៍ថា តម្លៃមាសដែលប្រកាសលក់ដោយក្រុមហ៊ុន Saigon Jewelry Company មានតម្លៃពី៨៤,៣លានដុងទៅ៨៦,៥លានដុង ពោលគឺប្រមាណជាព៣.៣២០ដុល្លារ ទៅ៣.៤០០ ដុល្លារនៅក្នុងមួយតម្លឹង ។

ប្រភពដដែលបានអះអាងថា តម្លៃនេះ គឺជាតម្លៃខ្ពស់បំផុតទោះបីជាមកដល់ពេលនេះ អាជ្ញាធរវៀតណាមបានរៀបចំដាក់ដេញថ្លៃមាសជាបន្តបន្ទាប់កន្លងមកនៅក្នុងគោលបំណងទប់ស្កាត់ការឡើងថ្លៃមាស ដែលខ្ពស់ហួសពីទីផ្សារអន្តរជាតិទៅទៀតក៏ដោយ ។ តម្លៃមាសនៅវៀតណាមហើមខ្លាំងណាស់ នៅក្នុងមួយរយៈពេលនេះ ខណៈដែលនៅកម្ពុជា យើងវិញតម្លៃមាសមានការប្រែប្រួលដែរតែនៅក្នុងកម្រិតតិចតួចបំផុត ។

ហាងឆេងមាសនៅកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែឧសភា តម្លៃមាសគីឡូដែលលក់ ចេញ មានតម្លៃត្រឹមតែ២.៧៨០ដុល្លារប៉ុណ្ណោះនៅក្នុងមួយតម្លឹង ហើយនៅថ្ងៃទី០៦ ខែឧសភាវិញ គឺវាបានឡើងបន្តិចពោល គឺត្រឹមតែ២.៧៩០ដុល្លារប៉ុណ្ណោះនៅក្នុងមួយតម្លឹង ។

អ្នកលក់មាសនៅផ្សារកណ្តាលមូយរូបបានឲ្យដឹងថា ជាទូទៅតម្លៃមាសនៅកម្ពុជា គឺគោរព ទៅតាមតម្លៃនៃទីផ្សារអន្តរជាតិ និងតាមគុណភាពនៃមាស ។ ដោយសារតម្លៃមាសប្រែប្រួលខ្លាំង វាបានធ្វើអោយមនុស្សមួយចំនួននៅកម្ពុជារកស៊ីទិញលក់មាស ដើម្បីបានផលចំណេញ ។ ប៉ុន្តែអ្នកជំនាញបានទាក់ទាញអោយមានការប្រុងប្រយ័ត្ននៅក្នុងការរកស៊ីជាមួយហាងឆេងមាសនេះ ដើម្បីចៀសវាងកុំអោយរកស៊ីខាត ។
ថ្វីត្បិតតែហាងឆេងមាសឡើងក្តី ប៉ុន្តែការលក់ចេញក៏វាមិនស្រួលប៉ុន្មានដែរ ដោយគេ សង្កេត ឃើញថា ហាងមាសមួយចំនួនច្រើនតែបង្អាប់តម្លៃ នៅពេលមានអ្នកយកមាសទៅលក់ដូរ យុកលុយដុល្លារឬរៀល ។
ចំណែកកន្លែងលកមាសមួយចំនួនទៀត គឺមិនទទួលទិញមាសពីអ្នកដែលបានទិញមាសពីកន្លែងផ្សេងយកមកលក់អោយកន្លែងរបស់ខ្លួនឡើយ ។ ដូច្នេះសូមបងប្អូនប្រយ័ត្ន ហើយកុំឆាប់ហក់ចូលឡេងហាងឆេងមាសនេះ៕

ចែករំលែកព័តមាននេះ