ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តី​១ឃ្លា​របស់​តារា​ថៃ​ជេន​នី ហាក់​បញ្ឆេះ​កំហឹង​​​ទៀតហើយ​រឿង​ទឹកដី​អង្គរវត្ត

1 អាទិត្យ មុន

តារា​ថៃ​ត្រូវ​ប្រយ័ត្ន​ពាក្យ​សម្តី ពេល​និយាយ​រឿង​វប្បធម៌ បើ​មិន​ចង់​ខាតបង់​ធ្ងន់ធ្ងរ ។ មិន​ថា អ្នកជា Idol ឬកំពូល​តារា​ល្បី​កំរិត​ណា​ទេ តែ​កុំ​ព្យាយាម​បន្លំ​ថា ទឹកដី​អង្គរ​ជា​កម្មសិទ្ធិ​របស់​អ្នក…

តារា​ថៃ​ត្រូវ​ប្រយ័ត្ន​ពាក្យ​សម្តី ពេល​និយាយ​រឿង​វប្បធម៌ បើ​មិន​ចង់​ខាតបង់​ធ្ងន់ធ្ងរ ។ មិន​ថា អ្នកជា Idol ឬកំពូល​តារា​ល្បី​កំរិត​ណា​ទេ តែ​កុំ​ព្យាយាម​បន្លំ​ថា ទឹកដី​អង្គរ​ជា​កម្មសិទ្ធិ​របស់​អ្នក ​។ តែ​យ៉ាង​ណាមិញ ក្រោយ​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់ តារា​ស្រី​ជេន នី ក៏បានប្តូរ​ខេ​ប​សិនវិញ​​ហើយ​ ។

​កំពូល​តារា​សម្តែង​ថៃ​ស្រី​ល្បីឈ្មោះ អ្នក​នាង ជេ​នី ធៀន​ផូ​សុវណ្ណ (Janie Tienphosuwan ) មួយ​រយៈ​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ឃើញ​ថា ហាក់​មាន​សន្ទុះ​ទីផ្សារ​កា​ងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឱ្យ​នាង​ឧស្សាហ៍​ចេញចូល​កម្ពុជា​ជា​ញឹកញាប់ និង​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​កម្ពុជា​។

ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៤ តារា​ថៃ​រូប​នេះ បែ​រជា​បង្ក​ឱ្យ​មានរឿង​ចម្រូងចម្រាស និង​រង​ប្រតិកម្ម​យ៉ាង​ចាស់ដៃ​ពីសំណាក់​អ្នកលេង​បណ្តាញ​សង្គម​នៅ​ស្រុក​ខ្មែរ ក្រោយ​ពី​នាង​បង្ហាញ​វត្តមាន​ដ៏​កម្រ​នៅ​លើ​ទឹកដី​អង្គរ​ដ៏​អ​ច្ឆិ​រយៈ​របស់​កម្ពុជា ប៉ុន្តែ​បែ​ជា​និយាយ​ក្នុង​ន័យ​ថា «បាន​មក​ដល់​ទឹកដី​ដែល​ជា​កម្ម​សិទ្ធិ​​របស់​ខ្លួន​ទៅ​វិញ» ​។

ដើមហេតុ​ដែល​នាំ​ឱ្យ​អ្នក​រិះគន់​ដូច​ទឹកបាក់​ទំនប់​លើ​តារា​ស្រី ជេន​នី គឺ​ក្រោយ​ពី​នាង​បាន​បង្ហោះ​វី​ដេ​អូ​មួយ​ឃ្លី​ប​នៅ​លើ​បណ្តាញ​សង្គម Instagram ឬ​ហៅ​កាត់​ថា IG បង្ហាញ​ពី​សកម្មភាព​ដើរ​ទស្សនា​ប្រាសាទបុរាណ​នានា​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ជាមួយនឹង Caption ថា «​ដល់​កន្លែង​ដែល​ជា​កម្ម​សិទ្ធិ​យើង .Up where we belong» ។

Caption មួយ​ឃ្លា​នេះ ត្រូវ​បាន​ចាត់​ទុក​ថា ជាស​ម្តី​បញ្ឆេះ​កំហឹង​ពលរដ្ឋ​ខ្មែរ ព្រោះតែជនជាតិ​ថៃ​ជាតិ​ជ្រុលនិយម​មួយ​ចំនួន​ធំតែងតែ​ចិញ្ចឹមចិត្ត​ទាមទារ​ថា ប្រាសាទអង្គរវត្ត និង​ខេត្តសៀមរាប​របស់​កម្ពុជា គឺជា​កម្ម​សិទ្ធ​របស់​ថៃ​ទៅ​វិញ​។

ជាក់ស្តែង បើ​ថាតារា​ថៃ ជេ​នី ជា​កូនកាត់​ខ្មែរ​-​ថៃ ក៏​មិន​អី​នោះ​ទេ ប៉ុន្តែ​នាង​គឺជា​កូនកាត់​ថៃ​-​អា​មេ​រិ​ក ដូចនេះ​ តើ​នាង​ជា​ម្ចាស់​កម្ម​សិទ្ធិនៃប្រាសាទអង្គរវត្ត​តាំងពី​ពេល​ណា​មក? វី​ដេ​អូ​នោះ​ត្រូវ​បាន​មហា​ជន​ខ្មែរ​ចូល​ទៅ​រិះគន់ និង​បង្ហាញ​ការ​ខកបំណង ដែល​កន្លង​មក​ខ្លួន​ធ្លាប់តែ​គាំទ្រ ​និង​ស្វាគមន៍​តារា​ស្រី​រូប​នេះ ហើយ​ទាមទារ​ឱ្យ​នាង​លុប ឬ កែប្រែ Caption មួយ​ឃ្លា​ជា​បន្ទាន់​។

