ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំងពីដូនតាមក តំបន់នេះមិនដែលមានស្ពានទេ ពលរដ្ឋស្រុករមាសហែក៤ឃុំ ចង់បានស្ពានមួយ

2 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន ក្នុងឃុំចំនួន៤នៃស្រុករមាសហែក បាន

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន ក្នុងឃុំចំនួន៤នៃស្រុករមាសហែក បានបង្ហាញពីបំណងចង់បានស្ពានដែកបេឡេត៍មួយ សម្រាប់ធ្វើដំណើរឆ្លងទន្លេបាត់ត្រាស់ ដែលកន្លងមកពួកគាត់ធ្វើដំណើរដោយឆ្លងទូកដ ក្នុងម៉ូតូ១គ្រឿងមនុស្សម្នាក់តម្លៃ២.០០០រៀល ទៅមកអស់៤.០០០រៀល បើមនុស្សម្នាក់១.០០០រៀល ។

ប្រជាពលរដ្ឋបានលើកសំណូមពរចង់បានស្ពានបេឡេត៍នេះ នៅព្រឹកថ្ងៃទី១៨ ឧសភា២០២៤ នៅកំពង់ចម្លងបាត់ត្រាស់ ភូមិបាត់ត្រាស់ ក្នុងឃុំដូង ស្រុករមាសហែក ។ បើតាមប្រជាពលរដ្ឋរស់នៅភូមិរវាំង ឃុំគគីរ ស្រុករមាសហែក បានប្រាប់អ្នកសារព័ត៌មានថា កំពង់ចម្លងបាត់ត្រាស់នេះ មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងទូកដនេះច្រើនណាស់ គឺមកពីភូមិចំនួន២០ក្នុងឃុំចំនួនបួន គឺឃុំដូង ឃុំគគីរ ឃុំត្រស់ និងឃុំអំពឹល ។ អ្នកស្រុកថា តាំងពីដូនតាមក តំបន់នេះមិនដែលមានស្ពានទេ ថ្នាក់លើហាក់ដូចមើលមិនឃើញពីការលំបាករបស់ប្រជាពលរដ្ឋសោះ ។

អ្នកធ្វើដំណើរឆ្លងតាមកំពង់ចម្លងបាត់ត្រាស់នេះ រួមមានកម្មករ-កម្មការិនីទៅធ្វើការរោងចក្រនៅក្រុងបាវិត ខ្លះនៅស្រុកស្វាយទាប ខ្លះទៅធ្វើការនៅតាមចម្ការនៅប្រទេសវៀតណាម ព្រឹកទៅល្ងាចមកវិញ ហើយអ្នកខ្លះរកស៊ីផ្លាស់ប្ដូរទំនិញ បន្លែ និងត្រីសាច់ជាដើម អ្នកខ្លះត្រូវឆ្លងទៅទិញទំនិញនៅផ្សាររមាសហែក ត្រូវឆ្លងទូកដទៅមកត្រូវចំណាយប្រាក់អស់យ៉ាងតិច៤.០០០រៀលប្រចាំថ្ងៃ ។

ប្រជាពលរដ្ឋបាននិយាយថា កន្លងមកប្រជាពលរដ្ឋធ្លាប់បានស្នើសុំដល់អាជ្ញាធរឃុំ-ស្រុកជាច្រើនលើកមកហើយចង់បានស្ពានមួយ ក៏ប៉ុន្តែគ្មានចម្លើយ ។ ទាក់ទិនករណីនេះដែរ មិនអាចសុំការបំភ្លឺពីលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានទេ ទូរសព្ទចូលហើយគ្មានអ្នកទទួល ។

ខណៈនោះដែរ ប្រជាពលរដ្ឋបានអំពាវនាវសុំសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដេចធិបតី មេត្តាជួយផ្តល់ស្ពានបេឡេត៍មួយឆ្លងទន្លេបាត់ត្រាស់ (ភូមិរវាំង ឃុំគគីរ និងភូមិបាត់ត្រាស់ ឃុំដូង) ប្រវែងប្រមាណ៧០ម៉ែត្រ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនធ្វើដំណើរទៅប្រកបមុខរបរ និងធ្វើការងារបានងាយស្រួល ដោយមិនចាំបាច់ចំណាយប្រាក់ដែលមិនចាំបាច់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