ខេត្តកំពត ៖ លោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត និងត្រូវបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ជាផ្លូវការហើយ ក្រោយរកឃើញថា មានការពាក់ព័ន្ធជាមួយគ្រឿងញៀន ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ការបណ្ដេញអធិការរងក្រុងកំពតម្នាក់នេះចេញពីក្របខ័ណ្ឌនគរបាលជាតិ នៅពេលនេះ គឺជាសារសម្រាប់ដាស់តឿនដល់កម្លាំងដទៃទៀត ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងធ្វើជានគរបាលល្អ សម្រាប់បម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។
គួររំលឹកថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តកំពត បានគោរពស្នើសុំគោលការណ៍ ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះលោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ដែលបានពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន និងបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសកងកម្លាំងនគរបាលជាតិ ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានចាត់ទុកថា ការបណ្ដេញអធិការរងម្នាក់ចេញពីក្របខ័ណ្ឌ ប្រៀបដូចជាសារព្រមានដល់កងកម្លាំងទាំងអស់ នៃស្នងការរដ្ឋាននគរបាលខេត្តកំពត ដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀន ។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅសាលប្រជុំស្នងការដ្ឋាន បានដំណើរការធ្វើតេស្តត្រួតពិនិត្យរកសារធាតុញៀន ដល់មន្ត្រីនគរបាលទូទាំងខេត្ត។ ដោយចាប់អនុវត្តពីមន្ត្រី នៅក្នុងការិយាល័យជំនាញជាមុន រួចហើយបន្តរហូត ដល់មន្ត្រីនៅអធិការដ្ឋាននគរបាលទាំង ៩ ក្រុង ស្រុក ទូទាំងខេត្តកំពត ៕
ចែករំលែកព័តមាននេះ