ក្នុង​ចំណោម​នោះ​ ក៏​មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​សម្តែង​ការ​ខឹងសម្បារ និង​ហួសចិត្ត ដោយ​ផ្តាំ​ឱ្យ​ជេ​នី ប្រយ័ត្ន​សម្តី​របស់​ខ្លួន​ដោយ​ខម​មិន​នៅ​លើ​វី​ដេ​អូ​នោះ​ថា «​សូម​គោរព​ម្ចាស់​ទឹកដី​ផង​អាយ​ដល គួរ​ដឹង​របស់​ខ្មែរផង​ណា ស្រួលបួល​តិច ប្រយ័ត្ន​អ្នកតា​កាច់ មក​លេង​ប្រទេស​គេ​ហើយ ហេតុ​អ្វី​សម្តី​បាន​ម្ល៉េះ ជា​របស់​នាង​តាំងពី​ពេល​ណា? ចង់​លួច​រហូត ទាល់តែ​ចូល​រណ្តៅ​មែន ទើប​ពួក​នាង​ឯង​ឈប់​ធ្វើ​ជា​ចោរ?

ក្នុង​ចំណោម​នោះ យើង​ចាប់អារម្មណ៍​ទៅ​លើ​ការ​បញ្ចេញមតិ​របស់​គណនី​មួយ​ដែល​មានឈ្មោះ​ថា lani viraian ដែល​បាន​រៀបរាប់​ទាំងស្រុង​លើ​រឿង​នេះ​យ៉ាង​ដូច្នេះ​ថា « បន្ទាប់​ពី​បាន​អាន​មតិ​មួយ​ចំនួន​រួច​មក នេះ​គឺ​សម្រាប់​សាធារណជន​ទូទៅ​។ បើ​អ្នក​មក​ដោយ​ចេតនា​ល្អ និង​បេះដូង​បរិសុទ្ធ កម្ពុជា​ស្វាគមន៍​អ្នក ដូចដែល​យើង​តែងតែ​ស្វាគមន៍ និង​រួសរាយ​រាក់ទាក់​ដាក់​មនុស្ស​ទូទៅ​គ្រប់​គ្នា​។ យើង​ជឿ​លើ​ផល និង​កម្ម​។ ដូច្នេះ​យើង​នឹង​តបស្នង​ចំពោះ​អ្វី​ដែល​អ្នក​ធ្វើ​មក​លើ​ពួក​យើង​។

ប្រា​សាទអង្គរវត្ត និង​ប្រាសាទ​ជា​ច្រើន​ទៀត ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ សុទ្ធ​ត្រូវ​បាន​សាងសង់​បុព្វបុរស​របស់​យើង ប៉ុន្តែ​សួរ​ថា តើ​ប្រជាជន​ថៃ​ព្រម​ទទួលយក​ដែរ​ឬទេ​ដែល​ថា ពួក​យើង​មាន​ដូនតា​តែ​មួយ? ប៉ុន្តែ​គឺ​អត់​ទេ​។ ជា​ទូទៅ ថៃ​មើលងាយ​ខ្មែរ ហើយ ចាត់​ទុក​ខ្មែរ​ថា​ អន់​ជាង​ថៃ ហើយ​ប្រទេស​ទាំង​ពីរ​មាន​ប្រធានបទ​ចម្រូងចម្រាស​នឹង​គ្នា​ច្រើន​។ ដូច្នេះ ​អ្នក​គួរ​យល់​ថា ហេតុ​អ្វី​បានជា​ខ្មែរ​ក្តៅក្រហាយ​ទៅ​នឹង​នេះ ព្រោះ​ពួក​យើង ស្រឡាញ់​អ្វី​ដែល​ជា​របស់​យើង ដូច​គ្នា​ដែល​អ្នក​ស្រឡាញ់​អ្វី​ដែល​ជា​របស់​អ្នក​។​»

យ៉ាងណា​ក៏​ដោយ ក្រោយ​ពី Caption ខាងលើ​ទទួល​រង​ការ​រិះគន់ ប្រហែល​២​ម៉ោង​ក្រោយមក គេ​ឃើញ IG របស់​តារា​ស្រី ជេ​នី បាន​ប្តូរ​មក​ដាក់​ខ្លី​ដោយ​សរសេរ​ជា​ភាសារ​ខ្មែរ​ថា «​អង្គរវត្ត​»​។ សូម​ជម្រាប​ផង​ដែ​ថា ក្នុង​ដំណើរ​ទៅ​កាន់​ទឹកដី​អង្គរ ខេត្តសៀមរាប របស់​តារា​ស្រី​ថៃ ជេ​នី ត្រូវ​បាន​នាំ​ផ្លូវ​ដោយ​តារា​ប្រុស​ស្រី​ល្បី​របស់​កម្ពុជា គឺ​លោក ខាត់ វ៉ៃ​ហាំ និង កញ្ញា ស៊ី​ន យូ​ប៊ី​ន ផង​ដែរ​៕​